ភ្នំពេញ ៖ មន្ទីរសម្រាកព្យាបាលជំងឺ មេត្តាសំណង់១២ ដែលរងការចោទប្រកាន់ព្យាបាលក្មេងអាយុ ៨ខែម្នាក់ ដែលកើតជំងឺគ្រុនឈាម មានការធ្វេសប្រហែស បណ្តាលឲ្យស្លាប់ កាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នោះ ពេលនេះត្រូវបានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបិទនិងរុះរើផ្លាកយីហោទម្លាក់ កាលពីវេលាម៉ោង ៤និង២០នាទីរសៀល ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥។

ការចុះបិទមន្ទីរសម្រាកព្យាបាលជំងឺ មេត្តាសំណង់១២ នេះ បានធ្វើឡើងតាមសេចក្តីសម្រេចរបស់មន្ទីរសុខា ភិបាលរាជធានីភ្នំពេញ លេខ៦០៤/២៥ រប ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីការបិទមន្ទីរសម្រាកព្យាបាលជំងឺ មេត្តាសំណង់១២ ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត កែវ វិបុល អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ លោកកែវ សុភា អភិបាលរង នៃគណៈអភិបាលខណ្ឌទួលគោក និងអាជ្ញាធរសង្កាត់។ ក្នុងឱកាសនោះ គណៈកម្មការ បានប្រគល់សេចក្តីសម្រេច ជូនលោកវេជ្ជបណ្ឌិត ហ៊ាង រតនា ដែលជាម្ចាស់ទុនមន្ទីរសម្រាកព្យាបាលជំងឺ មេត្តាសំណង់១២ ។

សេចក្តីសម្រេច ស្តីពីការបិទមន្ទីរសម្រាកព្យាបាល មេត្តាសំណង់១២ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេច ដូចខាងក្រោម ៖
ប្រការ១- បិទទីតាំងផ្តល់សេវាសុខាភិបាលឯកជន ១កន្លែង (មន្ទីរសម្រាកព្យាបាល មេត្តាសំណង់១២) របស់លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ២៥ ផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមូលហេតុពុំទាន់មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល ។
ប្រការ២- ប្រធានការិយាល័យនិយ័តកម្មសុខាភិបាល ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចតុមុខ និងលោកវេជ្ជបណ្ឌិត ហ៊ាង រតនា មានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ក្រោយមន្ទីរសម្រាកព្យាបាលជំងឺ មេត្តាសំណង់១២ ត្រូវបានបិទ នៅព្រលប់ថ្ងៃដដែលនេះ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ដែលជាម្ចាស់គ្លីនិក បានលើកឡើងតាមបណ្តាញសង្គម ថា “ពេលនេះ គ្លីនិកមេត្តាសំណង់១២ ត្រូវបានបិទ។ ខ្ញុំមានមនោសញ្ចេតនានិងអនុស្សាវរីយ៍ ជាមួយទីនេះ និងជាមួយអ្នកជំងឺនៅទីនេះ ច្រើនណាស់ ពេលនេះបេះដូងរបស់ខ្ញុំ ដូចត្រូវបានកាំបិតមួយចាក់យ៉ាងជ្រៅ ណាមួយគឺទិដ្ឋភាពដែលម្តាយឱបសាកសពកូនយំ នៅដិតដាមចំពោះមុខខ្ញុំ។ នេះគឺជាលើកទីមួយហើយ ក្នុងឆាកជីវិតខ្ញុំ ដែលខ្ញុំព្យាយាមជួយសង្គ្រោះអ្នកជំងឺ ដោយខ្លួនឯងផ្ទាល់ហើយ និងបញ្ជូនជំងឺបន្ត ដើម្បីជួយសង្គ្រោះហើយ តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន។ វាបានប៉ះទង្គិចផ្លូវចិត្តខ្ញុំខ្លាំងណាស់ នៅហេតុការណ៍ទាំងនេះ និងជាពិសេស នៅពេលឮពាក្យថា “ព្យាបាលដើម្បីលុយ”។ ខ្ញុំដឹងច្បាស់អំពីខ្លួនឯងថា ទឹកចិត្តខ្ញុំបែបណា ថាចង់ធ្វើអ្វី ដើម្បីអ្វី ទស្សនៈវិស័យរបស់ខ្លួនឯងបែបណា ខ្ញុំលះបង់អ្វីខ្លះ? ពេលនេះខ្ញុំសួរខ្លួនឯងថា តើខ្ញុំគួរបន្តទៀតទេ??? នោះសូមបងប្អូនវាយតម្លៃចុះថា ខ្ញុំជាមនុស្សបែបណា? ជាគ្រូពេទ្យបែបណា? បងប្អូនអាចខំមិនបានទាំងអស់ មិនថាបងប្អូនជាគ្រូពេទ្យ អ្នកស្អប់ខ្ញុំ អ្នក ស្រលាញ់ខ្ញុំ ជាអ្នកជំងឺខ្ញុំ ឬក៏មិនមែន បើខ្ញុំមើលឃើញថា មានខំមិនចាប់ពី ៥ភាគរយទៅ ថាខ្ញុំជាគ្រូពេទ្យមិនល្អ នោះខ្ញុំនឹងបញ្ចប់អាជីពជាគ្រូពេទ្យរបស់ខ្លួន បោះបង់សញ្ញាបត្រ និងគណៈគ្រូពេទ្យរបស់ខ្ញុំចោល និងឈប់ធ្វើជាគ្រូពេទ្យ ពេញមួយជីវិត រហូតដល់ថ្ងៃខ្ញុំស្លាប់។ នេះមិនមែនជាការឆ្លើយតប ឬបកស្រាយអ្វីមួយនោះទេ គឺខ្ញុំគ្រាន់តែចង់រំដោះផ្លូវចិត្តរបស់ខ្ញុំ…”។

បន្ទាប់ពីមានសំណូមពរពីម្ចាស់គ្លីនិកមេត្តាសំណង់១២ ខាងលើ មានគ្រូពេទ្យម្នាក់ ឈ្មោះ យិន ចន្រ្តី បានសរសេរក្នុងគំនីហ្វេសប៊ុក របស់លោកថា «ភ្ជាប់ជាមួយលោកគ្រូពេទ្យ ហ៊ាង រតនា ទាក់ទងនឹងផ្លូវចិត្តនិងទឹកចិត្ត។ បញ្ជាក់ ៖ ខ្ញុំមិននិយាយរឿងបច្ចេកទេសយ៉ាងណានោះទេ ព្រោះរង់ចាំមើលលទ្ធផលគណៈកម្មការវាយតម្លៃបច្ចេកទេសនិងកោសល្យវិច័យចុះ។ ចង់ចែករំលៃកបទពិសោធន៍ខ្ញុំ ដែលច្រើនដង យកក្បាលទៅលអន្ទាក់។
ខ្ញុំបើកជាបន្ទប់ពិគ្រោះទេ ចឹងកម្រិតនៃការសង្គ្រោះបន្ទាន់ កន្លែងយើងគឺនៅទាបណាស់។ មានករណីដដែលៗ ៣ដង អ្នកជំងឺមកជួបយើង ក្នុងអាការឡេះឡះ ឬបាត់មាត់បាត់ក ដោយសារ សត្វខាំ ឃ្មុំ ស្រាំង ក្អែប ដែលបង្កឲ្យអ្នកជំងឺ Shock Anaphylactic អ្នកខ្លះមកគ្មាន Diastolic ទេ Systolic 50mmHg. មើលអីលែងឃើញ, បាត់អារម្មណ៍ដៃជើង …. ហៅលែងនិយាយ

សួរខ្លួនឯង ជំងឺបែបហ្នឹង យើងគួរមើលទេ???
