ខេត្តកណ្តាល ៖ រថយន្តប្រភេទ VISTO ច្នៃធ្វើឃ្លុបសម្រាប់ដឹកទំនិញ ១គ្រឿង កំពុងបើកបរលើដងផ្លូវសុខៗ ស្រាប់តែកើតមានភ្លើងឆាបឆេះ ផ្អើលដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋ នាំគ្នាជួយទាញបំពង់ពន្លត់អគ្គិភ័យនិងទុយោទឹក ព្រមទាំងដងទឹកជះពន្លត់ ចំណែកម្ចាស់ឡាន ភ័យពេក បានរត់គេចពីកន្លែងកើតហេតុបាត់។ករណីឆេះរថយន្តនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ៣រសៀល ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ នៅលើផ្លូវលេខ១១៥ ស្ថិតក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។

អ្នកបើកបររថយន្ត នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ព្រោះបានគេចខ្លួននៅពេលដែលរថយន្តឆេះ ហើយករណីនេះ អាចបណ្តាលមកពីឆ្លងចរន្តប្រព័ន្ធភ្លើងរថយន្ត ដោយខ្លួនឯង។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក VISTO ច្នៃធ្វើឃ្លុបសម្រាប់ដឹកទំនិញ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2T-2685 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១១៥ ក្នុងទិសដៅពីលិច ទៅកើត ពីស្តុបព្រែកហូរ ឆ្ពោះទៅស្តុបកាកបាទក្រហម។ លុះពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានអណ្តាតភ្លើងឆេះចេញពីក្បាលរថយន្ត ត្រង់ម៉ាស៊ីន បង្កជាផ្សែងខ្មួលខ្មាញ់ និងអណ្តាតភ្លើងសន្ធោសន្ធៅឡើង ហើយភ្លាមនោះ អ្នកបើកបរបានអែបឈប់រថយន្ត រួចបើកទ្វារចេញពីរថយន្ត។

ឃើញដូច្នេះ សមត្ថកិច្ចនិងប្រជាពលរដ្ឋ បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ ជួយបាញ់ពន្លត់ និងខ្លះទាញទុ យោទឹកបាញ់ ខ្លះជួយដងទឹកជះពន្លត់ ហើយមួយសន្ទុះក្រោយមក ភ្លើងបានរលត់ ខណៈដែលរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលមកដល់ ត្រឡប់ទៅវិញ។ ហេតុការណ៍នេះ មិនបណ្តា លឱ្យនរណាម្នាក់រងរបួស ឬរាលដាលទៅដល់ទ្រព្យសម្បត្តិអ្នកដទៃឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចបានស្ទូចយករថយន្តខាងលើ ទៅរក្សាទុក រង់ចាំស្រាវជ្រាវរកម្ចាស់៕