ខេត្តកំពង់ឆ្នាំង ៖ កម្លាំងកងរាជអាវុធហត្ថស្រុកបរិបូណ៌ ដឹកនាំដោយលោកវរសេនីយ៍ត្រី គិត គន្ធា មេបញ្ជាការស្រុកបរិបូណ៌ សហការជាមួយកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញសង្កាត់រដ្ឋបាលជលផលឃុំឆ្នុកទ្រូ ដឹកនាំដោយលោក នួន ឫទ្ធី នាយសង្កាត់រដ្ឋបាលជលផលឆ្នុកទ្រូ បានចុះបង្ក្រាបករណីកាប់ឆ្ការរុករានទន្ទ្រានដីព្រៃលិចទឹក ក្នុងតំបន់៣ ខុសច្បាប់ អស់ប្រមាណ ០,១៥ ហិកតារ។

ប្រតិបត្តិការខាងលើនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ត្រង់ចំណុចនិយាមកា X439815-Y1382564 ស្ថិតនៅចំណុចអ្នកតាទាំង ក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។

លោកលី ឡា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឱ្យដឹង កាលពីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ថា នៅក្នុងការបង្ក្រាបករណីកាប់ឆ្ការរុករានទន្ទ្រានដីព្រៃលិចទឹក

ក្នុងតំបន់៣ ខុសច្បាប់នោះ កងកម្លាំងសមត្ថកិច្ចចម្រុះ បានឃាត់ខ្លួនជនសង្ស័យប្រុសស្រី ចំនួន៧នាក់ រួមមាន ៖ ទី១-ឈ្មោះសូត ស្នា ភេទប្រុស អាយុ៣២ឆ្នាំ។ ទី២-ឈ្មោះឌី សុខលៀង ភេទស្រី អាយុ៣៥ឆ្នាំ។ ទី៣-ឈ្មោះវឹង បូរី ភេទ

ប្រុស អាយុ២៨ឆ្នាំ។ ទី៤-ឈ្មោះជៀម ណាំឈាវ ភេទប្រុស អាយុ២៣ឆ្នាំ។ ទី៥-ឈ្មោះគួន រស្មី ភេទប្រុស អាយុ២១ឆ្នាំ។ ទី៦-ឈ្មោះសឿន សុខនី ភេទប្រុស អាយុ២៤ឆ្នាំ និងទី៧-ឈ្មោះវ៉ាន់ ហៃ ភេទស្រី អាយុ៥៥ឆ្នាំ។ ជនសង្ស័យ ទាំង៧នាក់ខាងលើ មានលំនៅ ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។

ជនសង្ស័យប្រុសស្រីទាំង ៧នាក់ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគបាលខេត្តកំពង់ឆ្នាំង ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