១- ទេ! បញ្ជូន ៩៩% ស្លាប់តាមផ្លូវ ព្រោះជឿថា ដឹកម៉ូតូបញ្ជូន ផ្លូវ ៦ ទៅ១០គីឡូ គាត់នឹងស្លាប់។
២- មើលសង្គ្រោះតាមលទ្ធភាព រួចបញ្ជូន គាត់អាចរស់ ឬអាចស្លាប់ ព្រោះលទ្ធភាពឧបករណ៍ និងថ្នាំ មានកម្រិត។
ខ្ញុំរើសយកជម្រើស២ ចាក់ថ្នាំដំឡើងសម្ពាធឈាម ថ្នាំផ្សេងៗ ដាក់អុកស៊ីសែន បញ្ជូន។
រួចរាល់ សុវត្ថិភាព ខ្ញុំមកសំពះថ្វាយបង្គំជំនាងផ្ទះ ថាបានជួយខ្ញុំឲ្យផុតគ្រោះអ្នកជំងឺនិងខ្ញុំ។
ចុះបើអកុសល គាត់ «ស្លាប់» អ្វីខ្លះនឹងកើតឡើង? មេឃនឹងបាក់មកលើខ្ញុំតែឯង ខ្ញុំនឹងរាប់ចាប់ពីអ្នកមិនដឹងងុងអី ដេញឡើងលើ ឲ្យអាន ៖
1- រុយថា យើងពេទ្យស្ទើរភ្លើង បើមើលមិនកើត ម៉េចមិនបញ្ជូន
2- អ្នកកាសែត ថាចេះ១ ចុះ១ ចំណងជើងទាក់ទាញអ្នកអាន អ្នកចូលមើល
3- អ្នករត់ការ មកគំរាមមុខក្រោយ ឲ្យគាត់ជួយរត់ការដោះបន្ទុក មានមេខ្យល់ស៊ីកុំមីស្យុង មកតថ្លៃផ្ដល់សំណង
4- ប៉ូលិសចុះមកឆែក មកធ្វើកំណត់ហេតុ កសាងសំណុំរឿង
5- មន្ទីរ ក្រសួងសុខាភិបាល ចុះមកវាយតម្លៃបច្ចេកទេស កោសល្យវិច័យ
6- យើងត្រូវបិទកន្លែង ។
តើ ៦ចំណុចខាងលើ មានប្រឡោះណាដែលលើកទឹកចិត្ត ឬជួយនិយាយពីការប្រឈមរបស់យើង ឬចូលរួមការពារយើងទេ!?

ចុងក្រោយ ខ្ញុំត្រឹមបិទកន្លែង បាត់បង់សញ្ញាបត្រ បាត់បង់អាជីព ជាប់គុក បទមនុស្សឃាតដោយអចេតនា…។
តើពីការប្ដូរនឹងគុកច្រវាក់ ខ្ញុំបានលុយប៉ុន្មាន ពីការព្យាបាល? និយាយឲ្យអស់អាចម៍ ខ្ញុំគិតពីគាត់ ១០ម៉ឺន ទៅ ១៨ម៉ឺនរៀល ហើយមានអ្នកខ្វះខ្ញុំខ្លះដល់ឥឡូវទៀត។
គិតលេងៗទៅ តើលុយប៉ុណ្ណឹង វាសមនឹងខ្ញុំប្ដូរយកក្បាលទៅផ្ញើនឹងគុកទេ? លុយ វាមិនសមទេ តែនេះជាការប្ដូរយកជីវិតអ្នកជំងឺម្នាក់មកវិញ ខ្ញុំហ៊ាន។
គេសួរថា បើខ្ញុំអកុសលមានបញ្ហា ប្រពន្ធកូន ម៉ែឪ គិតម៉េច? ខ្ញុំប្រាប់គាត់ហើយថា ដើរយប់យូ រ គង់ជួបខ្មោច ដើរព្រៃឆ្ងាយ គង់ជាន់អាចម៍… ចម្ការ ដីធ្លី អ្វីៗដែលមាន គាត់ត្រូវចេះដោះស្រាយចិញ្ចឹមកូន និងឪពុកម្ដាយ… ខ្ញុំចេញមកវិញ រកស៊ីតាមសមាអាជីវោ នូវរបរផ្សេង ព្រោះពេទ្យ គេបញ្ចប់ហើយ ហើយក៏ជឿថា ដល់ពេលនោះ របួសចាស់ក៏មិនអាចឲ្យយើងបន្តអាជីពទៀតដែរ។
និយាយតាមត្រង់ចុះ ឃើញអ្នករួមអាជីពម្នាក់ៗមានបញ្ហា ខ្ញុំកាន់តែខ្លាច កាន់តែណាយ។
ចុះខ្ញុំសរសេរវែងអន្លាយហ្នឹង ចង់បានអ្វី? អាណាបង្ខំ ម៉េចមិនឈប់? គ្មានអ្នកណាបង្ខំទេ ខ្ញុំបង្ខំខ្លួនឯង ព្រោះស្រលាញ់តាំងពីតូចមក»។
