Friday, April 24, 2026
Homeសន្ដិសុខសង្គមផ្អាករោងចក្រដំណាប់ស្វាយ បំពុលទឹក ងាប់ត្រី

ផ្អាករោងចក្រដំណាប់ស្វាយ បំពុលទឹក ងាប់ត្រី

ខេត្តបាត់ដំបង ៖ មន្ត្រីជំនាញ បានរកឃើញថា ក្រុមហ៊ុន បៃ ស៊ីង សេង (ខេមបូឌា) អ៊ីនដាសស្ត្រី ឯ.ក បានបញ្ចេញសំណល់រាវ បង្កឱ្យមានការបំពុលទឹក ងាប់ត្រី និងបំពុលបរិស្ថាន នៅក្នុងអូរត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ក្រសួងបរិស្ថាន តម្រូវឱ្យរោងចក្រផលិតដំណាប់ស្វាយ នេះ ១-ផ្អាកដំណើរការផលិតកម្មរោងចក្រ រហូតដល់អាងប្រព្រឹត្តិកម្មសំណល់រាវ បានសាងសង់រួចរាល់និងដំណើរការ អនុលោមតាមបទដ្ឋានបរិស្ថាន ២-ត្រូវធ្វើការបិទលូបង្ហូរសំណល់រាវ និងទឹកភ្លៀងទាំងអស់ មិនឱ្យមានការបញ្ចេញពីទីតាំងរោចក្រ ចូលទៅក្នុងអូរត្រែង និង៣-ត្រូវទទួលរងពិន័យអន្តរការណ៍ ករណីមិនរាងចាល នឹងត្រូវផ្តល់សំណងការខូចខាតបរិស្ថាន តាមការវាយតម្លៃជាក់ស្តែង របស់មន្ត្រីជំនាញ។

ក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រុមការងារក្រសួង បានបន្តចុះពិនិត្យជាមួយមន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្ត បាត់ដំបង និងរដ្ឋបាលស្រុករតនមណ្ឌល នៅថ្ងៃទី២១-២២ ខែមេសា ឆ្នាំ២០២៦ បានរកឃើញថា រោងចក្រផលិតដំណាប់ស្វាយ បៃ ស៊ីង សេង (ខេមបូឌា) អ៊ីនដាសស្ត្រី ឯ.ក ដែលស្ថិតនៅជាប់នឹងដងអូរត្រែង និងស្ថិតនៅចំណុចខ្សែទឹកខាងលើទីតាំង ដែលមានត្រីងាប់ ចម្ងាយប្រមាណ ២គីឡូម៉ែត្រ បានបញ្ចេញសំណល់រាវ មិនបានធ្វើប្រព្រឹត្តកម្មត្រឹមត្រូវ ដោយបានបង្ហូរតាមប្រព័ន្ធលូ​ចេញពីទីតាំងផលិតកម្ម ចូលទៅក្នុងអូរត្រែង ដោយផ្ទាល់ (ស្ថិតនៅចំណុចខាងកើត ផ្នែកខាងជើងនៃទីតាំងរោងចក្រ)។

ក្រសួងបរិស្ថាន បញ្ជាក់ថា នឹងបិទរោងចក្រជាស្ថាពរ ក្នុងករណីមិនគោរពតាមគោលការណ៍ខាងលើ ឬប្រព្រឹត្តកំហុសម្តងទៀត។

សូមបញ្ជាក់ថា នេះមិនមែនលើកទី១ ទេ ដែលមានត្រីពុលងាប់ នៅអូរត្រែង បណ្តាលមកពីរោងចក្រនៅប៉ែកខាងលើ បញ្ចេញសំណល់រាវ បង្កឱ្យមានការបំពុលទឹក ងាប់ត្រី និងបំពុលបរិស្ថាន ហើយក្រសួងបរិស្ថាន​មានវិធានការជាបន្តបន្ទាប់៕

RELATED ARTICLES