Wednesday, September 24, 2025
Homeតារាខ្មែរម៉េង កែវពេជ្ជតា សួរលោកជំទាវហ៊ុន ស៊ីណាត ថា "សំអាងអីមកប្តឹងផ្តល់?"

ម៉េង កែវពេជ្ជតា សួរលោកជំទាវហ៊ុន ស៊ីណាត ថា “សំអាងអីមកប្តឹងផ្តល់?”

ភ្នំពេញ ៖ លោកស្រីហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ពាក្យបណ្តឹងចូលទៅកាន់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ប្តឹងតារាចម្រៀងម៉េង កែវពេជ្ជតា ពីបទបរិហារក្តេរិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង ដោយសំណូមពរព្រះរាជអាជ្ញាផ្តន្ទាទោសតារាចម្រៀងរូបនេះទៅតាមច្បាប់ និងទាមទារសំណងជំងឺចិត្តតាមកំណត់ច្បាប់។

ពាក្យបណ្តឹងរបស់លោកស្រីហ៊ុន ស៊ីណាត ចុះថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២០ នោះ មានខ្លឹមសារទាំងស្រុងថា “នាងខ្ញុំឈ្មោះហ៊ុន ស៊ីណាត អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ សញ្ញាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ ៖ ០១០០១៤១៥២ (០១) មានអាសយដ្ឋានផ្ទះលេខ ៖ ៧៤ ផ្លូវ៥៦៦ ភូមិ៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកជំទាវ ហ៊ុន ស៊ីណាត

សូមគោរពជូន

លោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ

មេត្តាជ្រាប។

កម្មវត្ថុ ៖ ប្តឹងឈ្មោះម៉េង កែវពេជ្ជតា ភេទស្រី អាយុ៤៦ឆ្នាំ មានអាសយដ្ឋានផ្ទះលេខ ៖ ៩ ផ្លូវជាតិលេខ២ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបក្ខពួកគូកនពីបទ “បរិហារកេរ្តិ៍ជាសាធារណៈ” និងករណី “ញុះញង់ឱ្យមានការរើសអើង”។

យោង ៖ -ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

-ឯកសារដែលថតចេញយកចេញពីហ្វេស Page Meng Keo Pichenda-ពេជ្ជតា។

តបតាមកម្មវត្ថុ នាងខ្ញុំសូមជម្រាបលោកព្រះរាជអាជ្ញាថា ៖ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ឈ្មោះម៉េង កែវពេជ្ជតា ដែលបានប្រើប្រាស់ហ្វេសប៊ុក Page Meng Keo Pichenda-ពេជ្ជតា បានបង្ហោះក្នុងគណនីហ្វេសប៊ុកដោយបាននិយាយ “បរិហារកេរ្តិ៍ជាសាធារណៈ” និងករណី “ញុះញង់ឱ្យមានការរើសអើង” ដូចជា ៖

១-មនុស្សចាស់អីអ៊ីចឹង??? ជួយគិតមើល! អាក្មេងនេះជាក្មេងពាល តែងតែជេរបញ្ចោរប្រមាថថ្នាក់ដឹកនាំ និងរដ្ឋាភិបាលខ្មែរ កប់ៗមាត់ តែបែរជាមីងជំទាវនេះសេពគប់ជាមួយទៅវិញតើព្រោះអ្វី? ក្បត់? ឬប្រយោជន៍ អាថ៌កំបាំងណាមួយ? ហើយក្រែងមីងជំទាវនេះជាដៃគូមីងហ៊ុន ស៊ីណាត? តើរឿងនេះ មីងជំទាវ ស៊ីណាត លោកដឹងទេ?

