អ្នកនាងគង់ សុជាតិ បានធូរស្រាលពីជំងឺហើយ ដោយគ្រាន់តែចេញពីពេទ្យភ្លាម ពិធីការិនីរូបនេះបានដឹកដៃស្វាមីរបស់នាង លោកជា វិបុល ទៅស្រូបយកខ្យល់ឱកាសនៅឆ្នេរកោះរ៉ុង ខេត្តព្រះសីហនុ ភ្លែតតែម្ដង ដែលជាការឹតបន្ថែមនូវរសជាតិស្នេហ៍ឲ្យវិលមករកភាពផ្អែមល្ហែមឡើងវិញ។

សុជាតិ កាន់ដៃវិបុល រត់លេងលើឆ្នេរដូចគូស្នេហ៍យុវវ័យ ហើយពួកគេបានឱបថើបគ្នាទៅវិញទៅមកយ៉ាងមានសេចក្ដីសុខ។ នេះមិនមែនជាការចៃដន្យឡើយ ដែលសុជាតិ នាំប្ដីទៅសាសងស្នេហ៍លើឆ្នេរសមុទ្រប៉ះខ្យល់ត្រជាក់កាយា នាំឲ្យពួកគេកាន់តែឱបគ្នាមិនចង់ព្រលែងនោះ ប៉ុន្តែដំណើរកម្សាន្ដរបស់អ្នកនាង កាលពីដើមខែមិថុនា នេះជាការត្រៀមទុកជាមុន ព្រោះថាពេលនេះចំណងស្នេហាអ្នកទាំង២ ហាក់ល្អក់កករខ្លាំងណាស់ នៅរយៈពេលចុងក្រោយនេះ អីចឹងហើយមិនអាចពន្យារពេលរឹតចំណងស្នេហ៍ឡើងវិញបានតទៅទៀតទេ គឺត្រូវតែរកឱកាសនេះដើម្បីបង្ហាញឲ្យគ្រប់គ្នាដឹងថា ប្ដីប្រពន្ធនាងនៅតែល្អូកល្អិនគ្នាដូចដើម។

គង់ សុជាតិ បានថ្លែងសារនៅលើកោះរ៉ុង អមដោយរូបថើបប្ដីថា ”បងគឺជាមនុស្សតែម្នាក់ដែលស្រលាញ់អូន”។
មហាជនបានកត់សម្គាល់ថា ការព្យាយាមធ្វើឲ្យចំណងស្នេហាវិលមករកភាពដូចដើមវិញ របស់គង់ សុជាតិ នៅពេលនេះ ចំពេលដែលមុននេះដំណឹងថា ប្ដីរបស់នាង លោកជា វិបុល បានលួចទៅបង្កាត់ភ្លើងស្នេហាជាមួយដៃគូ ចាន់ កែវនិមល រហូតធ្វើឲ្យថៅកែហង្សមាស បង្ខំចិត្តបំបែកពួកគេទាំង២ លែងឲ្យធ្វើពិធីការិនីជាមួយគ្នាទៀតផង។

សុជាតិ ដែលខាំមាត់សង្កត់ចិត្តជាយូរមកហើយនោះ បានធ្លាក់ខ្លួនឈឺចូលដេកពេទ្យតែម្ដង នៅពេលដែលរឿងរ៉ាវទាំងនោះត្រូវបែកធ្លាយ ហើយនាងបានព្រមានជាប្រយោលថា នារីណាដែលទាក់ទងប្ដី នាងប្រយ័ត្ននាងបុកអំបិលម្ទេសប៉ាតពេញខ្លួន។

ប៉ុន្ដែភ្លាមៗនោះ អ្នកនាងយុគ ចិន្ដា ដែលជាមិត្តជិតដិតសុជាតិ បានយកបាច់ផ្កា១បាច់ ទៅជូនសុជាតិ ដល់មន្ទីរពេទ្យ និងលើកទឹកចិត្តសុជាតិ ថា កុំឲ្យពិបាកចិត្តពេក ព្រោះរបស់យើង គឺនៅតែជារបស់យើងទេ…។
យ៉ាងណា គេកត់សម្គាល់ថា ការបង្ហាញភាពស្អិតល្មួតជាមួយប្ដីសាជាថ្មី របស់គង់ សុជាតិ នៅពេលនេះ ចំពេលដែលមានដំណឹងថា អ្នកនាងចាន់ កែវនិមល បាននាំប្ដីរបស់នាងដែលមានឋានៈជាឯកឧត្តមនោះ ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីយកកូនថែម ហើយកែវនិមល ថែមទាំងចង់បានកូនភ្លោះទៀតផង។

ប៉ុន្ដែចាន់ កែវនិមល ធ្លាប់និយាយការពារកិត្តិយសរបស់នាងដែលត្រូវគេចោទថា ទាក់ទងប្ដីសុជាតិ នោះ ដោយប្រាប់អ្នកកាសែតម្នាក់ថា រវាងនាងនិងលោកវិបុល សុទ្ធតែមានគូរៀងៗខ្លួនអស់ហើយ អីចឹងមិនអាចមានរឿងដូចអ្វីដែលគេសង្ស័យនោះទេ។
គង់ សុជាតិ បានរៀបការជាមួយលោកជា វិបុល កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ពេលនេះទទួលបានចំណងដៃកូនស្រីម្នាក់ ឈ្មោះជា សុជាតិនារី អាយុជាង៣ឆ្នាំ។

សុជាតិ ធ្លាប់អះអាងថា ស្វាមីរបស់នាងលោកវិបុល ចង់បានកូនភ្លោះប្រុស តែរឿងនេះនាងមិនទាន់អាចឆ្លើយថា OK ភ្លាមៗបានទេ ព្រោះរង់ចាំពិនិត្យសុខភាពពីពេទ្យជំនាញសិនថា តើវ័យរបស់នាងអាចយកកូនភ្លោះបានឬអត់? នាងថា ក្រោយភ្លៀងមេឃស្រឡះ ឥឡូវស្វាមីរបស់នាងបានវិលមករកស្រលាញ់ប្រពន្ធកូនលើសដើម៕
ហ៊ឹម វិចិត្រ