ភ្នំពេញ ៖ រោងស្នាក់នៅរបស់កម្មករសាងសង់អគ្គនាយកដ្ឋានពន្ធដារ នៅតំបន់អភិវឌ្ឍន៍អូស៊ីអាយស៊ី (OCIC) ជ្រោយចង្វា ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានផ្សែងហុយខ្មួលខ្មាញ់ពេញផ្ទៃអាកាស បង្កឱ្យមានការភ្ញាក់ផ្អើល ដល់កម្លាំងសមត្ថកិច្ចបញ្ជូនរថយន្ត ពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចុះអន្តរាគមន៍។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នៅត្រង់ចំណុចរោងស្នាក់នៅរបស់កម្មករ ក្នុងការដ្ឋានសាងសង់អគ្គនាយកដ្ឋានពន្ធដារ នៅតំបន់អភិវឌ្ឍន៍អូស៊ីអាយស៊ី (OCIC) ជ្រោយចង្វា ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ខណៈពេលដែលកម្មករនាំគ្នាចេញទៅធ្វើការអស់ ស្រាប់តែភ្លើងបានឆាបឆេះចេញមកពីរោងស្នាក់នៅរបស់កម្មករ ហើយក៏បន្តឆេះរាលដាលយ៉ាងឆាប់រហ័ស បង្កជាផ្សែងខ្មៅហុយខ្មួលខ្មាញ់ពេញអាកាស និងបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់កម្មករ ដែលកំពុងធ្វើការនាំគ្នារត់ទៅយកអីវ៉ាន់ចេញ។ ភ្លាមៗអាជ្ញាធរ និងសមត្ថកិច្ច បានទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនអង្គភាព ជាច្រើនគ្រឿងទៅអន្តរាគមន៍បាញ់ពន្លត់។

ដោយសារតែរោងស្នាក់នៅរបស់កម្មករសាងសង់ជាប់ៗគ្នា និងជាច្រើនជាន់ ទើបធ្វើឱ្យឱ្យភ្លើងបានឆាបឆេះរាលដាយ៉ាងឆាប់រហ័ស យ៉ាងសន្ធោសន្ធៅ ធ្វើឲ្យរថយន្តពន្លត់អគ្គិភ័យមានការលំបាកនៅក្នុងការបាញ់ពន្លត់។
នៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យដ៏សន្ធោសន្ធៅនេះ បានបណ្តាលឱ្យកងកម្លាំងជំនាញពន្លត់អគ្គិភ័យមួយរូប បានរងរបួស និងត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗផងដែរ។

តាមព័ត៌មាន បានឱ្យដឹងថា រោងស្នាក់នៅជាច្រើនដែលសាងសង់ជាបន្ទប់ៗ និងច្រើនជាន់ ត្រូវបានភ្លើងឆាបឆេះរាលដាលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ទោះបីជាយ៉ាងណា ពុំទាន់ដឹងពីមូលហេតុនៅឡើយ៕