២-សូមបញ្ជាក់ ៖ មិនមែនខ្ញុំតបជាមួយពួកក្បត់នេះទេ តែខ្ញុំកំពុងប្រមូលអ្វីដែលជាការបំពានរបស់ពួកគេមកលើខ្ញុំដើម្បីទុកជាភស្តុតាង ព្រោះមុននេះ ជំទាវស៊ីណាត បានសុំឱ្យខ្ញុំលើកលែងហើយ ឱ្យខ្ញុំឈប់និយាយ បានន័យថា គាត់ក៏មិនចង់មានរឿងដូច្នេះ បើគាត់អ្នកសុំ តែបែរជាគូកនគាត់គឺយាយបូរីនេះ បែរជាខំស៊ែតែរឿងអាក្រក់ចោទ និងសំអុយឈ្មោះខ្ញុំមកផុសដូច្នេះ បានន័យថា គាត់បំពានសំដីជំទាវ ស៊ីណាត។ សូមបងប្អូនជ្រាប និងកុំបន្ទោសថា ខ្ញុំមិនព្រមចប់។

សកម្មភាពនិងទង្វើដូចមានខ្លឹមសារទាំងអស់នេះ គឺជាការប្រមាថ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់នាងខ្ញុំយ៉ាងធ្ងន់ធ្ងរ ជាពិសេស ធ្វើឱ្យសាធារណជនមានការភ័នច្រឡំ នាំឱ្យមានការចោទប្រកាន់មកលើនាងខ្ញុំឱ្យមានការរើសអើងនៅក្នុងសង្គមទៀតផង។

អំពើខាងលើនេះ ជាអំពើដែលមិនអាចអត់ឱនឱ្យបានឡើយ ហើយអំពើនេះបានបង្កឱ្យមានព្យសនកម្មមកលើរូបនាងខ្ញុំ និងក្រុមគ្រួសារយ៉ាងធ្ងន់ធ្ងរ។

សំណូមពរ

១-សុំលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសឈ្មោះម៉េង កែវពេជ្ជតា និងបក្ខពួកគូកន ទៅតាមផ្លូវច្បាប់។

២-សុំទាមទារសំណងជំងឺចិត្តតាមច្បាប់កំណត់។

អាស្រ័យហេតុដូចបានជំរាបជូនលើ សូមលោកព្រះរាជអាជ្ញាមេត្តាជួយរកយុត្តិធម៌ឱ្យនាងខ្ញុំដោយក្តីអនុគ្រោះបំផុត។

សូមលោកព្រះរាជអាជ្ញា មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីនាងខ្ញុំ”។

អ្នកនាងម៉េង កែវពេជ្ជតា

ជុំវិញបណ្តឹងរបស់លោកស្រីហ៊ុន ស៊ីណាត ខាងលើនេះ អ្នកនាងម៉េង កែវពេជ្ជតា បានបង្ហោះសារថា “ក្មួយពិតជាមានកិត្តិយសណាស់​ដែលមីងធ្វើបែបនេះ​ អរគុណមីង​ ។ ការពិត​ តាំងពីដំបូងខ្ញុំមិនដែល​បានយកឈ្មោះគាត់មកនិយាយសូម្បីបន្តិច ទោះបីដឹងថា គាត់ធ្លាប់គិតខុសមកលើខ្ញុំក៏ដោយ​ ព្រោះខ្ញុំនៅផ្តល់កិត្តិយសឲ្យគាត់​ និងពិសេស​មិនចង់ឲ្យឈ្មោះគាត់នេះ​ ទៅប៉ះពាល់ដល់ចាស់ទុំសាច់ញាតិល្អៗផ្សេងទៀតដែលលោកមិនពាក់ព័ន្ធ​ ។ ប៉ុន្តែបែរជាគាត់លោតកញ្ឆេងបែបនេះ​ទៅវិញ។ តើគាត់សំ​អាងអ្វីមកប្តឹងផ្តល់​? ត្រឹមហេតុផលប៉ុណ្ណេះ​ឬ​ ? តើសមនឹងប្តឹងដែរទេ​?

