Saturday, August 2, 2025
Homeព័ត៌មានជាតិចោរប្រវត្តិសាស្ត្រ សៀម ប្លន់មិនបាន បាញ់កម្ទេចប្រាសាទព្រះវិហារខ្មែរ 

ចោរប្រវត្តិសាស្ត្រ សៀម ប្លន់មិនបាន បាញ់កម្ទេចប្រាសាទព្រះវិហារខ្មែរ 

ភ្នំពេញ ៖ លោកបណ្ឌិត សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានវេទិកាសន្តិភាពកម្ពុជា បានហៅសៀម ឬថៃ ជា “ចោរប្រវត្តិសាស្រ្ត” ដែលចង់ប្លន់យកទឹកដីនិងប្រាសាទខ្មែរ ជាពិសេសប្រាសាទព្រះវិហារ មិនបាន ក៏បាញ់ប្រហារ និងទម្លាក់គ្រាប់បែក កម្ទេចចោលតែម្តង ហើយចំណុនេះបញ្ជាក់ច្បាស់ថា សារជាតិចោរដែលវាចង់ប្លន់យករបស់គេ គឺចង់តែយកឲ្យបាន ដោយមិនខ្លាចខូចខាត ឬមិនស្រលាញ់ពិតប្រាកដដូចយើងជាម្ចាស់ពិតទេ ។

លោកបណ្ឌិត សួន សេរីរដ្ឋា បានបង្ហោះរូបភាពប្រាសាទព្រះវិហារ របស់កម្ពុជា ដែលជាបេតិកភណ្ឌពិភពលោក ដែលត្រូវបានបាក់បែកខូចខាតខ្ទេចខ្ទី ដោយការទម្លាក់គ្រាប់បែក និងបាញ់ផ្លោងកាំភ្លើងធំ របស់ទាហានថៃ ឈ្លានពានកម្ពុជា ក្នុងរយៈពេលប្រយុទ្ធគ្នា ៥ថ្ងៃ កន្លងទៅ នៅក្នុងគណនី និងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ថា “សារជាតិជាចោរ ដែលវាចង់ប្លន់យករបស់យើង វាចង់តែបាន គឺយកឲ្យបាន តែវាមិនស្រលាញ់ពិតប្រាកដដូចយើងជាម្ចាស់ពិតទេ !

ឃើញរូបភាពនេះ ទ្រាំទប់ទឹកភ្នែកមិនជាប់ទេ ! នេះហើយជាមូលហេតុដែលវីរៈកងទ័ពជាតិយើង ប្តូរពលី ក្រាញននៀល សុខចិត្តយកទ្រូងទៅពាំង តតាំងសត្រូវឈ្លានពានសៀមចង្រៃលុះដល់ជីវិតចុងក្រោយ មិនដកថយ… ។

ខ្មែរយើងត្រូវចងចាំ ! វាធ្លាប់ចូលប្លន់យកមាស ពេជ្រ សម្បត្តិកេតនភណ្ឌជាតិយើង ធ្លាប់ដុតអង្គរវត្តយើង ពីអតីតកាល… ឥឡូវវាទម្លាក់គ្រាប់ បំផ្លាញប្រាសាទកេរដូនតាយើង ទោះបីជាត្រូវការពារដោយច្បាប់ UNESCO ហើយក្តី ។

នេះហើយជាស្នាដៃចោរសៀម ចោរប្រវត្តិសាស្ត្រ ចោរឈ្លានពាន ជាជាតិសាសន៍សាហាវឃោឃៅ និងជាសត្រូវតពូជរបស់ខ្មែរយើង“ ។

លោកបណ្ឌិត សួន សេរីរដ្ឋា បានសរសេរបន្ថែមនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ថា «១- ខ្ញុំ នៅតែហៅសង្គ្រាមនេះថា ជាសង្គ្រាមឈ្លានពាន ជាឧក្រិដ្ឋកម្មឈ្លានពាន និងជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលវាធ្វើមកលើប្រទេសនិងប្រជាជនខ្ញុំ !

