Wednesday, September 24, 2025
Homeតារាខ្មែរអ្នកនាងខាត់ សុឃីម បង្ហូរទឹកនេត្រា ក្រោយទិវាបុណ្យឪពុកចប់

អ្នកនាងខាត់ សុឃីម បង្ហូរទឹកនេត្រា ក្រោយទិវាបុណ្យឪពុកចប់

អ្នកនាងខាត់ សុឃីម មានទុក្ខធំ ដោយយំឡើងហើមភ្នែកទៅហើយ ព្រោះឪពុករបស់នាង លោកលាវ ខាត់ អាយុ៦៧ឆ្នាំ ដែលជាតន្រ្ដីករផ្នែកបុរាណ បានទទួលមរណៈភាពកាលពីព្រឹកថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០នេះ ដោយសុឃីម អះអាងថា ពុករបស់នាងស្លាប់ដោយសារជំងឺរោគាពាធ។

អ្នកនាងសុឃីម ស្នើឲ្យបងប្អូនទាំងអស់កុំមានការប្រកាន់ចំពោះនាងអី ដែលមិនបានឆ្លើយតបចំពោះសារទាំងឡាយ ដែលចូលរួមមរណៈទុក្ខនេះ ហើយនាងថា សពឪពុករបស់នាងតម្កល់នៅគេហដ្ឋានរបស់ពុកនាង នៅភូមិព្រៃពង្រ សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ខាត់ សុឃីម ថ្លែងសារថា​ ”ទីបំផុត កូនៗទាំង៩ លែងមានឪពុកហៅហើយ លាហើយពុកដ៏មហិមារបស់កូនអើយ”។

គេឃើញមានសារជាបន្ដបន្ទាប់ពីសំណាក់មិត្តសិល្បកររួមអាជីពបានចូលរួមរំលែកទុក្ខអ្នកនាងខាត់ សុឃីម ចំពោះការបាត់បង់ឪពុកជាទីស្រលាញ់បំផុតរបស់នាងនេះ។ ដោយឡែក សុឃីម កំពុងពិបាកចិត្តខ្លាំងពេក ហេតុនេះហើយនាងមិនអាចផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតបានទេ។ នេះបើតាមការបញ្ជាក់របស់ស្វាមីនាង លោកអ៊ិន សុបញ្ញា ហៅផាណូ ប្រាប់អ្នកសារព័ត៌មាន។

ខាត់ សុឃីម មានឪពុកម្ដាយសុទ្ធតែជាសិល្បករផ្នែកតន្រ្ដីបុរាណ ហើយនាងជាកូនច្បង ក្នុងចំណោមបងប្អូន៩នាក់ ដែលប្អូនៗរបស់នាងស្ទើរតែទាំងអស់ជាអ្នកសិល្បៈក្នុងវង់តន្រ្ដីរបស់នាងតែម្ដង។

សុឃីម និងស្វាមីរបស់នាង ស្រលាញ់លោកលាវ ខាត់ ខ្លាំងណាស់ ជាពិសេសនៅចុងសប្ដាហ៍ ពួកគេតែងចុះទៅលេងឪពុកម្ដាយញាំអាហាររួមគ្នា​បើទោះជានាងមមាញឹកក្នុងការងារសិល្បៈយ៉ាងណាក៏ដោយ។

ចំណែកឪពុករបស់សុឃីម លោកលាវ ខាត់ មានជំងឺជាច្រើនឆ្នាំហើយ ប៉ុន្តែលោកបានជាសះស្បើយក៏ចូលលេងតន្រ្ដីក្នុងវង់ភ្លេងវិញ ព្រោះលោកស្រលាញ់តន្រ្ដីផ្នែកបុរាណខ្លាំងណាស់ ហេតុនេះហើយទោះជាក្រុមគ្រួសារចង់ឲ្យលោកសម្រាក ក៏លោកមិនព្រមដែរ។

ប៉ុន្តែជាអកុសល នៅព្រឹកថ្ងៃទី២២ ខែមិថុនា នេះ ឪពុកសុឃីម បានលាចាកចោលនាងទៅហើយ ដែលធ្វើឲ្យអ្នកនាងយំបង្ហូរទឹកនេត្រាឡើងជោគថ្ពាល់ និងហើមភ្នែកទៅហើយ ព្រោះថាឪពុកនាងទៅដោយគ្មានត្រឡប់វិញឡើយ។ នាងបានចាត់ទុកឪពុកជាបុរសដ៏មហិមា ឬជាវីរៈបុរសក្នុងដួងចិត្តរបស់នាង ដែលពេលនេះនាងសោកស្ដាយជាទីបំផុត ព្រោះតែលោកបានទៅចោលនាងទាំងអាឡោះអាល័យបែបនេះ។

ខាត់ សុឃីម ត្រូវបានគេចាត់ទុកថា នាងជាតារាពហុជំនាញ ព្រោះតែនាងមានទេពកោសល្យអាចច្រៀងសម្ដែងផ្នែកបុរាណក៏បាន សម័យក៍បាន។ ការមានគ្រឹះផ្នែកសិល្បៈបុរាណរបស់សុឃីម ត្រូវបានគេដឹងថា​នាងទទួលការបណ្ដុះបណ្ដាលផ្ទាល់ពីឪពុករបស់នាងតែម្ដង។ យ៉ាងណាពេលនេះ នាងលែងបានឃើញគាត់ជារៀងរហូតហើយ៕

                                      ហ៊ឹម វិចិត្រ

RELATED ARTICLES