ភ្នំពេញ ៖ លោកស្រីទ្រី ដាណា ថៅកែហាងមាសពេជ្រ ដែលតែងលេចធ្លោក្នុងសង្គមផ្នែកការងារមនុស្សធម៌ ជួយជនក្រីក្រដែលកំពុងជួបទុក្ខលំបាកការខ្វះខាតនោះ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល បន្ទាប់ពីលោកស្រីបានទិញរថយន្ត Rolls-Royce Cullinan ស៊េរីថ្មី ឆ្នាំ២០២០ ដែលជារថយន្តប្រភេទ SUV ដំបូងបំផុតរបស់ Rolls-Royce ដែលមានតម្លៃខ្ពស់កប់ពពកដល់ទៅ១លានដុល្លារឯណោះ ហើយលោកស្រីបានជិះរថយន្តតម្លៃ១លានដុល្លារនេះ ទៅហូបមីឆានៅហាងតាមចិញ្ចើមផ្លូវ ជាមួយស្វាមី កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ទៀតផង។

រថយន្ត Rolls-Royce Cullinan ពណ៌ស របស់លោកស្រីទ្រី ដាណា បំពាក់ស្លាកលេខពិសេសផ្ទាល់ខ្លួន កម្ពុជា- N.N.P ដែលមានតម្លៃរាប់ម៉ឺនដុល្លារទៀតផង។

គួរបញ្ជាក់ថា ក្រៅពីរថយន្ត Rolls-Royce Cullinan ដែលទើបទិញថ្មីនេះ លោកស្រីទ្រី ដាណា ដែលជាថៅកែហាងមាសពេជ្រជាច្រើនកន្លែង និងផលិតផលរក្សាសម្រស់ N.N.P នោះ អ្នកស្រីក៏មានរថយន្តស៊េរីទំនើបមិនតិចជាង២គ្រឿងទៀត ក្នុងនោះ មួយគ្រឿង ម៉ាក Rolls-Royce ធម្មតា ពណ៌ស និងមួយគ្រឿងទៀតដែលលោកស្រីតែងជិះទៅតាមបណ្តាខេត្ត ម៉ាក LEXUS LX 570 ពណ៌ស ស៊េរីឆ្នាំ២០២០។

ជាមួយការបង្ហាញរថយន្តប្រភេទ SUV ដំបូងបំផុតរបស់ Rolls-Royce នៅពេលនេះ បានធ្វើឱ្យថៅកែហាងពេជ្ររូបនេះ មានភាពលេចធ្លោដាច់គេតែម្តងនៅក្នុងប្រទេសកម្ពុជា ព្រោះមិនទាន់មានមហាសេដ្ឋីណាហ៊ានបង្ហាញរថយន្តប្រណីតតម្លៃកប់ពពកនេះនៅឡើយ ទោះបីជាមានប្រភពខ្លះថា រថយន្ត Rolls-Royce Cullinan នេះ ត្រូវបានកុម្មង់ច្រើនគ្រឿងមកហើយនៅកម្ពុជា មុនលោកស្រីទ្រី ដាណា ក៏ដោយ៕
ខៀវទុំ