២- ខ្ញុំនៅតែហៅជនជាតិនេះថា ជាជាតិសាសន៍ចោរប្រវត្តិសាស្ត្រ ចោរប្លន់ទឹកដីខ្មែរ… ដែលវាបានប្លន់រំលោភបំពានអធិបតេយ្យ បូរណភាពទឹកដីខ្មែរ !

៣- ខ្ញុំនៅតែចាត់ទុកជាតិសាសន៍នេះថា ជាសត្រូវតពូជជាមួយនិងខ្ញុំ កូនខ្ញុំ គ្រួសារខ្ញុំ និងជាមួយជាតិសាសន៍ខ្ញុំ អ្នកទាំងឡាយណាដែលឈឺចាប់ដូចខ្ញុំ និងចងចាំជារៀងរហូតដូចខ្ញុំ មិនរហ័សភ្លេច !

៤- ខ្ញុំនៅតែនិយាយរំលឹកដដែលៗ នូវប្រវត្តិសាស្ត្រថ្មីនេះ គឺការឈ្លានពាននិងអំពើព្រៃផ្សៃរបស់វានេះ នៅគ្រប់ទីកន្លែងដែលខ្ញុំទៅដល់ រហូតដល់ខ្ញុំស្លាប់!»។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកបណ្ឌិត សួន សេរីរដ្ឋា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ថា ការដែលលោកហៅសៀម ថាជាចោរប្រវត្តិសាស្រ្ត ចោរឈ្លានពាន ដោយសារតែអ្វីក៏ជាតិសាសន៍មួយនេះ ហ៊ានធ្វើដែរ តាំងពីអតីតកាលប្រវត្តិសាស្រ្ត រហូតមកដល់បង្កសង្រ្គាមលើខ្មែរ នាពេលថ្មីៗនេះ ដែលរូបភាពទាំងអស់នេះ ខ្មែរ ត្រូវតែចងចាំ ហើយមិនត្រឹមចងចាំជំនាន់យើងទេ ត្រូវសរសេរទុកប្រាប់តកូន តចៅ ។

