កញ្ញាសុខ ពិសី ធ្លាប់ជាដៃគូសម្តែងនិងច្រៀងឆ្លងឆ្លើយជាមួយខេមរៈ សិរីមន្ត អំឡុងពេលដែលលោកសិរីមន្ត មិនទាន់ស្ពាយបង្វេចចេញទៅហង្សមាស។

ប៉ុន្តែថ្មីៗនេះ ពិសី បានច្រៀងលើឆាកដៃគូជាមួយលោកព្រាប សុវត្ថិ វិញម្តង ដែលធ្វើឱ្យអ្នកទស្សនាប្លែកអារម្មណ៍ ខណៈដែលសំណួររបស់ក្រុមអ្នកគាំទ្របានលើកឡើងថា តើរវាងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ត ស្រីស្អាតពិសី ពេញចិត្តម្នាក់ណាទៅ?
ខាងក្រោមនេះជាបទសម្ភាសន៍របស់អ្នកយកព័ត៌មាន “អង្គរធំ” ជាមួយតារាចម្រៀងសាន់ដេ កញ្ញា សុខ ពិសី ៖

អង្គរធំ ៖ ឃើញកញ្ញាសុខ ពិសី បានច្រៀងឆ្លងឆ្លើយជាមួយព្រាប សុវត្ថិ បទ “ប្រស្នា៤ខ” នៅឆាកមួយ មើលទៅពិសី មានការបារម្ភខ្លះៗដែរទេ មុនឡើងឆាក ព្រោះជាបទដែលនាងមិនធ្លាប់ច្រៀងទាល់តែសោះ? តើអាចមកពីពិសី មិនសូវមានភាពស្និទ្ធស្នាល ឬយល់ចិត្តគ្នាជាមួយលោកព្រាប សុវត្ថិ ដូចខេមរៈ សិរីមន្ត?
ពិសី ៖ មិនមែនទេ ខ្ញុំស្និទ្ធជាមួយបងព្រាប សុវត្ថិ ដែរតើ! ព្រោះធ្លាប់បានថតស្ពតជាមួយគាត់នៅក្រៅប្រទេស ហើយធ្លាប់ឡើងឆាកជាមួយគាត់បាន២ដងហើយ។ ចំពោះការបារម្ភនោះមកពីបទនោះ ខ្ញុំមិនដែលច្រៀងមែន។ ប៉ុន្តែខ្ញុំពិតជារីករាយខ្លាំងណាស់ដែលបានច្រៀងជាមួយបងព្រាប សុវត្ថិ។

អង្គរធំ ៖ ដោយសារតែពិសី ជាអ្នកចម្រៀងសម័យម្នាក់អ៊ីចឹង ចូលចិត្តច្រៀងបទពីដើមៗទេ ឬមួយក៏ពេញចិត្តតែបទយុវវ័យ បានជាអំឡុងពេលច្រៀងជាមួយព្រាប សុវត្ថិ មានភ្លេចវគ្គខ្លះ?
ពិសី ៖ ខ្ញុំស្រលាញ់បទមរតកដើមខ្លាំងណាស់ ហើយកន្លងមកក៏ចូលចិត្តច្រៀងបទពីដើមៗណាស់ ដែរ។ ប៉ុន្តែបទដែលគេដាក់ឱ្យខ្ញុំច្រៀងជាមួយបងព្រាប សុវត្ថិ ថ្ងៃហ្នុង ជាបទដែលខ្ញុំមិនធ្លាប់ច្រៀង ពីមុនទេ អ៊ីចឹងហើយបានជាមានការពិបាកៗខ្លះដែរ។

អង្គរធំ ៖ ពិសី អាចនិយាយបានទេថា ការចាប់ដៃគូច្រៀងជាមួយលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ត តើនាងពេញចិត្តតារាណាមួយជាង? គេថា លោកព្រាប សុវត្ថិ ចូលចិត្តនិយាយលេងសើចច្រើនជាងខេមរៈ សិរីមន្ត តើអំឡុងពេលដែលនាងបានរួមការងារជាមួយពួកគាត់យ៉ាងម៉េចដែរ?
ពិសី ៖ ខ្ញុំពេញចិត្តទាំងពីរតែម្តង។ លោកព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត សុទ្ធតែជាតារាចម្រៀងឆ្នើមៗដូចគ្នា ខ្ញុំសប្បាយចិត្តដែលកន្លងមកបានរួមការងារជាមួយពួកគាត់។ (សើច)… បងព្រាប សុវត្ថិ ពូកែនិយាយលេងឱ្យសប្បាយមែន។ ប៉ុន្តែលោកខេមរៈ សិរីមន្ត ក៏ចេះនិយាយលេងសើចដែរតើ!

អង្គរធំ ៖ តើពិសី នៅធ្វើជាទូតសុច្ឆន្ទៈ របស់ VIVO ដល់ពេលណាដែរ?
ពិសី ៖ ខ្ញុំនៅមានកុងត្រាជាមួយគាត់១ឆ្នាំទៀត!

អង្គរធំ ៖ នៅរដូវកូវីដ-១៩នេះ ពិសី បាត់បង់ប្រាក់ចំណូលច្រើនទេ ព្រោះថា ការប្រគំតន្ត្រីទាំងឡាយត្រូវបានលុបចោលអស់អ៊ីចឹង? ហើយពេលនេះ ពិសី ធ្វើអ្វីខ្លះដែរ?
ពិសី ៖ ដូចបងដឹងហើយថា ការប្រគំតន្ត្រីទាំងអស់គេបានផ្អាក ព្រោះមិនឱ្យមានការជួបជុំដើម្បីសុវត្ថិភាពទាំងអស់គ្នា។ ការប្រគំតន្ត្រីដែលខ្ញុំត្រូវច្រៀងបានផ្អាកអស់ដែរ ប៉ុន្តែមិនប៉ះពាល់ដល់សេដ្ឋកិច្ចខ្ញុំខ្លាំងពេកទេ ព្រោះអីពេលហ្នឹង ខ្ញុំបានងាកមកផ្តោតពង្រឹងការរកស៊ីលក់ Collefen តាមអនឡាញដែរ។ ខ្ញុំបានដំណើរការលក់ផលិតផលនេះ៣ឆ្នាំមកហើយ តែដោយសារខ្ញុំរវល់ពេក ទើបកន្លងមកកូនចៅខ្ញុំជាអ្នកធ្វើជំនួស។ ប៉ុន្តែឥឡូវពេលដែលខ្ញុំចេញមុខអ៊ីចឹង អតិថិជនកាន់តែជឿជាក់ថែមទៀត ហើយលក់ដាច់ណាស់ ព្រោះពួកគាត់មានទំនុកចិត្ត៕
ហ៊ឹម វិចិត្រ