ខេត្តកណ្ដាល ៖ ចុះត្រួតពិនិត្យទំនិញបន្លែ ផ្លែឈើ ដែលនាំចូលតាមឡានដឹកទំនិញ នៅច្រកទ្វារអន្តរជាតិជ្រៃធំ ដោយបានធ្វើតេស្តបឋម លើសំណាកគំរូ ចំនួន ២២សំណាក រកឃើញបន្លែ ចំនួន ៤សំណាកគំរូ មានវត្តមានសំណល់ថ្នាំគីមីកសិកម្ម។


តាមប្រភពអគ្គនាយកដ្ឋាន ក.ប.ប. មន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ របស់អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សាខា ក.ប.ប. ខេត្តកណ្ដាល នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ បានសហកាជាមួយសាខា គយនិងរដ្ឋាករខេត្តកណ្ដាល រួមជាមួយអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យទំនិញបន្លែ ផ្លែឈើ ដែលនាំចូលតាមឡានដឹកទំនិញ នៅច្រកទ្វារអន្តរជាតិជ្រៃធំ ដោយបានធ្វើតេស្តបឋម លើសំណាកគំរូ ចំនួន ២២សំណាក រួម មាន ស្លឹកខ្ទឹម ប៉េងប៉ោះ ស្ពៃបូកគោ ការ៉ុត ម្ដេញ ម្រះ មើមឆៃថាវ ខ្ទឹមបារាំង ម្ទេសម៉ាឡេ ម្ទេសហាវ៉ៃ ស្ពៃក្ដោ បពណ៌ស្វាយ ស្ពៃក្ដោប មើមត្រាវ(តូច-ធំ) ដំឡូវបារាំង ក្រូចតែជ្រក់ សណ្ដែកហោឡាំងតាវ មើមដំឡូវជ្វា មើមខ្ទឹមក្រហម ផ្លែក្រូចឆ្មារ ត្រប់វែង និងសណ្ដែកបារាំងបៃតង។


ជាលទ្ធផល ក្រោយការត្រួតពិនិត្យយ៉ាងហ្មត់ចត់ មន្ត្រីជំនាញបានរកឃើញបន្លែ ចំនួន ៤សំណាកគំរូ រួមមាន ស្លឹកខ្ទឹម មើមខ្ទឹមក្រហម ផ្លែក្រូចឆ្មារ និងសណ្ដែកហោឡាំងតាវ មានវត្តមានសំណល់ថ្នាំគីមីកសិកម្ម ដូចនេះមន្ត្រីជំនាញ បានសម្រេចបញ្ជូនសំណាកគំរូទាំងនោះទៅនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីវិភាគលម្អិត បន្តស្វែងរកអនុលោមភាព៕

