ខេត្តក្រចេះ ៖ សមត្ថកិច្ចជំនាញខេត្តក្រចេះ កំពុងធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជនស៊ីវិល មួយក្រុម ដែលបានផ្ទុះអាវុធជាច្រើនគ្រាប់ នៅក្នុងករណីដេញចាប់ឃាត់គោយន្តកន្ត្រៃដឹកឈើគ្រឿងផ្ទះ និងចាប់វាយខ្នោះម្ចាស់គោយន្តកន្ត្រៃ ម្នាក់។

ហេតុការណ៍នេះ បានកើតឡើងនៅចំណុចស្គរ ស្ថិតនៅក្នុងភូមិចម្រើនឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ខណៈដែលម្ចាស់គោយន្តកន្ត្រៃ ចំនួន២នាក់ បានបើកបរដឹកឈើគ្រឿងផ្ទះ ប្រមាណជាង២០កន្ទុយ ពីចំណុចសណ្តាយ មកកាន់ភូមិអញ្ចាញ ឃុំដា ស្រុកចិត្របុរី ខេត្តក្រចេះ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅទីតាំងកើតហេតុ បានឱ្យដឹងថា ពេលកើតហេតុ វេលាម៉ោង១១យប់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ពួកគាត់ឮសូរគ្រាប់កាំភ្លើងផ្ទុះជាច្រើនគ្រាប់ ប៉ុន្តែមិនដឹងជាករណីអ្វីនោះទេ លុះដល់សភាពស្ងប់ស្ងាត់បន្តិច ពួកគាត់បានចេញមើលឃើញ មានមនុស្សចំនួន ៤-៥នាក់ ដែលមានរថយន្ត Lexus LX-470 ពណ៌ស្ករ ១គ្រឿង និងរថយន្ត Lexus RX-300 ពណ៌ស ១គ្រឿង តែពួកគាត់មិនហ៊ានចេញទៅមើលទេ។
ដោយឡែកប្រភពក្រុមជនរងគ្រោះ បានឱ្យដឹងថា ពួកគាត់បានដឹកឈើ ជាង២០កន្ទុយ ពីចំណុចទីតាំងខាងលើ ដើម្បីយកទៅធ្វើផ្ទះ ប៉ុន្តែមកដល់ចំណុចកើតហេតុ ក្រុមបក្ខពួកជនស៊ីវិល មួយក្រុម ជិះរថយន្តម៉ាក Lexus LX-470 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2F-9979 និងរថយន្ត Lexus RX-300 ពណ៌ស មួយគ្រឿងទៀត បានធ្វើសកម្មភាពដេញតាមគោយន្តកន្ត្រៃ របស់ខ្លួន។
ប្រភពដដែល បន្តថា ខណៈពួកគេដេញតាម ក៏បានដកកាំភ្លើងខ្លីមួយដើម និងកាំភ្លើងវែង មួយដើមទៀត ធ្វើ សកម្មភាពបាញ់មកលើគោយន្តកន្ត្រៃរបស់ពួកគាត់ កំពុងតែធ្វើដំណើរនោះ និងស្រែកបញ្ជាឱ្យឈប់ ប៉ុន្តែដោ យសារពួកគាត់មានការភិតភ័យ ក៏ខំប្រឹងបើកគោយន្តកន្ត្រៃ បន្តដំណើរទៅមុខ ក៏ត្រូវបានក្រុមជនទាំងនោះ បើករថយន្តមកកាក់ពីមុខ ធ្វើឱ្យគោយន្តកន្ត្រៃគេចក្រឡាប់ នៅចំណុចទីតាំងកើតហេតុខាងលើ ហើយក៏បានរត់គេចខ្លួនម្នាក់ និងម្នាក់ទៀត ត្រូវបានក្រុមជនស៊ីវិលនោះចាប់វាយនឹងកាំភ្លើង ហើយជាន់ក វាយខ្នោះ ចាប់ពីម៉ោង១១យប់ រហូតដល់ម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ទើបដោះលែងខ្នោះចេញពីដៃ និងបញ្ជាឱ្យបើកគោយន្តកន្ត្រៃនោះ ទៅដាក់នៅទីតាំងស្នាក់ការរដ្ឋបាលព្រៃឈើ រួច ក៏បានដោះលែងឱ្យត្រឡប់ទៅនៅឋានវិញ នៅពេលទៀបភ្លឺ ថ្ងៃដដែល។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលស្រុកចិត្របុរី និងកម្លាំងអាវុធហត្ថស្រុក និងប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន បានចុះទៅធ្វើការស៊ើបអង្កេតស្រាវជ្រាវ ពិនិត្យនៅលើទីចំណុចកើតហេតុ រកឃើញសំបកគ្រាប់កាំភ្លើងផងដែរ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាក្រុមជនស៊ីវិលទាំងនោះ ដើម្បីនាំខ្លួនមកចាត់ការតាមច្បាប់៕