តារាចម្រៀងសុខ ពិសី បានប្រឹងថែរក្សារូបរាងឲ្យកាន់តែស្វែលស្អាត តាមរយៈការជ្រើសរើសវិធីហាត់ប្រាណយូហ្គា ជាច្រើនខែមកហើយ។ ក្រុមអ្នកគាំទ្រអ្នកចម្រៀងរូបនេះខ្លះថា នាងរាងស្រកគីឡូជ្រុល និងខ្លះថា នាងកាន់តែស្អាតជាងមុន ខណៈដែលសាមីខ្លួនផ្ទាល់អះអាងថា នាងពេញចិត្តនូវរូបរាងដូចសព្វថ្ងៃនេះ។

ទោះជាយ៉ាងណា ការដែលសុខ ពិសី កាន់តែមានស្បែករលើបរលោងម៉ដ្ឋខៃនេះ នាងត្រូវប៉ាន់២យ៉ាង នៅរដូវកូវីដ-១៩នេះ គឺទី១. លក់ផលិតផល Collagen កាន់តែដាច់ និងទី២. ថតស្ពតពាណិជ្ជកម្ម។

សុខ ពិសី អះអាងថា នៅរដូវកូវីដ-១៩ នេះ នាងកាន់តែមានភាពមមាញឹកទៅលើការលក់ផលិតផល Collagen មែន ព្រោះកន្លងមកនាងជាប់ច្រៀងតាមខេត្ត មិនសូវបានពង្រឹងមុខរបរនេះទេ។ ប៉ុន្តែនាងថា ពេលនេះនាងមានពេលផ្ដោតទៅលើមុខរបរនេះកាន់តែខ្លាំងជាងមុន ហើយអតិថិជនមានការជឿជាក់លើនាងកាន់តែច្រើន ព្រោះពួកគាត់ឃើញនាងប្រើប្រាស់ផលិតផលទាំងនោះដែរ។

ពិសី ថា ចំពោះស្ពតពាណិជ្ជកម្មវិញ នាងពិតជាមានមោទនភាពខ្លាំងណាស់ ព្រោះត្រូវបានក្រុមហ៊ុនធំៗស្ដង់ដារ ម៉ាកល្បីៗជ្រើសរើសហើយយកនាងជាតំណាង។ ចំពោះ VIVO វិញ នាងនៅមានកុងត្រា១ឆ្នាំទៀត ជាមួយក្រុមហ៊ុនក្នុងការផ្សព្វផ្សាយ។
ប៉ុន្ដែពិសី មិនបញ្ជាក់ថា តើនាងអាចរកប្រាក់ចំណូលពីការលក់ Collagen ១ខែៗបានប៉ុន្មានឡើយ ខណៈដែលស្ពតពាណិជ្ជកម្មវិញ គេដឹងថា នាងស៊ីថ្លៃរាប់មុឺនដុល្លារឯណោះ។

សុខ ពិសី បានងាកមកចាប់ដៃជាមួយសិស្សប្អូននាយចឺម ក្នុងបទចម្រៀងជាខ្សែរឿង ហើយពួកគេលេងជាឈុតស្នេហា បើទោះជាអ្នកទាំងពីរមានវ័យខុសគ្នាក្ដី។

ការចាប់ដៃជាមួយនាយចឺម នៅពេលនេះ ក្រោយដៃគូរបស់ពិសី តារាចម្រៀងខេម ប៊ុនថៃ ហៅ ខេមរៈ សិរីមន្ដ បានចាកចេញទៅហង្សមាស ចោលពិសី។

ទោះជាយ៉ាងណា អ្នកចម្រៀងសាច់សខ្ចីរូបនេះនៅតែរក្សាតំណែងជាតារាស្រីឈានមុខគេដដែល នៅសាន់ដេ ស្របពេលដែលរឿងរៀបការវិញ ពិសី ថា ពេលវេលាមិនទាន់អំណោយផលទេ បើទោះជាធ្លាប់លេចឮដំណឹងថា នាងមានទំនាក់ទំនងស្នេហាជាមួយលោកឡាយ សុខចំរើន ថៅកែសាន់ដេ ជាច្រើនឆ្នាំក្ដី តែរហូតមកដល់ពេលនេះ ពិសី មិនដែលសារភាពស្នេហ៍ឡើយ៕