តារាចម្រៀងកូន៣ ខេមរៈ សិរីមន្ដ ត្រូវបានអ្នកចម្រៀងរហ័សនាមកំពូលទើស ម៉ៃ សុគន្ធ ដែលជាម្ចាស់បទ”សន្យាអាចម៍ឆ្កែ”នោះ បំបាក់មុខជាថ្មីម្ដងទៀត កាលពីពេលថ្មីៗនេះ តាមរយៈការលេចមុខក្នុងកម្មវិធី ”ពេញចិត្តឬអត់? ”របស់ MyTV ដែល Vj តាប៊ុយ បានដាក់ជាសំណួរថា តើតារារូបណានៅស្រុកខ្មែរ ដែលលោកម៉ៃ សុគន្ធ ស្អប់ជាងគេ ជាអ្នកណា? លោកសុគន្ធ បានឆ្លើយដោយចំៗថា តារាដែលលោកមិនចូលចិត្តជាងគេ គឺ”ខេមរៈ សិរីមន្ដ “។

លោកម៉ៃ សុគន្ធ ថា ខេមរៈ សិរីមន្ដ លោកមិនពេញចិត្តទេ ហើយបើបើកទូរទស្សន៍ប៉ះ លោកបិទចោលតែម្ដង។ លោកសុគន្ធ ថា នេះគ្រាន់តែជាអារម្មណ៍របស់លោកប៉ុណ្ណោះ ហើយមនុស្សម្នាក់ៗមានអារម្មណ៍មិនដូចគ្នានោះទេ គឺចូលចិត្តខុសៗគ្នា ចំណែកលោកពេញចិត្តជាងគេ គឺកំពូលតារាចម្រៀង ”ព្រាប សុវត្ថិ” ។
ពិធីការិនីជីមមី បានបញ្ជាក់សំណួរទៅលោកម៉ៃ សុគន្ធ ថា តើលោកមានរឿងអីជាមួយខេមរៈ សិរីមន្ដ មែនទេ បានជាលោកមិនចូលចិត្តគាត់បែបនេះ? ភ្លាមៗនោះ សុគន្ធ ថា មិនដែលមានរឿងអីទេ តែមកពីអារម្មណ៍របស់លោកមិនចូលចិត្តខេមរៈ សិរីមន្ដ តែម្ដង។

នេះមិនមែនជាលើកទី១ឡើយ ដែលខេមរៈ សិរីមន្ដ តែងតែត្រូវរងការវាយប្រហាម្ដងហើយម្ដងទៀត ពីសំណាក់ម៉ៃ សុគន្ធ ព្រោះគេចាំបានថា អ្នកចម្រៀងរូបនេះធ្លាប់រិះគន់សិរីមន្ដ ស្ពឹកមុខ២លើកផ្ទួនៗមកហើយ។
លោកសុគន្ធ បានរិះគន់លោកប៊ុនថៃ ហៅសិរីមន្ដ ដោយហៅអ្នកចម្រៀងរូបនេះថា ជា ”ចាស្ទីនកូពី” ព្រោះលោកចាត់ទុកអ្នកចម្រៀងរូបនេះចម្លងម៉ូដសក់ពីចាស្ទីន។ ដោយមិនអស់ចិត្ត លោកសុគន្ធ ក៏បានវាយប្រហាសិរីមន្ដ ម្ដងទៀត អំឡុងខែសីហា ឆ្នាំ២០១៨ ព្រោះលោកសិរីមន្ត ជិះឧទ្ធម្ភាចក្រទៅលក់ដីឡូតិ៍នៅខេត្តកំពង់ស្ពឺ។

ម៉ៃ សុគន្ធ បានបញ្ចេញសារដាក់សិរីមន្ដ ថា ”ត្រឹមទៅលក់ដីនៅម្ដុំវាលស្រែមួយសោះ ជិះសុទ្ធតែអែលីកុកទែរ (ឧទ្ធម្ភាគចក្រ) មើលតែទៅលក់ពេជ្រនៅឌូបៃ…។ អ្នកចម្រៀងយើង ចឹងបានគេប្រៀបធៀបទៅនឹងក្ងោក មិនខុសមែន …”។

ដោយមិនអាចទ្រាំបានពីសំណាក់ម៉ៃ សុគន្ធ ព្យាយាមមិនឲ្យខេមរៈ សិរីមន្ដ ងើបមុខរួចនោះ សិរីមន្ដ បានប្រាប់អ្នកកាសែតនៅខែសីហា ថា លោកបានឲ្យមេធាវីរៀបចំសំណុំបែបបទអស់ហើយ ដើម្បីជាការឆ្លើយតបសុគន្ធ គឺទាក់ទងបទញុះញង់ជាអាទិ៍ ដែលធ្វើឲ្យប៉ះពាល់សិទ្ធិផលប្រយោជន៍បុគ្គល។ ប៉ុន្ដែភ្លាមៗនោះ សុគន្ធ បានឆ្លើយតបសិរីមន្ដ វិញថា ”ដោយក្ដីរីករាយ ស្គាល់ពាក្យប្រយោលទេ ចាស្ទីនកូពី។ លេងឬកធ្វើដូចអ្នកឧកញ៉ាល្បី មានបុរីរាប់ភ្លេចក្នុងភ្នំពេញ មិនស្មើខ្លួន ចាស្ទីនកូពី …”។

ប៉ុន្ដែគេកត់សម្គាល់ថា ក្រោយខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ ព្រមានប្ដឹងឡើងតុលាការនោះ ម៉ៃ សុគន្ធ ហាក់ស្ងប់ស្ងាត់រឿងរិះគន់សិរីន្ដ ជាច្រើនខែមកហើយ។ ទើបតែថ្មីៗនេះទេ ដែលម៉ៃ សុគន្ធ បាននិយាយអារម្មណ៍ពិតរបស់ខ្លួនចេញមកតបសំណួរ Vj តាប៊ុយ ដោយអះអាងថា អ្នកចម្រៀងស្រុកខ្មែរ លោកមិនចូលចិត្តជាងគេ គឺ ”ខេមរៈ សិរីមន្ដ”។
Vj តាប៊ុយ ហាក់ដូចជាមានការបារម្ភចំពោះការដាក់សំណួរនេះ ដល់ម៉ៃ សុគន្ធ ហើយទទួលបានចម្លើយដ៏គូរឲ្យភ្ញាក់ផ្អើលបែបនេះ។

ទោះជាយ៉ាងណា ភ្លាមៗនោះ ក្រោយម៉ៃ សុគន្ធ និយាយបែបនេះ ក្រុមអ្នកគាំទ្ររបស់សិរីមន្ដ ជាច្រើនបានចូលទៅរិះគន់សុគន្ធ ថាជាអ្នកចម្រៀងច្រៀងមិនកើត មិនល្បី ទើបចេះតែវាយប្រហារតារាល្បី ដើម្បីឲ្យខ្លួនបានល្បីដែរ។ ប៉ុន្តែសុគន្ធ តបវិញដោយចម្ងល់ថា ”ម៉េចនិយាយការពិត អត់បានមែន?”។

យ៉ាងណា គិតមកដល់រសៀលថ្ងៃទី១២ ខែមិថុនា នេះ គេមិនទាន់ឃើញខេមរៈ សិរីមន្ដ និងលោកខេមរៈ ភារុណ ជាបងប្រុសប្រតិកម្មតបចំពោះម៉ៃ សុគន្ធ ឡើយ៕
ហ៊ឹម វិចិត្រ