 លោកបណ្ឌិត សួន សេរីរដ្ឋា បានមានប្រសាសន៍ថា “ចំណុចដែលខ្ញុំថា សារជាតិជាចោរ ដែលវាចង់ប្លន់យករបស់យើង វាចង់តែបានគឺយកឲ្យបាន តែវាមិនស្រលាញ់ពិតប្រាកដដូចយើងជាម្ចាស់ពិតទេនោះ គឺខ្ញុំចង់សំដៅទៅលើភាពខ្ទេចខ្ទាំរបស់ប្រាសាទព្រះវិហារ ដែលជាកេរដំណែលដូនតាខ្មែរ និងប្រាសាទតាមាន់ ក៏ដូចជាប្រា សាទតាក្របី ដែលសៀម វាបានធ្វើសង្រ្គាមឈ្លានពានប៉ុន្មានថ្ងៃនេះ វ៉ៃសន្ធប់ចង់យកទឹកដីរបស់យើង និងប្លន់យកប្រាសាទរបស់យើងនោះ គឺយើងឃើញថា វាបានប្រើនូវអាវុធយុទ្ធភណ្ឌទំនើបៗ ដូចជា F16 គ្រាប់បែកចង្កោម ផ្លោងមកទម្លាក់លើតួប្រាសាទ ធ្វើឲ្យបាក់បែកខ្ទេចខ្ទាំប្រាសាទ ដែលជាកេរដំណែលដូនតាខ្មែរ ទុកឲ្យខ្មែរ មានអាយុកាលរាប់ពាន់ឆ្នាំមកហើយ ជាពិសេសគឺប្រាង្គប្រាសាទព្រះវិហារ ដែលត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌពិភពលោក ដែលការពារដោយច្បាប់អន្តរជាតិ ដែលការពារដោយអង្គការយូណេស្កូ ក៏ត្រូវពួកចោរសៀមនេះ បានប្រើយន្តហោះ F16 ទម្លាក់គ្រាប់មក បាក់បែកខ្ទេចខ្ទាំ គឺថាយើងឃើញហើយ មានការសោកស្ដាយ សោកសង្រេងមែនទែន នូវកេតនភណ្ឌកេរដំណែលរបស់ដូនតាយើង ដែលបញ្ជាក់ថា ទាំងប្រាសាទព្រះវិហារ ទាំងប្រាសាទតាមាន់ ទាំងប្រាសាទតាក្របី ដែលសៀម វាចង់បានពីយើង ហើយវាទាមទារពីយើង កន្លងមក ចាញ់ក្ដីនៅតុលាការយុត្តិធម៌អន្តរជាតិ ប៉ុន្តែបញ្ជាក់ថា សារជាតិជាចោរ វាចង់បានរបស់យើង គឺវាគ្រាន់តែចង់បានទេ វាអត់មានការស្រលាញ់ទេ ព្រោះវាមិនមែនជាម្ចាស់ វាមិនមែនដូនតាវាជាអ្នកសាងសង់ទុកឲ្យ វាឃើញដូនតាយើងសាងសង់ទុកឲ្យ មានតម្លៃជាប្រវត្តិសាស្រ្ត មានតម្លៃជាសកល សម្រាប់ពិភពលោក គឺប្រណីតភាពនេះ គឺវាចង់បាន ។ ដល់ពេលវាយកមិនបាន គឺថាវាកម្ទេចចោល ដោយគ្មានការស្ដាយស្រណោះអ្វីទេ អានេះដូចជាពុទ្ធដីកានៅក្នុងអត្ថកថា របស់ព្រះពុទ្ធ និយាយអំពីម្ដាយបង្កើត ហើយនិងមិនមែនជាម្ដាយបង្កើត ដណ្ដើមកូនគ្នាអ៊ីចឹង នៅពេលដែលម្ដាយបង្កើត អត់ហ៊ានប៉ះពារជីវិតកូនទេ ប៉ុន្តែម្ដាយដែលតាំងខ្លួនជាម្ដាយកុហកភូតភរ ប៉ុន្តែម្ដាយបង្កើតហ្នឹង គឺថាពេលដែលព្រះពោធិសត្វ កាត់ក្ដីឲ្យពុះកូនជា ២ចំណែក គឺមិនមែនជាម្ដាយបង្កើត វាហ៊ានពុះ វាហ៊ានទទួលយកការពុះកូនជាពីរចំណែក យកមួយចំណែក ដល់ពេលម្ដាយបង្កើត សុខចិត្តឲ្យគេទាំងមូល មិនឲ្យពុះកូនជាពីរចំណែកទេ អាហ្នឹងគឺបៀបធៀបដូចសៀម ដែលកំពុងតែបំផ្លិចបំផ្លាញកេតនភណ្ឌ សម្បតិ្តដូនតាយើងអ៊ីចឹង គឺថាអ្វីដែលវាទាមទារ វាចង់បានកន្លងមក វាមិនមែនចង់បានដោយសេចក្ដីស្រលាញ់ទេ គឺវាចង់បានដោយសេចក្ដីលោភលន់ វាចង់បានឲ្យតែបាន ហើយឥឡូវយើងឃើញជាក់ស្ដែងហើយ វាអត់មានស្ដាយស្រណោះ វាមិនមែនទម្លាក់គ្រាប់បែកមក បាញ់គ្រាប់បែកចង្កោមមក គឺទម្លាក់ខ្ទេចខ្ទាំ ខ្ទេចខ្ទី ដែលយើងឃើញ គឺយើងរកការពណ៌នាមិនបានបែបនេះទេ“ ។