ចំណែកលោកស្រីឧកញ៉ា នឹម វណ្ណៈ ប្អូនជីដូនមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសរសេរក្នុងគណនីហ្វេសប៊ុក របស់លោកស្រី នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ថា «ហេតុផលខាងក្រោយ ៦ចំណុចនេះហើយ បូកនឹងចំណុចទី៧ គឺពេទ្យចាំតែខុស បានជាខ្ញុំសម្រចចិត្ត ឈប់ឲ្យប្តីខ្ញុំធ្វើជាពេទ្យ។ បើព្យាបាលជា គេថាមកពីទឹកដោះម្តាយថ្លៃ ពេលឈឺធ្ងន់ មកជួបយើង មានគ្រោះថ្នាក់ ថាមកពីពេទ្យស្ទើរភ្លើង។ សួមផ្តាំថា ពេទ្យមិនមែនជាទេវតាទេ លោកព្រះ! សូមអរគុណ សូមជម្រាបលា! ករណីមួយ លើយន្តហោះ មកអាមេរិក បានប្តីខ្ញុំជួយសង្រ្គោះទៀត ថាឈប់ឲ្យជួយគេហើយ តែចិត្តជាពេទ្យ ទោះយ៉ាងណាក៏នៅតែជួយសង្រ្គោះអ្នកជំងឺគ្រប់ពេល គ្រប់ទីកន្លែង»។
គួររំលឹកថា កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ មានការភ្ញាក់ផ្អើលមួយ បានកើតឡើង នៅមន្ទីរសម្រាកព្យាបាលជំងឺ មេត្តាសំណង់១២ បន្ទាប់ពីស្ត្រីម្នាក់ រួមទាំងក្រុមគ្រួសារ បានបីសពកូនប្រុស មកទ្រហោយំនៅមន្ទីរសម្រាកព្យាបាលជំងឺ មេត្តាសំណង់១២ ដោយចោទប្រកាន់ថា បានព្យាបាលកូនរបស់ខ្លួនដែលទើបនឹងមានអាយុ ៨ខែ មានការធ្វេសប្រហែស បណ្តាលឱ្យស្លាប់ ព្រមទាំងកើតទុក្ខមិនសុខចិត្ត ប្តឹងសមត្ថកិច្ចឱ្យចុះត្រួតពិនិត្យ និងស្រាវជ្រាវ ដើម្បីរកយុត្តិធម៌។

ក្មេងប្រុសដែលបានបាត់បង់ជីវិត ឈ្មោះ វង់ ចន្ទវឌ្ឍនៈវិភូ អាយុ៨ខែ មានឪពុកឈ្មោះ វង់ រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំ មានលំនៅ ផ្ទះលេខ៥៥ ផ្លូវលេខ៩ បុរីឡាយគង់ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ ក្មេងប្រុសរងគ្រោះ បានបាត់បង់ជីវិត នៅវេលាម៉ោង ៧និង៥០នាទីព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យគន្ធបុប្ផា បន្ទាប់ពីបញ្ជូនចេញពីមន្ទីរសម្រាកព្យាបាលជំងឺ មេត្តាសំណង់១២។
លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ភេទប្រុស អាយុ៣២ឆ្នាំ ម្ចាស់មន្ទីរសម្រាកព្យាបាលមេត្តាសំណង់១២ បានបំភ្លឺប្រាប់សមត្ថកិច្ចថា កាលពីវេលាម៉ោងប្រហែល ៤រសៀល ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ឪពុកម្តាយក្មេងរងគ្រោះ បាននាំមកកាន់មន្ទីរសម្រាកព្យាបាលជំងឺ មេត្តាសំណង់១២ ដោយពិនិត្យឃើញមានកម្តៅ ៣៧,៥០អង្សា ហើយបានឱ្យក្មេងរងគ្រោះ សម្រាកព្យាបាល តាមដានអាការសុខភាពបន្ត។ នៅវេលាម៉ោងប្រហែល ៦និង៣០នាទីព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ក្មេងរងគ្រោះ ស្រាប់តែមានអាការមិនស្រួល ធ្វើទុក្ខខ្លាំង ទើបខាងគ្រូពេទ្យ បានធ្វើការសង្គ្រោះតាមបច្ចេកទេសពេទ្យ តែដោយអាការមិនស្រួលខ្លាំង ទើបដឹកទារកតាមរថយន្តផ្ទាល់ខ្លួន ទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា។ ពេលទៅដល់ គ្រូពេទ្យនៅមន្ទីរពេទ្យគន្ធបុប្ផា បានធ្វើការសង្គ្រោះប្រហែលជាកន្លះម៉ោង ទើបប្រាប់ថា ទារកបានស្លាប់បាត់ទៅហើយ រួចខាងមន្ទីរពេទ្យគន្ធបុប្ផា បានចេញលិខិតមរណភាពឱ្យ ហើយក្រុមគ្រួសារដឹកសពទារក ត្រឡប់មកកាន់មន្ទីរសម្រាកព្យាបាលជំងឺ មេត្តាសំណង់១២ វិញ។
