Saturday, September 20, 2025
Homeព័ត៌មានអន្តរជាតិសភាជាតិស៊ុយអែត បានឆ្លើយតបញត្តិស្នើលុបចោលការលក់អាវុធឲ្យថៃ ឈ្លានពានកម្ពុជា

សភាជាតិស៊ុយអែត បានឆ្លើយតបញត្តិស្នើលុបចោលការលក់អាវុធឲ្យថៃ ឈ្លានពានកម្ពុជា

សហរដ្ឋអាមេរិក ៖ អតីតនិស្សិតបណ្ឌិតយោធាសហរដ្ឋអាមេរិក west point លោក ពេជ្រ មូន ជាកូនខ្មែរម្នាក់ ដែលបានផ្ដួចផ្ដើមគំនិតដាក់ញត្តិទៅប្រទេសស៊ុយអែត ពាក់ព័ន្ធនឹងការដែលប្រទេសនេះ ចុះកិច្ចព្រមព្រៀងលក់អាវុធឲ្យរដ្ឋាភិបាលថៃ ទាំងដែលដឹងហើយថា ក្នុងសង្គ្រាមឈ្លានពានកម្ពុជា ៥ថ្ងៃ ទាហានថៃ បានប្រើយន្ត​ហោះ​ទិញពីស៊ុយអែត ទម្លាក់គ្រាប់បែកយ៉ាងឃោរឃៅ អមនុស្សធម៌ ដែលនេះស្មើការគាំទ្រឲ្យថៃ បន្តឈ្លាន​នពានទឹកដីកម្ពុជា ផ្ទុយនឹងច្បាប់អន្តរជាតិនោះ បានប្រកាសប្រាប់ប្រជាពលរដ្ឋខ្មែរ ដែលចូលរួមគាំទ្រញត្តិដ៏មានសារសំខាន់និងចាំបាច់នោះថា ពេលនេះសភាជាតិស៊ុយអែត បានឆ្លើយតបញត្តិស្នើលុបចោលការលក់អាវុធឲ្យថៃ ឈ្លានពានកម្ពុជា នេះហើយ ដោយបានបញ្ជូនទៅកាន់សមាជិកនីមួយៗនៃគណៈកម្មាធិការទទួលបន្ទុកកិច្ចការការពារជាតិ ។ ប្រសិនបើសមាជិកសភាណាម្នាក់ នៅក្នុងគណៈកម្មាធិការ គាំទ្រញត្តិនេះ គេនឹងលើកយកទៅពិភាក្សានៅឯកិច្ចប្រជុំសភាជាតិស៊ុយអែត ។

  លោក ពេជ្រ មូន បានបង្ហោះលិខិតឆ្លើយតបរបស់សភាស៊ុយអែត នៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ភ្ជាប់ជាមួយសំណេរថា “ ជនរួមជាតិជាទីគោរព និងជាទីរាប់អាន! សភាជាតិស៊ុយអែត បានឆ្លើយតបចំពោះញត្តិរបស់ពួកយើង។ ញត្តិរបស់ពួកយើង ត្រូវបានទទួលយកជាផ្លូវការ ដោយសភាជាតិស៊ុយអែត និងបានបញ្ជូនទៅកាន់សមាជិកនីមួយៗរបស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការការពារជាតិ។ នេះមិនមែនជាទីបញ្ចប់ឡើយ វាជាការបើកផ្លូវឲ្យយើងបន្តបញ្ចុះបញ្ចូលសមាជិកសភានីមួយៗដែលជាសមាជិកនៃគណៈកម្មាធិការទទួលបន្ទុកកិច្ចការការពារជាតិ។ ប្រសិនបើសមាជិកសភាណាម្នាក់ នៅក្នុងគណៈកម្មាធិការ គាំទ្រញត្តិរបស់ពួកយើង នោះបញ្ហារបស់ពួកយើង នឹងត្រូវលើកយកទៅពិភាក្សានៅឯកិច្ចប្រជុំរបស់សភាជាតិស៊ុយអែត»។