 លោកបណ្ឌិត សួន សេរីរដ្ឋា បានមានប្រសាសន៍ថា “ចំពោះខ្ញុំថា ឃើញរូបភាពនេះ ទ្រាំទប់ទឹកភ្នែកមិនជាប់ទេ! នេះហើយជាមូលហេតុដែលវីរៈកងទ័ពជាតិយើង ប្តូរពលី ក្រាញននៀល សុខចិត្តយកទ្រូងទៅពាំង តតាំងសត្រូវឈ្លានពានសៀមចង្រៃ លុះដល់ជីវិតចុងក្រោយមិនដកថយនោះ គឺចង់បង្ហាញថា អារម្មណ៍មួយនេះ វាធ្វើឲ្យយើងនឹកឃើញដល់អតីតកាលប្រវតិ្តសាស្រ្តដែលយើងបានរៀន ដែលពេលសៀម ចូលឈ្លានពានទឹកដីរបស់យើងហើយ ដុតក្រុងអង្គរ ដូចគ្នា គឺយើងបានរៀនខ្មែរ គ្រប់គ្នាបានរៀនប្រវត្តិសាស្រ្ត ប្រាកដជាបានចងចាំហើយ បើមិនបានរៀន បានអាន ក៏បាននឹកឃើញដែរ ពេលដែលសៀម វ៉ៃលុកចូលក្រុងអង្គរ ប្លន់យករបស់មានតម្លៃ មាស ពេជ្រ ត្បូងកែវកង រតនសម្បត្តិរបស់ខ្មែរយើងហើយ គឺវាបានដុតក្រុងអង្គរ ដុតអង្គរវត្ត របស់យើង ឲ្យឆេះខ្ទេចខ្ទី ប៉ុន្តែទោះបីយ៉ាងណា អង្គរវត្ត នៅតែជាអង្គរវត្ត ដ៏រឹងមាំ មកដល់រាល់ថ្ងៃនេះ ហើយមកដល់អ្វីដែលសៀម ធ្វើក្នុងសហស្សវត្សរ៍ថ្មីនេះ ពេលថ្មីនេះ សម័យទំនើបនេះ ដែលទម្លាក់គ្រាប់បែកពី F16 ផ្លោងគ្រាប់បែកចង្កោម មកលើប្រាសាទព្រះវិហារ និងប្រាសាទតាក្របី ឃើញឡើងខ្ទេចថ្មបុរាណ ដែលមានអាយុកាលរាប់រយ រាប់ពាន់ឆ្នាំ ត្រូវបានកម្ទេច ដោយគ្រាប់បែកចង្កោម គ្រាប់បែក F16 ដែលពិភពលោកគេហាម ពិភពលោក គេមិនឲ្យប្រើ ប៉ុន្តែសៀម វាយកមកប្រើនេះ មកកម្ទេចនេះ គឺហាក់ដូចជាកម្ទេចដួងព្រលឹងរបស់បុព្វបុរសដូនតាយើង ដែលនៅសណ្ឋិត នៅការពារទឹកដី កេរដំណែលដូនតាយើង វាធ្វើឲ្យអារម្មណ៍របស់យើងក្ដុកក្ដួលខ្លាំងណាស់ វាមិនអាចទ្រាំបានទេ កន្លែងហ្នឹង គឺយើងឃើញហើយ គឺថាយើងទប់ទឹកភ្នែកមិនបានទេ យើងសែនស្រណោះ ហើយវាធ្វើឲ្យឈឺចាប់ថា ចោរដែលវាចង់បានរបស់យើង គឺចរិតវាសាមាន្យ ចរិតវាសា ហាវព្រៃផ្សៃបែបហ្នឹង គឺថា វាធ្វើអីក៏វាហ៊ានធ្វើដែរ ទោះបីមិនបាន ក៏វាត្រូវតែកម្ទេចចោលដែរ អាហ្នឹងជាចរិតចោរ សារជាតិចោរ ចិត្តចោរ ដែលវាប្លន់ទឹកដីរបស់យើង តាំងពីក្នុងប្រវត្តិសាស្រ្តដែលយើងបានដឹងកន្លងមក“ ។

