លោកគួច ខេវិន ដែលជាអ្នកផលិតកម្មវិធីទូរទស្សន៍ល្បីឈ្មោះ បានទៅចូលរួមបុណ្យសពគម្រប់៧ថ្ងៃ សាស្ដ្រាចារ្យអាយ៉ៃ និងចាប៉ីដងវែង លោកឈិន ឈាង នៅគេហដ្ឋានរបស់ភរិយរបស់លោក នៅផ្ទះលេខ២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក កាលពីរសៀលថ្ងៃទី៣ ខែមិថុនា ដោយលោកមានក្ដីអាឡោះអាល័យយ៉ាងខ្លាំង ចំពោះការបាត់បង់វីរៈសិល្បករដ៏មានទេពកោសល្យនេះ។

អ្នកស្រីអ៊ុក សុផា ដែលកំពុងកាន់ទុក្ខស្វាមីនោះ បានស្វាគមន៍លោកខេវិន ដែលពាំនាំទាំងថវិកា កម្រងរូបភាព និងបទចម្រៀងអាយ៉ៃឆ្លងឆ្លើយរបស់អ្នកស្រីសុផា ដែលច្រៀងឆ្លងឆ្លើយជាមួយប្ដី កាលពីជាង១០ឆ្នាំមុន ក្រោមការដឹកនាំរបស់លោកខេវិន ។
លោកគួច ខេវិន បានឲ្យដឹងថា លោកធ្លាប់ចូលរួមក្នុងសកម្មភាពសិល្បៈបម្រើសង្គម បង្កើតបរិយាកាសកម្សាន្ដនិងអប់រំជាច្រើន ជាមួយលោកឈិន ឈាង និងភរិយាគាត់ អ្នកស្រីអ៊ុក ផល្លា។ លោកថា វេលាទាំងនោះប្រៀបដូចម្សិលមិញ ប៉ុន្ដែវាមានរយៈពេលកន្លងផុតទៅ១៨ឆ្នាំមកហើយ។

លោកថែមទាំងបញ្ចេញសំណួរថា តើយើងម្នាក់ៗអាចរស់រានមានជីវិតបាន១០ឆ្នាំប៉ុន្មានដងទៀត? លោកនិយាយទាំងស្រងូតស្រងាត់ថា គ្រានេះ លោកឈិន ឈាង បានជម្រាបលានិងចាកចេញពីពិភពសិល្បៈឃ្លាតឆ្ងាយពីពួកយើងដោយអាឡោះអាល័យគ្មានថ្ងៃត្រឡប់ឡើយ ដែលយើងទាំងអស់គ្នាមានតែការសោកស្ដាយគាត់។
លោកខេវិន បញ្ជាក់ថា លោកសូមអំពាវនាវឲ្យពលរដ្ឋខ្មែរ សូមរក្សាស្នាមញញឹមដាក់គ្នាទៅវិញទៅមក ដើម្បីរក្សារមិត្តភាព សាមគ្គីភាព ព្រោះយើងសុទ្ធតែជាខ្មែរតែមួយ។

នៅថ្ងៃបុណ្យគម្រប់៧ថ្ងៃ លោកឈិន ឈាង នេះ ក្រៅពីលោកគួច ខេរិន ក៏មានតារាសិល្បៈមួយចំនួនទៀត បានទៅចូលរួមរំលែកទុក្ខក្រុមគ្រួសារសពផងដែរ មានដូចជា អ្នកស្រីណយ សំណាង និងលោកឧកញ៉ាទុំ សារុត ហៅឃ្លោក ជាដើម។
អ្នកស្រីអ៊ុក សុផា បានថ្លែងអំណរគុណដល់ភ្ញៀវទាំងអស់ ដែលបានចូលរួមបុណ្យសពស្វាមីលោកស្រីផងដែរ។

គូរបញ្ជាក់ថា លោកឈិន ឈាង បានទទួលមរណៈភាពកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ដោយរោគាពាធ១៨ឆ្នាំមកហើយ ក្នុងអាយុ៧៥ឆ្នាំ។ នៅថ្ងៃបុណ្យសពលោក ក្រៅពីមានសិល្បករចូលរួមជាបន្ដបន្ទាប់ គេក៏ឃើញមានមន្រ្ដីរដ្ឋាភិបាលមួយចំនួន ក៏បានចូលរួមដែរ ក្នុងនោះ មានទាំងសម្ដេចសាយ ឈុំ ផងដែរ។
ដោយឡែក សពរបស់លោកឈិន ឈាង បានដង្ហែយកទៅបញ្ចុះនៅវត្តក្រាំងស្លែង ភូមិស្ដុកប្រិយ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដែលជាស្រុកកំណើតរបស់លោក កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០៕