ភ្នំពេញ ៖ បុរសម្នាក់ បានយួរថង់ស្រាបៀរ ៣កំប៉ុង យកទៅអង្គុយផឹកនៅលើចិញ្ចើមផ្លូវ មុខផ្ទះប្រជាពលរដ្ឋ ១កន្លែង លុះក្រោយពីលើកដាច់អស់ស្រាបៀរ ៣កំប៉ុង បានប្រះខ្លួនដេកនៅលើសាបមុខផ្ទះ លុះមួយសន្ទុះក្រោយមក មានប្រជាពលរដ្ឋបានដើរទៅដាស់ តែមិនក្រោក ក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ចុះពិនិត្យ ទើបដឹងថា បុរសរូបនេះបានស្លាប់បាត់ទៅហើយ។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ត្រង់ចំណុចមុខផ្ទះប្រជា ពលរដ្ឋ ១កន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលេខ២០០២ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
បុរសរងគ្រោះដែលដេកស្លាប់ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
តាមប្រភពប្រជាពលរដ្ននៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសខាងលើ មិនដឹងជាធ្វើដំណើរមកពីណាទៅណានោះទេ ដោយមានយួរថង់នំចំណី ផ្លែឈើ ហើយក្នុងនោះ មានថង់ស្រាបៀរ ចំនួន៣កំប៉ុង យកមកអង្គុយនៅមុខផ្ទះរបស់ប្រជាពលរដ្ឋ ត្រង់ចំណុចកើតហេតុខាងលើ រួចបានស្រាយថង់ស្រាបៀរ មានស្រាបៀរ ចំនួន២មុខ (សរុប ៣កំប៉ុង) ក្នុងនោះមាន ស្រាបៀរ CAMBODIA ចំនួន១កំប៉ុង និង GANZBERG ចំនួន២កំប៉ុង រួចគាស់អង្គុយផឹកតែម្នាក់ឯង។
ប្រភពដដែល បន្តថា លុះមួយសន្ទុះក្រោយមក បន្ទាប់ពីផឹកអស់ស្រាបៀរ ទាំង៣កំប៉ុងនោះ ជនរងគ្រោះខាងលើ បានប្រះខ្លួនដេកនៅលើសាប ខាងមុខផ្ទះនោះតែម្តង។ ក្រោយមក មានប្រជាពលរដ្ឋនៅក្បែរនោះ បានដើរទៅដាស់ ព្រោះឃើញជនរងគ្រោះដេកយូរពេក តែដាស់មិនភ្ញាក់សោះ ទើបមានការសង្ស័យ ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឱ្យចុះមកមើលទើបដឹងថា បុរសខាងលើបានស្លាប់ទៅហើយ រួចក៏រាយ ការណ៍ទៅកម្លាំងសមត្ថកិច្ចជំនាញ មកពិនិត្យភ្លាមៗតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ បានចុះមកពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះ បានស្លាប់ដោយសារខ្យល់គរ។
សពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចដឹកយកទៅទុកនៅវត្តទឹកថ្លា ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