ភ្នំពេញ ៖ ក្រោយលាចាកសិក្ខាបទ អស់រយៈពេលប្រមាណ ២ខែ អតីតព្រះធម្មកថិកល្បីល្បាញ អន្ទិតសាន សុជា ដេលសព្វថ្ងៃកំពុងរស់នៅប្រទេសអូស្ត្រាលី បានប្រកាសថា លោកនឹងរៀបចំពិធីភ្ជាប់ពាក្យ ជាមួយនារីជាទីស្រ ឡាញ់ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ដែលពិធីភ្ផាប់ពាក្យ នឹងធ្វើនៅប្រទេសកម្ពុជា។

ភ្លាមៗ បន្ទាប់ពីអតីតភិក្ខុវជិរប្បញ្ញោ សាន សុជា ប្រកាសពីគម្រោងភ្ជាប់ពាក្យនេះ ក្រុមកូនចៅលោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (អិលធីភី) ដែលតែងវាយប្រហារអន្ទិតសាន សុជា តាំងពីលោកនៅ ជាភិក្ខុសង្ឃនោះ បានជេរប្រមាថដោយពាកយអសុរោះ មកលើអន្ទិតសាន សុជា ដោយថា បើសឹកហើយ គឺស្ថិត ក្នុងភេទថោកទាប ឈប់និយាយធម៌បោកគេទៀតទៅ។
សូមរំឭកថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ អន្ទិតសាន សុជា បានប្រកាសដំណឹងស្តីពីគម្រោងរៀបចំពិធី ភ្ជាប់ពាក្យរបស់ខ្លួន ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ នេះ។
លោកសាន សុជា បាននិយាយតាមរយៈវីដេអូផ្សាយផ្ទាល់ (Live) បង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ថា “សូម ជម្រាបសួរ ពុកម៉ែ មីងមា បងប្អូន កូនក្មួយទាំងអស់ ខ្ញុំបានសូមជម្រាបព័ត៌មានជាក់លាក់មួយ អំពីពិធីភ្ជាប់ពាក្យ របស់ខ្ញុំ ដែលអ្នកទាំងអស់គ្នាតែងទន្ទឹងរង់ចាំព័ត៌មានជាក់លាក់ពីខ្ញុំ។ មែនទែនទៅ ពិធីភ្ជាប់ពាក្យដែលយើងបាន ឯកភាពគ្នាហ្នឹង គឺធ្វើនៅ ស្រុកខ្មែរ ដោយអ្នកម្តាយរបស់ខ្ញុំ ហើយនិងសាច់ញាតិរបស់ខ្ញុំហ្នឹង អញ្ជើញទៅជួប សាច់ញាតិខាងស្រី ដើម្បីធ្វើពិធីភ្ជាប់ពាក្យ ឬហៅថាដណ្តឹង។ រីឯខ្ញុំ មិនបានទៅផ្ទាល់ទេ ដូច្នេះទើបពិធីនោះ មិនមែនជាពិធីធំដុំ ដែលត្រូវហៅភ្ញៀវច្រើននោះទេ។ ដូច្នេះអ្នកដែលមិនត្រូវបានអញ្ជើញទៅចូលរួមហ្នឹង សង្ឃឹមថានឹងយោគយល់ ហើយមិនអន់ចិត្តអន់ព្រះទ័យអីទេ ដោយសារ យើងមិនមានគម្រោងធំ។ ម៉្យាងទៀត ការដែលជជែកគ្នានោះ ខ្ញុំគិតថា នៅទីនេះ ខ្ញុំអត់មានធ្វើអ្វីទេ គ្រាន់តែចូលតាម Zoom ពីនេះទៅ ហើយក៏ចប់។ ប៉ុន្តែសិក្ខាកាម អ្នកសិក្សាព្រះធម៌ នៅក្នុងគ្រុបជាមួយគ្នា ជាពិសេសនៅក្នុងក្រុមសិក្សាព្រះធម៌ វត្តសាមនគោតមារាម ហ្នឹង គាត់ចង់ធ្វើពិធីជួបជុំលៀងភោជនាហារបន្តិចបន្តួច សម្រាប់អបអរសាទរថ្ងៃភ្ជាប់ពាក្យរបស់ខ្ញុំ»។
