Monday, July 14, 2025
Homeព័ត៌មានអន្តរជាតិក្រុមឧទ្ទាមហ៊ូធី វាយប្រហារដោយមីសស៊ីល ទៅលើកប៉ាល់អ្នកជំនួញក្រិក នៅសមុទ្រក្រហម

ក្រុមឧទ្ទាមហ៊ូធី វាយប្រហារដោយមីសស៊ីល ទៅលើកប៉ាល់អ្នកជំនួញក្រិក នៅសមុទ្រក្រហម

យេម៉ែន ៖ ក្រុមឧទ្ទាមហ៊ូធី (Houthi) នៅប្រទេសយេម៉ែន បានវាយប្រហារដោយមីសស៊ីល ទៅលើកប៉ាល់អ្នក ជំនួញក្រិក ដែលធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម ទៅកាន់ប្រទេសអ៊ីស្រាអែល បណ្តាលឲ្យរងការខូចខាត។ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ថា កប៉ាល់ដឹកទំនិញភាគច្រើន ឈ្មោះ «Zografia» ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនក្រិក ដែលធ្វើដំណើរពីវៀតណាម ទៅអ៊ីស្រាអែល ត្រូវបានវាយ ប្រហារ ខណៈកំពុងធ្វើដំណើរនៅសមុទ្រក្រហម កាលពីថ្ងៃអង្គារ ទី១៦  ខែមករា ឆ្នាំ២០២៤ ដោយពួកឧទ្ទាម ហ៊ូធី (Houthi) ក្នុងប្រទេសយេម៉ែន។ ហើយក្រុមឧទ្ទាមហ៊ូធី បានចេញមកទទួលស្គាល់ថា ការវាយប្រហារ នោះ ជាស្នាដៃរបស់ពួកគេ។

អ្នកនាំពាក្យក្រុមឧទ្ទាម ហ៊ូធី  លោកយ៉ាហ៊ីយ៉ា ហ្សារីយ៉ា (Yahya Zaria) បាននិយាយថា កប៉ាល់ដឹកទំនិញ Sografia ត្រូវបានតម្រង់គោលដៅដោយមីសស៊ីល Naval Strike Missile (NSM) ហើយបានរងការវាយប្រ ហារ។

ទោះបីជាយ៉ាងណា ប្រភពក្រសួងដឹកជញ្ជូនតាមផ្លូវសមុទ្រ របស់ប្រទេសក្រិក បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា កប៉ាល់នេះ មិនដឹកទំនិញទេ និងទទួលរងការខូចខាតតិចតួចប៉ុណ្ណោះ ពីការវាយប្រហារ។ ចំណែកនាវិកទាំង ២៤នាក់ មិនមានរបួសអ្វីឡើយ ។

ការវាយប្រហារនេះ បានកើតឡើងស្របពេលដែលយោធាអាមេរិក បានប្រកាសថា ពួកគេបានរឹបអូស អាវុធ ដែលអ៊ីរ៉ង់ កំពុងបញ្ជូនទៅកាន់ក្រុមហ៊ូធី ក្នុងអំឡុងពេលប្រតិបត្តិការយោធាកាលពីសប្តាហ៍មុន ដោយពួកគេក៏ បានវាយប្រហារទៅលើគោលដៅបន្ថែម នៅក្នុងតំបន់ដែលគ្រប់គ្រងដោយពួកឧទ្ទាមហ៊ូធី នៃប្រទេសយេម៉ែន កម្ទេចកាំជ្រួចប្រឆាំងកប៉ាល់ ដែលត្រៀមបាញ់ ចំនួន ៤គ្រាប់។

សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានបើកការវាយប្រហារផ្លូវអាកាស លើក្រុមឧទ្ទាម ហ៊ូធី (Houthi) នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីក្រុមហ៊ូធី បានធ្វើការវាយប្រហារជាច្រើនលើក មកលើកប៉ាល់អ្នកជំនួញ នៅសមុទ្រក្រហម តាំងពីខែវិច្ឆិកា ឆ្នាំមុន ដែលត្រូវបានគេអះអាងថា ជាការឆ្លើយតបទៅនឹងប្រតិ បត្តិការយោ ធារបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប។

ពួកហ៊ូធី ក៏អះអាងដែរថា ពួកគេវាយប្រហារតែកប៉ាល់ដែលគ្រប់គ្រងដោយអ៊ីស្រាអែល ឬពាក់ព័ន្ធនឹង អ៊ីស្រា អែល តែប៉ុណ្ណោះ។ ប៉ុន្តែកប៉ាល់ជាច្រើនគ្រឿង ដែលបានរងការវាយប្រហារ មិនពាក់ព័ន្ធនឹងអ៊ីស្រាអែល នោះ ទេ៕

RELATED ARTICLES