ភ្នំពេញ ៖ តារាចម្រៀងរូបស្រស់ ពេជ្រ សូលីកា បានធ្វើពិធីបង្កក់កូនប្រុសដំបូងគម្រប់១ខែ នៅគេហដ្ឋានរបស់នាង ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ដោយនិមន្តព្រះតេជគុណគូ សុភាព សូត្រមន្ត ប្រោះព្រំបង្កក់សិរីជូនកូនប្រុសរបស់នាងផងដែរ។

ពេជ្រ សូលីកា បានបង្ហោះរូបភាពស្តីពីពិធីបង្កក់កូនប្រុសនាង ក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុក របស់នាង នៅរសៀលថ្ងៃទី១៦ ខែ មិថុនា ឆ្នាំ២០២០ ជាមួយសំណេរថា “កម្រងរូបភាពទីមួយ ថ្ងៃបង្កក់សិរីគម្រប់មួយខែ របស់ Hang Aari Wednesday ! រីករាយទស្សនារូបភាពពីទូរស័ព្ទសិនណាចា៎ នៅមានច្រើនទៀត”។

គួរបញ្ជាក់ថា ពេជ្រ សូលីកា បានសម្រាលកូនប្រុសដំបូងរបស់នាង នៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០។

សូលីកា និងស្វាមី លោកឃីម ហាន បានដាក់ឈ្មោះកូនប្រុសដំបូងនេះថា “ហង្ស អ៊ារី វ៉េនស្តេ (Hang Aari Wednesday)។

គួរបញ្ជាក់ថា តារាចម្រៀងពេជ្រ សូលីកា បានបញ្ចប់មន្ទិលនៃចំណងស្នេហ៍ជាមួយមន្ត្រីផ្កាយ២ម្នាក់ ដោយបានភ្ជាប់ពាក្យជាចំហ ជាមួយបុរសអាណិកជនខ្មែរ នៅអូស្ត្រាលី ម្នាក់ ឈ្មោះឃឹម ហាន កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩។

ក្រោយពេលភ្ជាប់ពាក្យ ក៏ធ្លាយដំណឹងថា ពេជ្រ សូលីកា មានផ្ទៃពោះភ្លាមៗផងដែរ ធ្វើឱ្យពេជ្រ សូលីកា និងគូដណ្តឹង រីករាយត្រេកអរ ទោះបីពួកគេមិនទាន់សម្រេចបំណងរៀបការតាមប្រពៃណីក៏ដោយ ហើយពេលនេះនាងសម្រាលបានកូនប្រុសម្នាក់គួរឱ្យស្រឡាញ់ បានជាង១ខែមកហើយ៕
ខៀវទុំ