ដោយឡែកតាមប្រភពពូបង្កើតរបស់ក្មេងប្រុសរងគ្រោះ បានរៀបរាប់ប្រាប់ថា ក្មួយប្រុសរបស់គាត់ (ទារក រងគ្រោះ) បានកើតមានជំងឺគ្រុនឈាម ហើយបានទៅសម្រាកព្យាបាលនៅមន្ទីរសម្រាកព្យាបាលជំងឺ “មេត្តាសំណង់១២” កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីក្មេងរងគ្រោះ ក្តៅខ្លួន។ នៅពេលទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខាងលើ ស្ថានភាពក្មេងកាន់តែធ្ងន់ធ្ងរទៅ ដោយគ្រូពេទ្យហាក់ដូចជាមិនយកចិត្តទុកដាក់ ហើយនៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ទើបបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរជ្រុលហួសទៅហើយ ទើបគ្រូពេទ្យមិនអាចជួយបាន ហើយកក្មេងរងគ្រោះក៏បានដាច់ខ្យល់ស្លាប់ នៅវេលាម៉ោង ៧និង៥០នាទីព្រឹក ថ្ងៃដដែលនោះតែម្តង។
ក្រោយពីដឹងថាកូនប្រុសរបស់ខ្លួនបានស្លាប់ ស្ត្រីជាម្តាយក្មេងរងគ្រោះ បានស្រែកទ្រហោយំយ៉ាងខ្លាំង ហើយបានចោទប្រកាន់ទៅលើគ្រូពេទ្យនៅមន្ទីរសម្រាកព្យាបាលជំងឺ មេត្តាសំណង់១២ ថាមានការធ្វេសប្រហែស មិនយកចិត្តទុកដាក់ ទុកបណ្តោយឱ្យកូនរបស់គាត់ធ្ងន់ធ្ងររហូតបាត់បង់ជីវិត ហើយម្តាយក្មេងរងគ្រោះ បានប្តឹងសមត្ថកិច្ច ក៏ដូចជាមន្ត្រីពាក់ព័ន្ធ ឱ្យជួយអន្តរាគមន៍រកយុត្តិធម៌ ព្រមទាំងបីសពកូនប្រុស មកមន្ទីរសម្រាកព្យាបាលជំងឺ មេត្តាសំណង់១២ ។ បន្ទាប់មកក៏ឃើញមន្ត្រីមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន និងនគរបាលជំនាញផ្នែកបច្ចេកទេសនិងវិទ្យាសាស្ត្រ ចុះទៅត្រួតពិនិត្យ និងបង្កឱ្យមានការភ្ញាក់ផ្អើលនៅមន្ទីរសម្រាកព្យាបាលជំងឺ មេត្តាសំណង់១២។

បន្ទាប់ពីធ្វើការត្រួតពិនិត្យ និងប្រមូលព័ត៌មាន លិខិតពិនិត្យឈាមរបស់មន្ទីរសម្រាកព្យាបាលជំងឺ មេត្តាសំណង់១២ លោកឧកញ៉ា វេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និ ដ្ឋានថា ក្មេងរងគ្រោះ ស្លាប់ដោយជំងឺគ្រុនឈាម។
ទោះបីជាយ៉ាងណា រំលងបានមួយថ្ងៃ មន្ទីរសម្រាកព្យាបាលជំងឺ មេត្តាសំណង់១២ ត្រូវបានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចេញសេចក្តីសម្រេចបិទអាជីវកម្ម និងឱ្យរុះរើស្លាកយីហោចេញ ដោយមូលហេតុគ្មានលិខិត អនុញ្ញាតពីក្រសួងសុខាភិបាល៕