អន្ទិតសាន សុជា បន្តថា «ប៉ុន្តែក្រោយការជំនុំគ្នា ពីម្នាក់ទៅម្នាក់ទៅ ក៏ឱ្យយោបល់ថា គួរបានបើកឱ្យទូលំទូលាយបន្តិច ដើម្បីឱ្យបងប្អូនយើងបានចូលរួមផង ហើយម៉្យាងទៀត ក្រែងមានព័ត៌មានខុសគ្នាខ្លះពីមុនមកព័ត៌មានដែលចែកទៅ គឺថាចាប់ផ្តើមកម្មវិធី ម៉ោង៣ បានជាមានព័ត៌មានចែកទៅអ៊ីចឹង កាលនោះខ្ញុំគិតថា ខ្ញុំចូលទៅតាម Zoom នៅឯវត្តឯណេះ ចប់ចូលកម្មវិធីតាម Zoom ទើបខ្ញុំទៅផ្ទះបងសុចាន់ ដែលគាត់អ្នករៀបចំពិសាភោជនាហារ ចាប់ពីម៉ោង៣ ទៅជុំគ្នា។ ប៉ុន្តែក្រោយពីចែកព័ត៌មានពីមួយទៅមួយទៅ ពួកគាត់ភាគច្រើនគឺចង់ឃើញពិធីបំពាក់ចិញ្ចៀនហ្នឹងផ្ទាល់ដែរ ដូច្នេះយើងក៏បើកឱ្យភ្ញៀវមកជួបជុំនៅម៉ោង១២ វិញ ហើយខ្ញុំក៏ទៅធ្វើពិធីពាក់ចិញ្ចៀននៅផ្ទះបងស៊ីចាន់ ដែរ។ ដូច្នេះញាតិមិត្ត បងប្អូនទាំងអស់ អាចអញ្ជើញចូលរួមបាន អ្នកដែលមានសេចក្តីរាប់អានចំពោះខ្ញុំ អាចអញ្ជើញចូលរួមបាន ដោយចាត់ទុកវីដេអូនេះថា ជាការអញ្ជើញ…”។
លោកសាន សុជា បានបន្តថា “ហើយនៅក្នុងកម្មវិធីហ្នឹងទៀតសោត កូនសិស្សព្រះធម៌ទាំងអស់ គាត់មិនបានឱ្យខ្ញុំខ្វល់ខ្វាយចេញលុយចេញកាក់ធ្វើអីទេ គាត់ស្រាក់គ្នាធ្វើតាមក្រុម ខ្លះនំបញ្ចុក ខ្លះអាំងសាច់ ហើយយើងធ្វើតាមលក្ខណៈប៊ូហ្វហ្វេ បងប្អូនមិនបាច់យកម្ហូបអាហារមកគ្រប់គ្នានោះទេ វៀរលែងតែថាចង់យកអីមកដែរ ចងស្រាក់គ្នាហើយ ឱ្យដំណឹងទៅម្ចាស់ផ្ទះទៅ។ ប៉ុន្តែបើមករៀងៗខ្លួនទេ មិនបាច់យកអីមកទេ មកចូលរួមពិសាតាមសប្បាយ មានប៉ុនណា យើងហូបប៉ុណ្ណឹង។ សូមបញ្ជាក់ម្តងទៀត ខ្ញុំមិនបានខលទៅអញ្ជើញគ្រប់គ្នាទេ អ្នកដែលខ្ញុំស្គាល់ ដូច្នេះនេះចាត់ទុកជាព័ត៌មានសម្រាប់អ្នកដែលរាប់អានខ្ញុំទាំងអស់ អញ្ជើញចូលរួមដោយមេត្រីភាព នៅថ្ងៃនោះ ជួបគ្នានៅថ្ងៃ៣០ …”។

បន្ទាប់ពីលោកសាន សុជា បានប្រកាសអំពីថ្ងៃភ្ជាប់ពាក្យរបស់ខ្លួន ដូចខាងលើនេះ មានគណនីហ្វេសប៊ុក មួយចំនួន ដែលជាសមាជិកគណបក្សអិលឌីភី និងជាកូនចៅលោកខឹម វាសនា ដែលតែងរិះគន់ វាយប្រហារ ជេរប្រមាថមិនសំចៃមាត់ ទៅលើព្រះសង្ឃនានា រួមទាំងអតីតភិក្ខុសាន សុជា ផងដែរនោះ បានសរសេររិះគន់ វាយប្រហារលើអតីតភិក្ខុនេះ ដោយពាក្យអសុរោះជាច្រើន ក្នុងនោះភាគច្រើពួកគេបានលើកឡើងថា អន្ទិតសាន សុជា បួសសន្សំលុយ និងថា សឹក ដោយសារមិនអាចគ្រប់គ្រងតណ្ហារបស់ខ្លួនបាន ជាដើម។
ជាក់ស្តែង មានគណនីហ្វេសប៊ុក មួយ ឈ្មោះ «ទឹកចិត្ត ផែនដី» ដែលគេស្គាល់ថាក្រុមអិលឌីភី កូនចៅលោកខឹម វាសនា មេបក្សដែលប្រកាសឈប់ធ្វើនយោបាយ គិតតែរឿងពន្យល់ធម៌ ដោយតាំងខ្លួនជាព្រហ្មរក្សាលោកនោះ បានបង្ហោះរូបថតអន្ទិតសាន សុជា ស្លៀកពាក់ស ឈរកៀកកើយដៃជាមួយនារីម្នាក់ នៅក្នុងបរិវេណស្ថានទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា នារាជធានីភ្នំពេញ ជាមួយសំណេរថា “អាខ្ជា វានិយាយថា វាធ្វើពិធីភ្ជាប់ពាក្យតិចតួច ហីចុះបើធ្វើពិធីតិចតួច ម៉េចចាំបាច់ប្រកាសតាម fb? យីស! អានេះ ឡប់គ្មានថ្ងៃស្វាង!…”។
ម្ចាស់គណនីហ្វេសប៊ុក ដដែលនេះ បានសរសេរបន្ថែមថា “បើសឹកហើយ ឈប់និយាយធម៌ណាអាខ្ជា ព្រោះពេលនេះ អាខ្ជា ឯងនៅក្នុងភេទថោកទាប ឯងនិយាយដោយខ្លួនឯងទេ នៅចាំឬអត់? ថាបើឯងនៅក្នុងភេទថោកទាបអ៊ីចឹង ឈប់និយាយធម៌បោកគេទៀតទៅ យើងសឹក មានន័យថាបារាជិកហើយ គឺជាបុគ្គលបរាជ័យហើយ ទៅរកស៊ីតាមបែបថោកទាបទៅ…”។
ជុំវិញការប្រើពាក្យសម្តីជេរប្រមាថ ពីសំណាក់កូនចៅលោកខឹម វាសនា ខាងលើនេះ នៅមិនទាន់មានការឆ្លើយតបពីលោកគ្រូសាន សុជា នៅឡើយទេ កាលពីម្សិលមិញ។
គួរបញ្ជាក់ថា អតីតភិក្ខុវជិរប្បញ្ញោ សាន សុជា ជាធម្មកថិកល្បីមួយអង្គ ដែលពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេស គោរពបូជា និងចូលចិត្តស្តាប់នូវការពន្យល់ធម៌របស់លោក។ ប៉ុន្តែលោកបានលាចាកសិក្ខាបទ (សឹក) នៅក្នុងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ក្រោយបួសអស់រយៈពេល ៣៣ឆ្នាំ។ សព្វថ្ងៃអន្ទិត សាន សុជា មានអាយុ ៤៧ឆ្នាំ កំពុងរស់នៅឯប្រទេសអូស្ត្រាលី ។ ក្រោយពេលសឹកភ្លាម អន្ទិតសាន សុជា បានធ្វើឲ្យមហាជនទាំងក្នុងនិងក្រៅប្រទេស មានការភ្ញាក់ផ្អើល ជាមួយរូបភាពឱបថើបកៀកកិតស្និទ្ធស្នាលជាមួយនារីក្មេងៗជាច្រើននាក់ធ្វើឲ្យគេសង្ស័យថា ក្នុងចំណោមនោះ អាចមានវត្តមាននារីជាសង្សាររបស់លោក តែលោកមិនបានចេញមុខបកស្រាយបំភ្លឺ ជម្រះមន្ទិលនេះទេ រហូតដល់មានការរិះគន់ ជេរប្រមាថពីបុគ្គលមួយចំនួន ទើបប្អូនស្រីទី៥ របស់លោក ដែលកំពុងរស់នៅប្រទេសអូស្ត្រាលី ដែរ បានចេញវីដេអូបកស្រាយបំភ្លឺថា នារីទាំងអស់ដែលថតឱបថើប ស្និទ្ធស្នាលជាមួយអន្ទិតសាន សុជា នោះ សុទ្ធតែជាប្អូនស្រីបង្កើតរបស់លោកទេ ទើបមហាជនអស់មន្ទិលសង្ស័យ។

ប៉ុន្តែបន្ទាប់ពីស្ងប់ស្ងាត់មួយរយៈខ្លី ស្រាប់តែអន្ទិតសាន សុជា ធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាថ្មី ជាមួយការប្រកាសដំណឹងភ្ជាប់ពាក្យជាផ្លូវការតែម្តង តែលោកមិនបានបង្ហាញមុខ និងអត្តសញ្ញាណនារីជាគូដណ្តឹង ឬអនាគតភរិយានោះទេ នាំឲ្យមានពាក្យខ្សឹបខ្សៀប មាត់ចាបមាត់ព្រាប ដែលមិនអាចយកជាការបានជាច្រើន ក្នុងនោះកូនចៅលោកខឹម វាសនា បានបង្ហោះរូបភាពលោកឈរកៀកកើយជាមួយនារីម្នាក់ នៅក្នុងបរិវេណស្ថានទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា ដោយសង្ស័យថា នារីរូបនោះ ជាកូដណ្តឹងរបសល់អន្ទិត សាន សុជា ។ ចំណែកខ្លះទៀតថា គូដណ្តឹងលោកសាន សុជា ជាកូនស្រីអ្នកមានមុខមាត់ ទ្រព្យសម្បត្តិស្តុកស្តម្ភនៅកម្ពុជា ។ រីឯខ្លះទៀតសង្ស័យថា ជានារីរូបស្រស់ពិធីការិនីវិទ្យុ និងទូរទស្សន៍ SBS KHMER នៅប្រទេសអូស្ត្រាលី ដោយឃើញបទសម្ភាសន៍ និងថតរូបកៀកកិតគ្នា ជាញឹកញាប់ តាំងពីកាលនៅជាព្រះសង្ឃ និងក្រោយពេលសឹករួចជាដើម។
ទោះបីជាយ៉ាងណា វាំងននសង្ស័យទាំងនោះ នឹងត្រូវបើកបង្ហាញ នៅពេលខាងមុខដ៏ខ្លីនេះ មិនខាន បន្ទាប់ពីអន្ទិតសាន សុជា បានភ្ជាប់ពាក្យជាផ្លូវការជាមួយនារីជាគូដណ្តឹងពិតប្រាកដ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ នេះ៕ ខៀវទុំ