  លោកបណ្ឌិត សួន សេរីរដ្ឋា បានមានប្រសាសន៍បន្តទៀតថា “អ៊ីចឹងហើយបានខ្ញុំថា ខ្មែរយើង ត្រូវចងចាំ គឺចងចាំនូវមេរៀនប្រវត្តិសាស្រ្តដុតក្រុងអង្គរ ប្រវត្តិសាស្រ្តលួចប្លន់កេតនភណ្ឌ របស់មានតម្លៃ មាស ពេជ្រ កែវកង ពេលដែលសៀម វ៉ៃចូលក្រុងអង្គរ របស់យើង គឺថាជាប្រវត្តិសាស្រ្ត ដែលយើងអានតែក្នុងប្រវត្តិសាស្រ្ត ឃើញក្នុងសៀវភៅដែលបានសរសេរ ដែលយើងមិនបានឃើញផ្ទាល់ភ្នែក តែថ្ងៃនេះ ពេលវេលានេះ គឺ២៤ កក្កដា រហូតដល់២៩ កក្កដា នេះ គឺអត់មែនជាប្រវត្តិសាស្រ្តសរសេរក្នុងសៀវភៅ សាស្រ្តាស្លឹករឹត ឬក៏ជាសិលាចារឹកទេ គឺជាអ្វីដែលកើតថ្មី យើងរស់ យើងឃើញការពិតជាក់ស្ដែងទាំងអស់គ្នា ។ អ៊ីចឹងយើងត្រូវចងចាំ ខ្មែរគ្រប់រូប គឺប្រាប់តកូនតចៅ កុំឲ្យភ្លេចខ្លួន កុំឲ្យចាញ់ពាក្យលួងលោម ឃើញពាក្យផ្អែម ពាក្យស្លូត ពាក្យផ្អែមតែបង្កប់ដោយពិសពុល បង្កប់ដោយល្បិចកិច្ចកលទាំងអស់ គឺឲ្យយើងចងចាំថា ប្រវត្តិសាស្រ្តរបស់យើង គឺបាត់បង់ បែកបាក់ ហើយត្រូវបានគេដុតបំផ្លាញ ប្លន់ទាំងប៉ុន្មាន យកទៅទុកនៅស្រុកគេ ហើយថ្ងៃនេះ គឺយើងឃើញនៅក្នុងសម័យទំនើបយើង នៅតែជាសារជាតិជាចោរ ជាជាតិមួយដែលមិនដូរសន្ដាន វាមិនអាចរស់ក្នុងសម័យទំនើប វាគ្មានភាពស៊ីវិល័យជាមនុស្សជាតិ ដែលអាចរួមរស់ជាមួយគ្នាក្នុងសន្តិភាព រួមរស់ជាមួយគ្នាក្នុងមិត្តភាពក្នុងសម័យទំនើបបាន វានៅតែមានជាតិជាចោរព្រៃ គឺចង់បំផ្លាញ ធ្វើឲ្យខ្មែរយើងចងចាំ ហើយមិនមែនចងចាំតែជំនាន់យើងទេ យើងត្រូវតែផ្ដាំតកូនតចៅ ឲ្យដឹងថា សម័យយើងនេះក៏បានឆ្លងកាត់ដែរ មិនចាំបាច់ទៅដល់សម័យដូនតាយើង សម័យអង្គរ ដែលយើងចងចាំតាមប្រវត្តិសាស្រ្ត រៀនតាមសៀវភៅទេ គឺថ្ងៃនេះ គឺយើងបានឃើញផ្ទាល់ រូបភាពផ្ទាល់ សំឡេងផ្ទាល់ គឺថាវាទម្លាក់គ្រាប់បែកមកកម្ទេចប្រាសាទដូនតារបស់យើង យើងត្រូវប្រាប់តគ្នា តកូនតចៅ កុំភ្លេចឲ្យសោះ“ ។

