Saturday, May 30, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចផលិតក្បឿង រំលោភកម្មសិទ្ធិបញ្ញា អាជ្ញាធរចុះឃាត់

លួចផលិតក្បឿង រំលោភកម្មសិទ្ធិបញ្ញា អាជ្ញាធរចុះឃាត់

ខេត្តកំពង់ធំ ៖ សិប្បកម្មផលិត ឥដ្ឋ និងក្បឿង មួយកន្លែង នៅភូមិព្រៃប្រស់ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ចចុះពិនិត្យ និងបានរកឃើញថា ម្ចាស់សិប្បកម្ម បានរំលោភបំពានកម្មសិទ្ធិបញ្ញា ដោ យបានផលិតក្បឿង លួចចម្លងរាងរៅ គំនូរឧស្សាហកម្ម ដែលបានចុះបញ្ជីការពារគំនូរឧស្សាហកម្ម ដោយគ្មានសុំការអនុញ្ញាតពីម្ចាស់សិទ្ធិស្របច្បាប់ ហើយសមត្ថកិច្ច បានសម្រេចឱ្យបញ្ឈប់សកម្មភាពផលិតលួចចម្លងនេះ។

ការចុះទប់ស្កាត់របស់សមត្ថកិច្ចនេះ បានធ្វើឡើងក្រោមការសម្របសម្រួលតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ និងក្រោយមានពាក្យបណ្តឹងរបស់ម្ចាស់កម្មសិទ្ធិឧស្សាហកម្ម ឈ្មោះលី ឈួង តាមរយៈមេធាវីរបស់ខ្លួន ដែលបានដាក់ពាក្យបណ្តឹងទៅកាន់តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ។

តាមបណ្តឹងរបស់លោកមេធាវី ង៉ែត ពេជ្រវីរៈបុត្រ បានឱ្យដឹងថា លោកហែម ទុំ ជាម្ចាស់សិប្បកម្មផលិតឥដ្ឋនិងក្បឿង និងបក្ខពួក ដែលមានអាសយដ្ឋានស្នាក់នៅភូមិព្រៃប្រស់ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានផលិតក្បឿង បានចម្លងគំនូរឧស្សាកម្មក្បឿងរបស់លោក លី ឈួង ដែលជាម្ចាស់កម្មសិទ្ធិបញ្ញាស្របច្បាប់ ទៅផលិតដោយមិនមានសុំអនុញ្ញាតឡើយ។

បណ្តឹងបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៥ លោកលី ឈួង ជាម្ចាស់សិទ្ធិស្នាដៃ នៃគំនូរឧស្សាហកម្ម (ក្បឿង) ដែលមានពាណិជ្ជនាម «KRock» បានធ្វើការចុះបញ្ជីការពារគំនូរឧស្សាហកម្ម (ក្បឿង) ដោយមានវិញ្ញាបនបត្រចុះបញ្ជីគំនូរឧស្សាហកម្ម (ក្បឿង) ត្រឹមត្រូវ ចេញដោយក្រសួងឧស្សាហកម្ម និងសិប្បកម្ម (ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍)។

បន្ទាប់ពីមានទទួលស្គាល់ជាម្ចាស់សិទ្ធិស្នាដៃនៃគំនូរឧស្សាហកម្មក្បឿង KRock លោកលី ឈួង ដែលជាម្ចាស់កម្មសិទ្ធិបញ្ញា បានផលិតក្បឿងដែលជាស្នាដៃរបស់ខ្លួន ប្រកបដោយរាងរៅទាក់ទាញ និងគុណភាពខ្ពស់ ប្រើ ប្រាស់បានយូរ ដើម្បីធ្វើអាជីវកម្មលក់ទូទាំង ២៥រាជធានី-ខេត្ត។

បន្ទាប់មកក្នុងអំឡុងដើមឆ្នាំ២០២៥ រហូតដល់ឆ្នាំ២០២៦ នេះ ការលក់ក្បឿងរបស់លោក មានការធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងទីផ្សារកម្ពុជា ដោយបាត់បង់ចំណូលស្ទើរតែទាំងស្រុង ទើបលោកបានចាត់ឱ្យក្រុមការងារ ចុះស្រាវជ្រាវស្វែង រកមូលហេតុអំពីការធ្លាក់ចុះការលក់ ផលិតផលនេះ ក៏បានដឹងថា ឈ្មោះហែម ទុំ ជាម្ចាស់សិប្បកម្មផលិតឥដ្ឋនិងក្បឿងនេះ បានលួចធ្វើពុម្ពក្បឿង និងផលិត ដែលមានរចនាម៉ូដគំនូរ ឧស្សាហកម្មដូចក្បឿង KRock ១០០ ភាគរយ។

ឈ្មោះហែម ទុំ បានលួចផលិត ចាប់តាំងពីដើមឆ្នាំ២០២៥ មក នៅទីតាំងឡឥដ្ឋរបស់ខ្លួនផ្ទាល់ ដើម្បីចែកចាយលក់បន្ត នៅក្នុងទឹកដីខេត្តកំពង់ធំ និងចែកចាយស្ទើរគ្រប់ ២៥រាជធានី-ខេត្ត ដែលជាទង្វើរំលោភបំពានគំនូរឧស្សាហកម្ម មិនមានសុំការអនុញ្ញាតពីម្ចាស់សិទ្ធិស្របច្បាប់ និងផលិតលក់ចែកចាយ អស់រយៈពេល ១ឆ្នាំជាងមកហើយ។

យ៉ាងណាក៏ដោយ សមត្ថកិច្ចបានណែនាំចុះឱ្យបញ្ឈប់ការផលិតនេះ ហើយសមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួន ទុកជាភ័ស្តុតាង ដើម្បីចាត់ការបន្តតាមនីតិវិធី។

ជាមួយគ្នានេះ ម្ចាស់ដើម នៃផលិតផលក្បឿង KRock សូមអំពាវនាវឱ្យអ្នកដែលលួចចម្លងគំនូរឧស្សាហកម្មរបស់ក្បឿង KRock ត្រូវបញ្ឈប់ជាបន្ទាន់ ចៀសវាងការប្រឈមផ្លូវច្បាប់៕

RELATED ARTICLES