Wednesday, September 24, 2025
Homeតារាខ្មែររ៉ាប៊ី បោះទុនដ៏ច្រើនសន្ធឹកសន្ធាប់ នាំចូលគ្រឿងសម្អាងមកលក់ស្រុកខ្មែរ

រ៉ាប៊ី បោះទុនដ៏ច្រើនសន្ធឹកសន្ធាប់ នាំចូលគ្រឿងសម្អាងមកលក់ស្រុកខ្មែរ

ម្ចាស់បទ ”លុយ លុយ លុយ” កញ្ញាផាន វីរ៉ាទី ហៅរ៉ាប៊ី បានឲ្យដឹងថា នៅមុនដំណាច់ឆ្នាំ២០២០នេះ នាងត្រូវតែបង្កើតមុខរបរផ្ទាល់ខ្លួនថ្មីមួយ ក្រៅពីអាជីពសិល្បៈ​ទាក់ទងការលក់គ្រឿងសម្អាងដែលនាំចូលពីបរទេស ហើយត្រូវប្រើទុនយ៉ាងហោចណាស់ក៏ចំនួន៤ម៉ឺនដុល្លាតដែរ។

រ៉ាប៊ី ប្រាប់ថា ទោះជាពេលនេះមុខរបរនេះមានគេដើរមួយជំហានមុននាងទៅហើយក្ដី ប៉ុន្ដែនាងនឹងមិនបោះបង់ទេ ព្រោះថាឃើញមនុស្សជាច្រើននាក់ហើយដែលរកស៊ីផ្នែកនេះដោយជោគជ័យ និងក្លាយទៅជាអ្នកមានអស់ទៅហើយ។ នាងថា ផលិតផលដែលនាងគ្រោងយកមកលក់នោះ គឺមកពីថៃ ហើយត្រូវការរៀបចំឯកសារត្រឹមត្រូវ មានការទទួលស្គាល់ពីក្រសួងសុខាភិបាល និងក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីកុំឲ្យថ្ងៃក្រោយមានបញ្ហាកើតឡើង។

ស្រីស្រស់ពូកែលេងក្បាច់រាំរូបនេះ បានឲ្យដឹងថា នាងនឹងបើកហាងមួយដែលយកទីតាំងនៅម្ដុំពោធិ៍ចិនតុង ហើយមានអ្នក​Live​ជំនួសនាង​ខណៈដែលនាងជាអ្នកចម្រៀងមិនអាចចេញ Live គ្រប់ពេលបាននោះទេ ព្រោះខ្លាចសាបអស់។

រ៉ាប៊ី ប្រាប់ហេតុផលថា មូលហេតុដែលនាងមិនធ្វើមុខរបរមួយនេះជាយូរមកហើយ ដោយសារតែកាលពីមុននាងចូលថោន មិនទាន់ត្រូវបានគេទទួលស្គាល់ អត់ទាន់ល្បីឈ្មោះ ប៉ុន្តែពេលនេះមហាជនបានស្គាល់នាងអស់ហើយ អីចឹងនាងចង់រកស៊ីផ្នែកនេះបន្ថែមពីលើអាជីពសិល្បៈដែលនាងស្រលាញ់បំផុត។ នាងថា ទាក់ទងមុខជំនួញថ្មីនេះគ្មានអ្នកណាជួយឧបត្ថម្ភនាងឡើយ ព្រោះរូបនាងស្រលាញ់តែប្រុសក្មេងៗ។

យ៉ាងណា រ៉ាប៊ី បញ្ជាក់ថា ការប្រើដើមទុនប៉ុណ្ណេះសម្រាប់នាង គឺអាចទៅរួច គ្មានឧបសគ្គនោះទេ ព្រោះថាទោះជាពេលនេះកូវីដ-១៩ នៅមិនទាន់ស្ងប់មែន ប៉ុន្ដែនាងនៅតែមានប្រាក់ចំណូលតក់ៗពីអាជីពសិល្បៈ មិនដាច់នោះទេ។ នាងថា មុខរបរថ្មីរបស់នាងនឹងដំណើរការខ្ទង់នៅអំឡុងខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះហើយ៕

RELATED ARTICLES