លោកបណ្ឌិត សួន សេរីរដ្ឋា បានមានប្រសាសន៍បន្ថែមថា “ជារួម អ្វីដែលខ្ញុំថា នេះហើយជាស្នាដៃចោរសៀម ចោរប្រវត្តិសាស្ត្រ ចោរឈ្លានពាន ជាជាតិសាសន៍សាហាវឃោឃៅ និងជាសត្រូវតពូជន៍របស់ខ្មែរយើង គឺយើងបានឮទាំងអស់គ្នា យើងបានឃើញទាំងអស់គ្នា ព្រឹត្តិការណ៍នៃការឈ្លានពាន ដែលចាប់ផ្ដើមតាំងពីថ្ងៃ២៨ ឧសភា ឆ្នាំ២០២៥ ចាប់ផ្ដើមឡើងក្នុងការដែលចូលមកសម្លាប់កងទ័ពយើងក្នុងទឹកដីរបស់យើង ថ្ងៃ១៣ កក្កដា ចូលមកលួចវ៉ៃលើកងទ័ពយើងដែលឈរការពារទេសចរណ៍ កំពុងតែទៅលេងប្រាសាទតាមាន់ ប្រាសាទដូនតាយើង ថ្ងៃ២៤ កក្កដា យករបងលួសមករាំងផ្លូវទេសចរណ៍ មិនឲ្យខ្មែរ ឡើងលើប្រាសាទខ្មែរ ដែលបង្កទំនាស់ប្រដាប់អាវុធកាន់តែខ្លាំងឡើង មកដល់ថ្ងៃនេះ គឺយុទ្ធមិត្ត យុទ្ធជន កងទ័ពជាតិកម្ពុជា បានពលីជីវិតជាច្រើន របួសជាច្រើន ដើម្បីទឹកដីរបស់យើង ឈាមយុទ្ធយើង គឺដាបនៅលើភ្នំ នៅលើព្រៃព្រឹក្សា នៅលើតំបន់សមរភូមិ ដើម្បីការពារទឹកដីរបស់យើង ។ ខ្ញុំនៅតែឮជាប់ងំក្នុងត្រចៀក ពីព្រោះយប់រំលងអធាត្រ ថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី២៩ ខែកក្កដា ខ្ញុំដេកនៅក្រុងសំរោង ខេត្តឧត្ដរមានជ័យ ក្នុងបេសកកម្ម ហើយដែលកំដរសំឡេងអាយកូមរបស់កងទ័ពយើងប្រយុទ្ធ គឺស្រែកអាយកូម បន្តគ្នា ស្រែកថា “ប្រយុទ្ធ ស៊ូស្លាប់ មិនរាថយ ជីវិតជូនជាតិ ធាតុជូនម្ដាយ” ។ សំឡេងឮស្រែកពេញត្រចៀកតែម្ដង ហើយខ្ញុំនិយាយដល់កន្លែងហ្នឹង ខ្ញុំទ្រាំមិនបានដែរ ទឹកភ្នែកហូរ គឺសំឡេងស្រែកពេញព្រៃ ដែលយើងឮនៅក្រុងសំរោង ហើយពេលហ្នឹង អានាទីចុងក្រោយ មុនពេលដល់ការកំណត់ឈប់បាញ់គ្នា មើលទៅផ្ទៃមេឃ ស្អាតណាស់ ប៉ុន្តែមិនមែនស្អាតកាំជ្រួចសម្រាប់បាញ់ឆ្លងឆ្នាំថ្មី ឬបុណ្យទានទេ គឺវាទម្លាក់គ្រាប់បែកមក គឺថាយើងឈឺចិត្តណាស់ នៅកន្លែងហ្នឹងផ្ទាល់ គឺពិបាកទប់ចិត្តណាស់ ។ ពេលរសៀល វាបាញ់ផ្សែងពុលពេញព្រៃ ពេញសមរភូមិ គឺថាវាសាហាវយង់ឃ្នងណាស់ ស្អីក៏វាហ៊ានធ្វើដែរ ។ អានេះហើយដែលខ្ញុំហៅថា ជាចោរប្រវត្តិសាស្រ្ត ចោរឈ្លានពាន ដែលខ្មែរត្រូវតែចងចាំ ហើយមិនត្រឹមចងចាំជំនាន់យើងទេ ត្រូវសរសេរទុកប្រាប់តកូនតចៅ“ ។