សូមមើលសំណៅដើមរបស់ខ្ញុំ​ ដែលភ្ជាប់មកជាមួយខាងក្រោមនេះ​ ។
សូមបញ្ជាក់ថា​ ខ្ញុំចាប់បានភស្តុតាងដែលយាយ​ ហង្ស​ បូរី​ និងនាងប្រធានសមាគមសិល្បៈមានទំនាក់ទំនងល្អជាមួយនឹងអារាជបុត្រអាសូរ្យកាយ​ និងបានខ្ចីដៃអាសូរ្យកាយនេះមកជេរបញ្ចោរខ្ញុំយ៉ាងកប់ៗមាត់ ជំនួសពួកគេវិញ​ ហើយគេចាំសើច​ និងចូលទៅគាំទ្រយ៉ាងពេញចិត្ត​ ។​

ឈ្មោះរាជបុត្រអាសូរ្យកាយម្នាក់នេះ ធ្លាប់បានជេរប្រមាថថ្នាក់ដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា​ និងថ្នាក់ដឹកនាំល្អៗដទៃទៀតជាច្រើនយ៉ាងអសុរសដាច់សាច់​ គ្មានកន្លែងណាអាចទទួលយកបាន​ តែបែរជាយាយហង្ស​ បូរី​ និងនាងប្រធានសមាគមសិល្បៈរូបនេះ មានភាពស្និទ្ធស្នាលនឹងគ្នាចាក់ទឹកមិនលិចទៅវិញ​ តើមិនឲ្យខ្ញុំឆ្ងល់ទេឬ​ ?​ សូមបងប្អូនពិចារណា​ តើត្រង់ណាដែលខ្ញុំចោទអ្នកមីងស៊ីណាត​​? តើខ្ញុំចោទគាត់ឬខ្ញុំសួរ​? តើខ្ញុំចោទគាត់​ ឬ​គាត់រើសដាក់ខ្លួនខ្លួនឯង​? តើគាត់ធ្វើនេះព្រោះចង់ប្រាប់ថាគាត់អាចធ្វើបាបនរណាក៏បាន​? គាត់កំពុងធ្វើឲ្យសង្គមដែលមានភាពស្ងប់សុខ​ ក្លាយទៅជាចលាចលដោយសារគាត់​មែនទេ​ ?

មិនអីទេខ្ញុំនឹងទៅបំភ្លឺ ខ្ញុំមិនខ្លាចទេ​ ព្រោះការពិតនៅនឹងខ្ញុំ​ ប៉ុន្តែខ្ញុំសូមប្រកាសថា​ ពេជ្ជតា នឹងការពារកិត្តិយសខ្លួនឲ្យបានទោះទៅដល់ណា​ ហើយគ្មានហេតុផលអ្វីដែល​ពេជ្ជតា ​ត្រូវទទួលទោសដ៏អយុត្តិធម៌បែបនេះជាដាច់ខាត​ !

សូមអរគុណសម្រាប់ក្តីស្រលាញ់​ និងបារម្ភអំពីបងប្អូនទស្សនិកជន​ សូមបងប្អូនរក្សាចិត្តសិន​ ខ្ញុំជឿជាក់ថា​ អំណាចមិនមែនជាកត្តាជោគជ័យក្នុងប្រទេសដែលប្រើច្បាប់នេះទេ​ ខ្ញុំជឿថា យុត្តិធម៌ត្រូវតែមានសម្រាប់ខ្ញុំ​ ! ! !”។

គួរបញ្ជាក់ថា ក្រៅពីបណ្តឹងរបស់លោកស្រីហ៊ុន ស៊ីណាត ខាងលើនេះ តារាចម្រៀងម៉េង កែវពេជ្ជតា ក៏ត្រូវបានលោកស្រីរស់ សោភ័ណ្ឌ ភរិយាក្រោយរបស់អតីតស្វាមី (លោកមួង ឃីម) ដាក់ពាក្យប្តឹងទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ពីបទបរិហារកេរ្តិ៍ និងសម្លុតមិនឱ្យដាក់ពាក្យបណ្តឹងផងដែរ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០៕

ខៀវទុំ

RELATED ARTICLES