មាស សុខសោភា បានស្ពាយបង្វេចដើរចេញពីផលិតកម្មថោន កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ដែលធ្វើឲ្យទាំងអ្នកសិល្បៈ និងមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយមនុស្សភាគច្រើនបានគិតថា នាងនឹងទៅចូលជ្រកកោនក្រោមដំបូលហង្សមាស ជាមិនខាន។

ដោយឡែក តារាចម្រៀងថោន លោកករុណា ពេជ្រ ដែលធ្លាប់ច្រៀងឆ្លងឆ្លើយ និងសម្ដែងរួមគ្នាជាមួយមាស សុខសោភា នៅទ្រនំថោន កាលពីឆ្នាំ២០០១ មានដូចជាបទ ”អស់ឱកាស” និងបទ ”ក្រែងចិត្តសង្សារចាស់” ជាដើមនោះ បានបង្ហាញអារម្មណ៍ថា សោកស្ដាយចំពោះការចាកចេញរបស់សោភា។
ប៉ុន្ដែយ៉ាងណា លោកពេជ្រ ថា នោះជាការសម្រេចចិត្តរបស់សោភា ហើយនាងមិនមែនបញ្ចប់ត្រឹមហ្នឹងទេ ដែលអាចថ្ងៃណាមួយមកច្រៀងនៅថោន ម្ដងទៀត ក៏អាចថាបានដែរ។

លោកករុណា ពេជ្រ ដែលជាអតីតអ្នកចាត់ការទូទៅរបស់ផលិតកម្មថោន និងពេលនេះនៅតែជាតារាថោន នោះបានអះអាងថា អារម្មណ៍របស់លោកក៏មិនខុសពីអ្នកផ្សេងដែរ ដែលមានការសោកស្ដាយចំពោះការចាកចេញពីថោន របស់មាស សុខសោភា។ ប៉ុន្ដែលោកថា នោះជាការតាំងចិត្តរបស់នាង ហើយបើសោភា ទៅហង្សមាស ក៏ជារឿងធម្មតាដែរ ព្រោះតារាចម្រៀងផ្លាស់ប្ដូរផលិតកម្ម គឺជាតែងតែមានអីចឹងហើយ។
យ៉ាងណា លោកពេជ្រ ថា សោភា ច្រៀងនៅថោន ៩ឆ្នាំហើយ ដោយគ្មានកុងត្រា អីចឹងទោះជាថ្ងៃនេះគាត់មិនមែនជាតារាថោន ទៀត តែថ្ងៃក្រោយគាត់អាចក្លាយជាតារាថោន ម្ដងទៀត ក៏អាចថាបានដែរ។ លោកថា មនុស្សជាច្រើនបានគិតថាថោន និងហង្សមាស មិនត្រូវគ្នា ប្រជែងគ្នា ប៉ុន្តែតាមពិតសិល្បៈគ្មានរឿងអីចឹងទេ។

លោកករុណា ពេជ្រ បន្ថែមថា សម្រាប់រូបលោកផ្ទាល់ដែលមានកេរ្ដិ៍ឈ្មោះបានប៉ុណ្ណេះ ហើយធ្លាប់មានឱកាសចេញទៅច្រៀងសម្ដែងនៅបរទេសនោះ ក៏ដោយសារតែមានចំណែកពីមាស សុខសោភា បានជួយលោកមួយផ្នែកដែរ អំឡុងពេលដែលលោកបានចាប់ដៃគូជាមួយសោភា នោះទទួលបានការចាប់អារម្មណ៍ និងមានការគាំទ្រច្រើនណាស់។

មាស សុខសោភា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើង មុនចាកចេញពីថោន ថា នាងនឹងត្រូវប្រជុំជាមួយថ្នាក់ដឹកនាំថោន សិន ទើបសម្រេចចិត្តជាក្រោយ។
ប៉ុន្ដែនៅទីបំផុត នាងនៅតែដើរចេញពីថោន ដដែល ដោយនាងអះអាងមុនចូលតុប្រជុំនោះថា ក្រុមការងារថោន មួយចំនួនបានបែកបាក់គ្នា មិនដូចមុនទេ។ ចំណែកលោកមាស សុខរតនៈ ជាបងប្រុសសោភា ដែលជាអ្នកគ្រប់គ្រងផលិតកម្មថោន នោះ បានប្រាប់ថា លោកបានដើរចេញពីថោនមុនប្អូនស្រីលោក៦ខែទៅហើយ។

មហាជនបានលើកឡើងថា ដោយសារតែសោភា អន់ចិត្តបងប្រុសអស់តំណែងធំនៅថោន ហើយនាងមិនសូវមានបទចម្រៀងល្បីដូចមុនទៀត ទើបនាងសម្រេចចិត្ដចេញពីថោន ទាំងនាងអះអាងថា មានអារម្មណ៍តឹងតែងណាស់។

លោកករុណា ពេជ្រ បន្ថែមទៀតថា រឿងមាស សុខសោភា ចេញពីថោន នោះ លោកមិនបានដឹងពីមូលហេតុច្បាស់លាស់នោះទេ ព្រោះមួយរយៈចុងក្រោយនេះ លោកបានសុំច្បាប់ផលិតកម្មផ្អាកមួយរយៈសិនផ្នែកចម្រៀង នៅតែធ្វើពិធីករថតកម្មវិធីមួយចំនួនឲ្យខាងទូរទស្សន៍ ដោយសារតែលោកគ្មានពេលគ្រប់គ្រាន់ ព្រោះជាប់មើលថែលោកឪពុកដែលមានជំងឺជាច្រើនខែមកហើយ។

លោកពេជ្រ ថា សោភា ជាតារាចម្រៀងល្អម្នាក់ដែលតែងផ្ដល់ដំបូន្មានឲ្យតារាចម្រៀងថ្មីៗនៅថោន ពីរបៀបច្រៀង ទើបតារាទាំងឡាយគោរពស្រលាញ់នាង ហើយមិនមែននាងចេញពីថោន ព្រោះអន់ចិត្តតារាណាម្នាក់ទេ។ លោកថា ជាក់ស្ដែងរូបលោកផ្ទាល់សោភា ជួយច្រើន ហើយបើគ្មាននាង កុំអីលោកមិនមានកេរ្ដិ៍ឈ្មោះត្រូវបងប្អូនទាំងក្នុងនិងក្រៅស្រុក ស្គាល់ដូចពេលនេះឡើយ៕