ប្រធានវេទិកាសន្តិភាព បានមានប្រសាសន៍បន្ថែមទៀតថា “ចំពោះបទឈប់បាញ់ យើងគោរពណាស់ យើងអត់ធ្មត់ណាស់ ប៉ុន្តែពុំដឹងថា ចិត្តវាយ៉ាងម៉េចទេ ពីព្រោះយើងឃើញហើយ បទឈប់បាញ់ បានកំណត់ចូលជាធរមានមែន ប៉ុន្តែសម័យប្រជុំព្រឹទ្ធសភា របស់ខាងគេ គេបានដាក់ខេត្ត៧ ជាប់ព្រំដែនកម្ពុជាយើង ជាខេត្តដែលប្រើច្បាប់អាជ្ញាសឹក នៅតែទុកអំណាចលើកងទ័ពដដែល ហើយមកដល់ថ្ងៃនេះ គឺថ្វីត្បិតតែយើងអត់ធ្មត់ ប៉ុន្តែគេនៅតែបង្កសកម្មភាពដូចមុនថ្ងៃទី២៤ ខែកក្កដា អ៊ីចឹង តាមព័ត៌មានជាក់ស្ដែង គឺធ្វើម៉េចឲ្យតែយើងទ្រាំមិនបាន គឺនឹងផ្ទុះអាវុធសាជាថ្មី។ ប៉ុន្តែយើងនៅតែអត់ធ្មត់ យើងនៅតែគោរព ព្យាយាមគោរពឲ្យបាន ហើយយើងរង់ចាំអនុព័ន្ធយោធាអន្តរជាតិ ចុះទៅត្រួតពិនិត្យវាយតម្លៃជាក់ស្ដែង គឺថា អំពើថោកទាបរបស់គេ អំពើសាហាវរបស់គេ អ្វីក៏គេហ៊ានធ្វើដែរ ហើយអ្វីដែលយើងសង្ឃឹម យើងសង្ឃឹមតែអន្តរជាតិ ផ្ដល់យុត្តិធម៌ឲ្យខ្មែរ អន្តរជាតិ នឹងមើលឃើញអំពីភាពខ្ទេចខ្ទាំនៅក្នុងទឹកដីខ្មែរ អាយុជីវិតជនរងគ្រោះជាស៊ីវិល ផ្ទះសម្បែង ជនរងគ្រោះ មន្ទីរពេទ្យ វត្តអារាម សាលារៀន ទីប្រជុំជន កន្លែងខ្ទេចខ្ទាំច្រើនណាស់ សង្ឃឹមថា ភ្នែករបស់អនុព័ន្ធយោធាអន្តរជាតិដែលចុះទៅព្រឹកនេះ (៣០ កក្កដា) គឺអាចមើលឃើញជាសក្ខីកម្ម ជាសាក្សីពិតប្រាកដ ដើម្បីផ្ដល់យុត្តិធម៌ឲ្យខ្មែរយើង“ ៕ កុលបុត្រ

RELATED ARTICLES