Thursday, June 19, 2025
Homeព័ត៌មានជាតិភ្ជាប់ពាក្យរួច នាំគូដណ្ដឹងធ្វើចោរ ជិះឡានស្ទាក់កាប់ប្លន់ ប៉ះប៉ូលិស

ភ្ជាប់ពាក្យរួច នាំគូដណ្ដឹងធ្វើចោរ ជិះឡានស្ទាក់កាប់ប្លន់ ប៉ះប៉ូលិស

ខេត្តកណ្ដាល ៖ ជនសង្ស័យម្នាក់ ប្រកបរបរចោរប្លន់ បានកាក់កប រហូតទិញឡានបានជិះ និងចូលដណ្តឹងកូនក្រមុំគេ ភ្ជាប់ពាក្យរួច បាននាំនារីជាគូដណ្ដឹង និងបក្ខពួក ២នាក់ទៀត សរុប ៤នាក់ ជិះឡានចេញធ្វើសកម្មភាពស្ទាក់ផ្លូវអ្នកដំណើរនៅពេលយប់ ប្រើដាវកាប់ប្លន់ម៉ូតូ និងទ្រព្យសម្បត្តិមានតម្លៃពីជនរងគ្រោះ បានចំនួន ៤ដង រួចមកហើយ លុះពេលកំពុងរៀបចំធ្វើសកម្មភាពស្ទាក់ប្លន់លើកទី៥ ស្រាប់តែស៊យប៉ះសមត្ថកិច្ចប៉ូលិសល្បាត ប្រដេញចាប់ក្របួចជាប់ទាំង ៤នាក់។

តាមប្រភពសមត្ថកិច្ច បានឲ្យដឹងថា ករណីលួចមានស្ថានទម្ងន់ទោស (ប្រើប្រាស់អាវុធដាវដែក) ខាងលើនេះ បានកើតឡើងតាំងពីវេលាម៉ោង ៥និង១០នាទីទៀបភ្លឺ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នៅចំណុចលើផ្លូវជាតិលេខ៦ មុខផ្ទះរបស់ឈ្មោះ នូ នៀត ភូមិក្រងស្វាយ ឃុំស្វាយអំពា ស្រុកមុខកំពូល។ លុះក្រោយពីធ្វើសកម្មភាពលើកទី១ បានសម្រេច ក្រុមជនសង្ស័យ បាននាំគ្នារៀបគម្រោងប្លន់អ្នកដំណើរតាមផ្លូវ ជាលើកទី៥ នៅវេលាម៉ោង ៣ទៀបភ្លឺ ឈានចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចមុខឡឥដ្ឋរបស់ឈ្មោះព្រាប កុយ ស្ថិតក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល លុះមិនទាន់បានសម្រេចផង ក៏ត្រូវសមត្ថកិច្ចប្រទះឃើញ ចាប់ក្របួចជាប់តែម្ដង។

ជនរងគ្រោះ មានឈ្មោះយ៉ុន ផានិត ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរបុគ្គលិកធនាគារ AMK ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានលំនៅសព្វថ្ងៃ ក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាត់បង់ ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1IG-9693 (ជារបស់ជនរងគ្រោះ)។

ចំណែកក្រុមជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានចំនួន ៤នាក់ (ស្រី១) រួមមាន ទី១. ឈ្មោះផុន សុផានិត ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅបច្ចុប្បន្ន ផ្ទះលេខ២៣ ផ្លូវជាតិលេខ១ ភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទី២. ឈ្មោះម៉ាលី រ៉យ៉ើ ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរលក់អីវ៉ាន់តាមអនឡាញ មានលំនៅបច្ចុប្បន្ន ភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។ អ្នកទាំង២ខាងលើ ត្រូវជាគូដណ្ដឹង។ ទី៣. ឈ្មោះស៊ឹង ណារ៉ាក់ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅបច្ចុប្បន្ន ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងទី៤. ឈ្មោះទិត្យ បញ្ញាខារិន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅបច្ចុប្បន្ន ភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

រីឯវត្ថុតាងចាប់យក រួមមាន ១. រថយន្តម៉ាក TOYOTA PRIUS ស៊េរីឆ្នាំ២០០៦ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BI-0265 ចំនួន ១គ្រឿង។ ២. ទូរស័ព្ទដៃ ម៉ាក iPhone XS MAX ពណ៌ទឹកមាស (ឆេះអេក្រង់) ចំនួន ១គ្រឿង។ ៣. ទូរស័ព្ទដៃ ម៉ាក iPhone X ពណ៌ស ចំនួន ២គ្រឿង។ ៤.ទូរស័ព្ទដៃ ម៉ាក iPhone 7 plus ពណ៌ខ្មៅ ចំនួន ១គ្រឿង។ ៥. ដាវដែកដងធ្វើអំពីឈើ ប្រវែង ១៤សង់ទីម៉ែត្រ ចំនួន ១ដើម។ ៦. ស្រោមដាវ ពណ៌ខ្មៅ ចំនួន១។ ៧. ទូរស័ព្ទ ម៉ាក NOKIA 105TA ពណ៌ស ចំនួន  ១គ្រឿង។ ៨. កូនសោមាត់ ចំនួន៣ដើម។ ៩. ទួរណឺវីស ចំនួន ៤ដើម។ ១០. កន្រ្តៃ ចំនួន១ ។ ១១. ដង្កាប់ ចំនួន ១ដើម។

តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ក្រោយពីមានករណីលួចមានស្ថានទម្ងន់ទោស (ប្រើប្រាស់អាវុធ ដាវដែក) កើតហេតុកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៥និង១០នាទីទៀបភ្លឺ ចំណុចលើផ្លូវជាតិលេខ៦ មុខផ្ទះរបស់ឈ្មោះ នូ នៀត ភូមិក្រងស្វាយ ឃុំស្វាយអំពា ស្រុកមុខកំពូល ខេត្តកណ្ដាល រួចមក លោកវរសេនីយ៍ឯក ឯក លន់ អធិការនគរបាលស្រុកមុខកំពូល បានដឹកនាំកម្លាំងអន្តរាគមន៍ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៧ឃុំ និងកម្លាំងប្រជាការពារ ចេញល្បាត ពួនស្ទាក់ និងបន្តការស្រាវជ្រាវ ក្នុងភូមិសាស្រ្តស្រុក ដើម្បីច្បាមចាប់មុខសញ្ញាជិះរថយន្តម៉ាក TOYOTA PRIUS ដែលធ្វើសកម្មភាពក្នុងករណីខាងលើ។

រហូតមកដល់វេលាម៉ោង ២និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ច បានចេញល្បាតពួនស្ទាក់ លុះដល់វេលាម៉ោង ៣ទៀបភ្លឺ ក៏បានឃើញរថយន្ត និងក្រុមជនសង្ស័យខាងលើ ឈប់នៅចិញ្ចើមផ្លូវជាតិលេខ៦ ស្ថិតនៅភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល។ ដោយមានការសង្ស័យ កម្លាំងល្បាត ក៏បានឈប់រថយន្ត ដើម្បីចុះត្រួតពិនិត្យ ភ្លាមនោះជនសង្ស័យបាននាំគ្នាឡើងជិះរថយន្ត បើករត់គេចតាមបណ្ដោយផ្លូវជាតិលេខ៦ ពេលមកដល់ចំណុចតារាងបាល់នំបញ្ចុក របស់ឈ្មោះយឹម ប៊ុនលាង ស្ថិតនៅភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ជនសង្ស័យក៏បានទម្លាក់ដាវចោលនៅទីនោះ ហើយកម្លាំងសមត្ថកិច្ច ក៏បានដេញពីក្រោយ រហូតមកដល់ចំណុចមុខឡឥដ្ឋ របស់ឈ្មោះព្រាប កុយ ស្ថិតនៅ ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ក៏ត្រូវកម្លាំងសមត្ថកិច្ចមួយក្រុមទៀត ស្ទាក់ចាប់បានរថយន្តនោះជាប់ ហើយក៏បាននាំជនសង្ស័យទាំង ៤នាក់  និងរថយន្តខាងលើ មកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលស្រុក។

បន្ទាប់មក នៅវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ ក៏មានប្រជាពលរដ្ឋឈ្មោះខន សុផល ភេទស្រី អាយុ ៥៤ឆ្នាំ បានជិះម៉ូតូ ទៅទិញបន្លែ និងត្រីសាច់ នៅផ្សារព្រែកអញ្ចាញ ហើយក៏រើសបានដាវរបស់ជនសង្ស័យ ដែលបោះចោល រហូតដល់វេលាម៉ោង ១០ព្រឹក ថ្ងៃដដែល ឈ្មោះ ខន សុផល ក៏បានយកដាវខាងលើ មកប្រគល់ឱ្យសមត្ថកិច្ច។

ប្រភពដដែល បន្តថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ៤នាក់ បានឆ្លើយសារភាពថា នៅយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ក្រុមខ្លួនបានមកឈប់រថយន្តខាងលើ រៀបចំធ្វើសកម្មភាពប្លន់ម៉ូតូ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ប្រាកដមែន តែមិនទាន់បានធ្វើសកម្មភាពផង ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ហើយកន្លងមក ក្រុមខ្លួនធ្លាប់មកធ្វើសកម្មភាពក្នុងស្រុកមុខកំពូល តាមបណ្ដោយផ្លូវជាតិលេខ៦ ចំនួន ៤លើក បានសម្រេច ចំនួន ១លើក គឺប្លន់ម៉ូតូពីជនរងគ្រោះឈ្មោះយ៉ុន សុផានិត កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៥និង១០នាទីទៀបភ្លឺ ចំណុចភូមិក្រង់ស្វាយ ឃុំស្វាយអំពា ស្រុកមុខកំពូល បានម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ចំនួន ១គ្រឿង។ ក្រោយពីប្លន់ម៉ូតូបាន ក៏យកទៅលក់នៅម្ដុំឃ្លាំងរំសេវ រាជធានីភ្នំពេញ ក្នុងមួយគ្រឿង បានតម្លៃ​ ៦០០ដុល្លារ។

ជនសង្ស័យទាំង ៤នាក់ខាងលើ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាល ស្រុកមុខកំពូល ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES