កំពង់ចាម ៖ ថ្មីៗនេះ មជ្ឈដ្ឋានមហាជន ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក បានសម្ដែងនូវ ការភ្ញាក់ផ្អើលនិងចាបអារម្មណ៍ចំពោះនាងក្រមុំម្នាក់ ទោះបីខ្លួនពិការដៃទាំងពីរ ក៏បានទៅបោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ហើយយកមេជើងជ្រលក់ទឹកថ្នាំលុបមិនជ្រះ សម្រាប់បញ្ជាក់ ការបានបោះឆ្នោត ជំនួសឲ្យចង្អុលដៃដែលគ្មានទាំងសងខាង ។ ក្រមុំពិការរូបនេះ បានបង្ហើបថាទោះបីនាងពិ ការបែបនេះ តែកន្លងទៅ ក៏មានមនុស្សប្រុសសុំស្នេហ៍ដែរតែនាងមិនហ៊ានទទួល ព្រោះខ្លចគេមានចិត្តមិនស្មោះ ចំពោះនារីពិការដូចនាង។

នាងក្រមុំអត់ដៃ បោះឆ្នោតប្រើជើងនេះ បានរៀបរាប់ពីប្រវត្តិជីវិតកម្សត់របស់នាង ប្រាប់ «នគរធំ»នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ថា នាងមានឈ្មោះ វង សំណាង អាយុ២៣ឆ្នាំ រស់នៅភូមិទួលអម្ពិល ឃុំត្រពាំងព្រះ ស្រុកព្រៃឈើ ខេត្តកំពង់ចាម ។ ឪពុកឈ្មោះ វង អ៊ីម អាយុ៦៤ឆ្នាំ ជាអ្នកលេងភ្លេងប្រពៃណីខ្មែរ (ភ្លេងការ) ។ ម្ដាយឈ្មោះយ៉ែម ស្រី អាយុ៥៨ឆ្នាំ ជាមេផ្ទះ ។ នាងជាជនពិការ តាំងពីកំណើត មានបងប្អូន ៩នាក់ ប៉ុន្តែសព្វ ថ្ងៃបងៗមានគ្រួសារ បានបែកទៅរស់នៅស្រុកឆ្ងាយអស់ នៅសល់តែនាង និងប្អូនប្រុសម្នាក់ទៀត រស់នៅជា មួយឪពុកម្ដាយ ក្នុងស្ថានភាពជីវភាពខ្វះខាត ទីទ័លក្រ ។

ក្រមុំពិការកម្សត់នេះ បញ្ជាក់ថា ថ្វីត្បិតតែជានាងជនពិការមែន ហើយបើទោះបីសង្គមហាក់មានការរើសអើង មិនសូវផ្ដល់តម្លៃនាងជាជនពិការក្រីក្រក៏ដោយ ប៉ុន្តែនាងបានយល់ច្បាស់ពីកាតព្វកិច្ចជាពលរដ្ឋ គឺការបោះឆ្នោត ។ ដូច្នេះហើយ ទើបនៅមុនពេលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាងមានក្ដីបារម្ភខ្លាចមិន មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឬខ្លាចគេមិនចុះឈ្មោះឲ្យនាងបោះឆ្នោត ដោយសារនាងជាជនពិការ ។ ប៉ុន្តែផ្ទុយ ពីក្ដីបារម្ភរបស់នាង គឺនាងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានអញ្ជើញទៅបោះឆ្នោត ដូចពលរដ្ឋដទៃនៅក្នុង មណ្ឌលបោះឆ្នោត នៃភូមិដែលនាងរស់នៅ ហើយនាងក៏មិនភ្លេចអរគុណដល់មន្រ្តីភ្នាក់ងារបោះឆ្នោត ដែលបាន ជួយសម្រួលឲ្យនាងបានចូលបោះឆ្នោត (គូសសន្លឹកឆ្នោត) នៅក្នុងបន្ទប់សម្ងាត់ ហើយពេលដែលគូសនិងដាក់ សន្លឹកឆ្នោតចូលក្នុងហិបឆ្នោតហើយ មន្រ្តីភ្នាក់ងារបោះឆ្នោត បានជួយសម្រួលបន្ថែមទៀត គឺអនុញ្ញាតឲ្យនាង យកមេជើងជ្រលក់ទឹកថ្នាំលុបមិនជ្រះ ក្នុងករណីលើកលែងដល់ជនពិការដូចនាង ដែលគ្មានម្រាមចង្អុលដៃ។

នាងក្រមុំពិការ បានបញ្ជាក់បន្តថា នៅពេលបោះឆ្នោតរួចហើយនោះ នាងមានអារម្មណ៍រីករាយ សប្បាយចិត្តខ្លាំង ណាស់ រហូតបានចែករំលែកអារម្មណ៍រីករាយនេះទៅកាន់ប្រជាពលរដ្ឋខ្មែរ និងអ្នកលេងបណ្ដាញសង្គមហ្វេស ប៊ុក តាមរយៈការបង្ហោះរូបភាពភ្ជាប់ជាមួយសំណេរថា “ខ្ញុំគ្មានចង្អុលដៃដូចបងប្អូនទេ ខ្ញុំមានតែមេជើង ទោះបីខ្ញុំ ជាជនពិការ ក៏ខ្ញុំមានបេះដូងដែរ“ ។ នាងក្រមុំរូបនេះ បញ្ជាក់បន្ថែមលើខ្លឹមសារក្នុងសំណេរនេះថា បងប្អូនដទៃ ដែលមានដៃមានជើង អាចបោះឆ្នោតបាន រឿងអីនាងជាជនពិការ មិនអាចបោះឆ្នោតបាន? គឺនាងក៏អាចបោះ ឆ្នោតបានដូចពួកគាត់ ហើយនាងគិតថា សន្លឹកឆ្នោត ១សន្លឹក ដែលគូស និងជ្រលក់ទឹកថ្នាំលុបមិនជ្រះ ដោយមេ ជើងពិការរបស់នាងនេះ មានតម្លៃខ្លាំងណាស់ ដើម្បីបង្ហាញថា នាងបានបោះឆ្នោតឲ្យគណបក្សន យោបាយ ដែលនាងពេញចិត្ត ក្នុងនាមនាងជាប្រជាពលរដ្ឋខ្មែរម្នាក់ដែរ ។

ដោយឡែក ទាក់ទងដល់ប្រវត្តិជីវិតកម្សត់ យុវតីពិការ វង សំណាង ហៅអូន សំណាង បានរៀបរាប់ថានាង បានមកចាប់កំណើតក្នុងផ្ទៃមាតា គ្រប់៩ខែ ១០ថ្ងៃ ដូចបងៗនិងប្អូនរួមផ្ទៃ៨នាក់ទៀតដែរ ប៉ុន្តែកើតមក បែរជាមាន រូបរាងមិនពេញលក្ខណៈ តែនាងម្នាក់ គឺកំបុតដៃទាំង២ គ្មានម្រាម មិនអាចចាប់កាន់អ្វីបាន ឯជើងក៏មិនស្មើគ្នា វែងម្ខាង ខ្លីម្ខាង មិនអាចដើរបាន អាចឈរបានតែមួយភ្លែតៗ ត្រូវអង្គុយលើរទេះរុញ និងត្រូវចេញដើរទៅណា មកណា មានម្ដាយឪពុកជាអ្នករុញ ។ ភាពពិការរបស់នាងនេះ បានធ្វើផ្ដល់ផលលំបាកយ៉ាងខ្លាំងដល់ ឪពុក ម្ដាយនាង ក្នុងការមើលថែ គឺមិនអាចទៅណាឆ្ងាយពីណាបាន ហើយនៅពេលនាងគ្រប់អាយុចូលរៀនឪពុក របស់នាង បានយកទៅឲ្យចូលរៀននៅក្នុងសាលាបឋមសិក្សាមួយ នៅឆ្ងាយពីផ្ទះ ដោយគាត់ត្រូវដឹកនាងទៅ សាលា និងដឹកត្រលប់មកវិញ ជាមួយនឹងម៉ូតូកញ្ចាស់មួយ ។ ប៉ុន្តែរៀនបានតែត្រឹមថ្នាក់ទី៤ នាងក៏សម្រេចចិត្ត ឈប់រៀនដោយខ្លួនឯង ដោយគ្មានការបង្ខិតបង្ខំពីឪពុកម្ដាយ ព្រោះពេលនាងនៅតូចបន្តិច ឪពុកនាងអាច លើកនាងដាក់ម៉ូតូបានងាយស្រួល តែពេលនាងធំទៅ គាត់ពិបាកលើកនាងដាក់លើម៉ូតូដូចមុន ព្រោះធ្ងន់ ទើបជាមូលហេតុឲ្យនាងឈប់រៀនតែម្ដង ហើយមកដល់ពេលនេះ នាងមិនបានរៀនជំនាញអ្វីបន្ថែមទេ គឺនៅ តែផ្ទះ មិនអាចធ្វើកិច្ចការអ្វីកើត ។

យុវតី វង សំណាង បានរៀបរាប់បន្តថា កន្លងមក ជាមួយនឹងការរស់នៅក្នុងភាពពិការពីកំណើតនេះ នាងមាន អារម្មណ៍តូចចិត្តនឹងវាសនាខ្លួនឯងច្រើនដងណាស់ ហើយនឹកអាណិតអ្នកមានគុណទាំង២ ជាពន់ពេក ដែលត្រូវ វេទនានឹងរកប្រាក់ដោះស្រាយជីវភាពគ្រួសារ ត្រូវមកលំបាកមើលថែរូបនាងដែលជាកូនស្រីពិការទៀត ។ ពេលខ្លះនាងអង្គុយយំ មិនឲ្យពួកគាត់ដឹង នៅពេលដែលឃើញពួកគាត់រត់ត្រហេបត្រហប រកអង្ករមកដាំបាយ ឲ្យនាងហូប ព្រោះគ្រួសារនាងគ្មានដីស្រែសម្រាប់ធ្វើស្រែទេ ហើយក៏គ្មានលទ្ធភាពទិញអង្ករទាំងបាវ មកទុកនៅ ក្នុងផ្ទះដែរ គឺមានលទ្ធភាពទិញអង្ករគីឡូ (ទិញម្ដង ១គីឡូ) តែប៉ុណ្ណោះ ហើយគ្រួសារនាង មិនដែលស្គាល់ជាតិ ម្ហូបឆ្ងាញ់ទេ និងពេលខ្លះឪពុកនាងរកលុយមិនបាន ត្រូវហូបបាយជាមួយអំបិលក៏មាន ។ រហូតកាលពីឆ្នាំ២០២២ ដោយសារតែជីវភាពគ្រួសារខ្វះខាតខ្លាំងពេក គ្មានអ្វីជាទីពឹង នាងបានប្រកាសអំពាវនាវស្វែងរកសប្បុរសជន ជួយឧបត្ថម្ភដល់គ្រួសារនាង ជាអង្ករ គ្រឿងឧបភោគ-បរិភោគ និងថវិកាតិចច្រើនក្ដី ទៅតាមសទ្ធាផងដែរ តែដូច ជាមិនមានអ្នកណាចាប់អារម្មណ៍អាណិតដល់ជីវិតកម្សត់របស់នាងទេ ផ្ទុយទៅវិញ បែរជាមានមនុស្សមួយចំនួន បានប្រមាថនាងថា បើជ្រុលជាប្រកាសសុំគេបែបនេះ ម៉េចមិនទៅសុំទានគេនៅតាមផ្សារ ឬតាមទីសាធារណៈ ដូចជនពិការដទៃទៀតតែម្ដងទៅ ។

នាងក្រមុំពិការ បានបន្តថា ការប្រមាថរបស់មនុស្សមួយចំនួននោះ បានធ្វើឲ្យនាងឈឺចាប់ក្នុងចិត្តខ្លាំងណាស់ តែនាងមិនខឹងនឹងពួកគេទេ គ្រាន់តែនឹកតូចចិត្តជាថ្មីឡើងវិញថា បើព្រហ្មលិខិតកម្រិតឲ្យនាងមានជីវិត លើភព ផែនដីនេះហើយ ម្ដេចក៏មិនឲ្យនាងមានដៃស្អាតល្អ មានម្រាម១០ ពេញលក្ខណៈដូចគេ ដើម្បីអាចចាប់កាន់ ឬប្រ កបការងារអ្វីមួយដោយប្រើដៃបាន? មួយវិញទៀត បើថាគ្មានដៃទាំងសងខាងហើយ ហេតុអីក៏ដាក់ទោសឲ្យ នាងជើងខុសខ្នាត ប្រើការមិនកើត ដើរមិនកើតទៅទៀត បែរជាឲ្យអង្គុយតែនៅលើរទេះរុញ។ ទោះបីជាយ៉ាង ណា នាងបញ្ជាក់ថា បើសិនជាមានដើមទុនបន្តិចបន្តួច នាងចង់សាកល្បងចាប់មុខរបរលក់ផលិតផល តាមអន ឡាញ ដើម្បីរកចំណូលជួយដល់គ្រួសារដែរ តែមើលទៅគ្មានលទ្ធភាពទេ ។

ទាក់ទងដល់ជីវិតស្នេហា នាងក្រមុំពិការ បានបង្ហើបប្រាប់ថា នាងក៏ចង់រៀបការ មានគ្រួសារដូច នារីដទៃទៀត ដែរ ប៉ុន្តែនាងតែងតែសួរខ្លួនឯងថា តើអាចទៅរួចទេ ដែលថាមនុស្សស្រីពិការដៃជើង ដូចរូបនាង អាចរកបាន ស្នេហាស្មោះមួយពិតប្រាកដនោះ? នាងតែងតែគិតអវិជ្ជមានចំពោះរឿងនេះថា គ្មានបុរសណាមកស្ម័គ្រ ស្មោះរស់ រួមជាមួយស្រីពិការដូចនាង អស់មួយជីវិតទេ ។ ដូច្នេះហើយទើបនាពេលកន្លងមក មានបុរសពីរបីនាក់ ដែលមាន កាយសម្បទារឹងមាំ សង្ហា បានឃើញនាង ព្យាយាមទាក់ទងសុំស្រឡាញ់នាងដែរ ប៉ុន្តែនាងបានបដិសេធមិន ហ៊ានទទួលការស្រលាញ់នោះទេ ព្រោះខ្លាចគេចិត្តមិនស្មោះ ដោះដៃ ក្បត់ចិត្តឬធ្វើបាបនាង ៕ កុលបុត្រ