តារាធ្លាប់បែកបាក់ស្នេហ៍ជាបន្ដបន្ទាប់ ដូចជា អ្នកនាងអឿន ស្រីមុំ និងមាស សម្ផស្ស ជាដើមតែងតែមានអារម្មណ៍មួម៉ៅ និងតុកសិច ព្រោះរឿងស្នេហាមិនដូចបំណង រហូតមានតារាខ្លះទៀតបានសច្ចាថា ឈប់យកប្ដីថ្មីទៀតអស់១ជីវិតក៏មានដែរ ព្រោះណែនក្នុងឱរ៉ាខ្លាំងពេក។
ដោយឡែក ពេជ្រ សោភា ដែលធ្លាប់តែត្រូវបានគេចាត់ទុកថានាងជាអ្នកចម្រៀងដែលជោគជ័យតែអាជីពចម្រៀង ប៉ុន្ដែបរាជ័យរឿងស្នេហានោះ បែរជាមិនដែលបង្ហាញទុក្ខសោក តាមរយៈការ Live វីដេអូអង្គុយយំ ឬយកឡាមអារដៃដូចស្រី្ដមួយចំនួនទៀត ដែលខូចិត្តឡើយ។

ផ្ទុយទៅវិញ ពេជ្រ សោភា បែរជាកាន់តែបង្ហាញទឹកមុខរីករាយពីមួយថ្ងៃទៅមួយថ្ងៃ ហើយនាងប្រឹងថែរក្សាសម្រស់ឲ្យកាន់តែប្លែកទៅៗ ដូចជាថ្មីៗនេះ នាងបានលេងខ្លួនតាមរយៈការស្លៀកខោខូវប៊យរហែកៗដូចយុវវ័យ ឡើងច្រៀងលើឆាកតន្រ្ដីទៀតផង បើទោះជាពេលនេះនាងមានវ័យក្បែរ៤០ឆ្នាំទៅហើយក្ដី។
មានពេលខ្លះ សោភា បង្ហាញលុយដុល្លារទាំងបាច់ៗ ហើយដាក់ចូលកន្រ្ដកក៏មាន ខណៈដែលចុងក្រោយនេះ នាងជិះរថយន្ដទំនើប២គ្រឿងឆ្លាស់គ្នា គឺ Porsche និង Range Rover។
សោភា ក៏នៅមានផ្ទះវីឡាមិនក្រោម៣កន្លែងផ្សេងៗគ្នាឡើយ ដែលទ្រព្យទាំងនេះ គេអាចនិយាយបានថា នាងជាមេម៉ាយទ្រព្យស្ដុកម្នាក់ ដែលរស់នៅជីវិតពោរពេញទៅដោយសេរីភាព។

ទោះជាយ៉ាងណា គេនៅតែមិនប្រាកដទេថា តើការបង្ហាញសេចក្ដីសុខរបស់ពេជ្រ សោភា នៅពេលនេះ ជាការពិតមែន ឬមួយគ្រាន់តែរូបភាពបំភ័ន្ដភ្នែករបស់មហាជនទេ ព្រោះថា ស្រីៗទាំងឡាយដែលធ្លាប់ជួបរឿងស្នេហាមិនសមប្រកប មិនដែលរីករាយដូចសោភា នោះទេ។
ប៉ុន្ដែសោភា ធ្លាប់និយាយថា នាងមិនធ្លាប់យករឿងស្នេហាជារឿងធំ ទី១ឡើយ។ នាងថា រឿងធំបំផុត គឺគ្រួសារ និងការងារ ចំណែករឿងស្នេហាជាជំហានបន្ទាប់ប៉ុណ្ណោះ។ នាងក៏បានទាត់ចោលចំពោះមនុស្សទាំងឡាយដែលថា នាងជោគជ័យតែអាជីពចម្រៀងតែរឿងស្នេហាសូន្យនោះដែរ។

សោភា និយាយខ្លីថា”គ្មានស្រីណាចង់ជួបរឿងទុក្ខស្រី ប្ដីកាន់លុយ” ដូចក្នុងបទចម្រៀងនោះទេ។
ពេជ្រ សោភា បានរៀបការជាមួយអាណិកជនខ្មែរ នៅអាមេរិក លោកឡៅ ឆលី កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៥ និងបានលែងលះគ្នាឆ្នាំ២០១៦ ខណៈដែលមុនយកប្ដី សោភា ក៏ធ្លាប់ចែកផ្លូវគ្នាជាមួយអតីតគូដណ្ដឹងនៅអាមេរិក ផងដែរ។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើល ក្រោយលែងប្ដីភ្លាម សោភា បានស្ទុះឡើងទីផ្សារចម្រៀងឡើងវិញភ្លែតតែម្ដង ហើយព័ត៌មានស្នេហានាងក៏ចាប់ផ្ដើមបោកបក់សាជាថ្មី ដែលដំណឹងខ្លះថា សោភា ត្រូវអតីតសង្សារចាស់រៀបការចោល និងខ្លះទៀតថា សោភា ត្រូវសង្សារថ្មីទៅភ្ជាប់ស្នេហ៍ជាមួយតារាចម្រៀងម្នាក់ទៀតទៅវិញ។
ប៉ុន្ដែសោភា បានស្នើឲ្យអ្នកនិយាយថា នាងត្រូវសង្សារការចោល និងទៅមានថ្មីនោះ មកចង្អុលប្រាប់នាងផងថា តើប្រុសនោះជាអ្នកណាទៅ?

សោភា ចាប់ផ្ដើមបង្ហាញស្នេហ៍ថ្មីជាចំហជាមួយបុរសរូបសង្ហាតារាចម្រៀងថោន លោកឆឹម សក្កដា ដើម្បីទប់ទល់ពាក្យចចាមអារ៉ាម ប៉ុន្តែអ្វីដែលនាងខកចិត្តនោះ គឺចំណងស្នេហាខុសវ័យនេះមិនត្រូវបានមហាជនជឿជាក់១០០%ឡើយដោយពួកគេថា ជារឿងស្នេហា ”ក្លែងក្លាយ” ទើបធ្វើឲ្យសោភា មិនសប្បាយចិត្ត។

ប៉ុន្តែសោភា នៅតែបង្ហាញភាពផ្អែមល្ហែមជាមួយសក្កដា ប៉ុន្ដែនាងថា រូបនាងគ្មានគម្រោងរៀបការជាលើកទី២ទេ៕
ហ៊ឹម វិចិត្រ