 លោកពេជ្រ មូន បន្តថា «ជនរួមជាតិជាទីគោរព! នៅក្នុងទំនាក់ទំនងអន្តរជាតិ គេតែងឲ្យតម្លៃដល់ផល​ប្រ​យោជន៍របស់ជាតិគេ ជាជាងបញ្ហារបស់ពួកយើង។ ទោះជាយ៉ាងណា ពួកយើងមិនអាចបោះបង់ឡើយ ព្រោះវាទាក់ទងដល់សន្តិសុខជាតិ សេចក្ដីសុខរបស់ប្រជាជន និងអនាគតរបស់ជាតិយើង។ ពេលនេះ ដោយកម្លាំងនៃសាមគ្គីភាព សំឡេងរបស់ពួកយើងបានឮទៅដល់សភាជាតិស៊ុយអែត ហើយកង្វល់របស់ពួកយើង អាចនឹងត្រូវយកទៅពិភាក្សា និងដោះស្រាយ។ ម្យ៉ាងវិញទៀត នៅចុងបញ្ចប់នៃការឆ្លើយតប បានបញ្ជាក់ថា រដ្ឋាភិបាលស៊ុយអែត បានរៀបចំឲ្យមានអធិការកិច្ចទទួលខុសត្រូវក្នុងការត្រួតពិនិត្យការប្រើប្រាស់សព្វាវុធរបស់ស៊ុយអែត ដែលត្រូវបាននាំចេញ ឲ្យស្របទៅតាមច្បាប់និងបទប្បញ្ញត្តិ។ នេះមានន័យថា សព្វាវុធរបស់ស៊ុយអែត ដែលលក់ទៅឲ្យប្រទេសថៃ នឹងត្រូវស្ថិតក្រោមការត្រួតពិនិត្យក្នុងការប្រើប្រាស់តឹងរ៉ឹងជាមុន។ យើងឈរជាមួយគ្នា ដើម្បីសន្តិភាព យុត្តិធម៌ និងសេចក្តីថ្លៃថ្នូររបស់មាតុភូមិយើង។ សូមអរគុណ!“ ។

  ចំពោះលិខិតរបស់សភាជាតិស៊ុយអែត ឆ្លើយញត្តិរបស់លោកពេជ្រ មូន (RDF dnr 90-2025/26) ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ដែលសរសេរដោយ អាននីកា ទូវេលីដ (Annika Tuvelid) តំណាងគណៈកម្មាធិការការពារជាតិ នៃសភាស៊ុយអែត បានបញ្ជាក់ជូនលោកពេជ្រ មូន ថា “ខ្ញុំសូមជម្រាបជូនថា គណៈកម្មាធិការការពារជាតិ បានទទួលលិខិតរបស់លោក ជាមួយនឹងញត្តិឱ្យផ្អាកកិច្ចសហប្រតិបត្តិការយោធានិងការលក់អាវុធទៅឱ្យប្រទេសថៃ (dnr 90-2025/26) ។ លិខិតនេះ ត្រូវបានរាយការណ៍ទៅសមាជិកនៃគណៈកម្មាធិការការពារជាតិ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ នៅថ្ងៃនេះ (១៨ កញ្ញា ២០២៥)“ ។

  លិខិតខាងលើ បន្តថា “សមាជិកសភានីមួយៗ សម្រេចចិត្តដោយខ្លួនឯងថា តើគាត់ចង់ធ្វើសកម្មភាពលើបញ្ហានេះឬអត់? នៅពេលមានកិច្ចប្រជុំ ។ នឹងមិនចាត់វិធានការណាមួយលើមូលដ្ឋាននៃលិខិតនោះទេ។ យើងយល់ពីកង្វល់របស់អ្នក ទាក់ទងនឹងសន្តិភាព និងសន្តិសុខ។ កាលពីថ្ងៃទី១២ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសស៊ុយអែត Maria Malmer Stenergard បានធ្វើបទបង្ហាញអំពីសេចក្តីថ្លែងការណ៍នៃគោលនយោបាយការបរទេស ឆ្នាំ២០២៥ នៅតំបន់ Riksdag ហើយបានបញ្ជាក់ថា ស៊ុយអែត នឹងបន្តចូលរួមក្នុងការគ្រប់គ្រងអាវុធ និងមិនរីកសាយភាយអាវុធ។ ដូច្នេះអធិការកិច្ចនៃផលិតផលយុទ្ធសាស្ត្រ ត្រូវបានប្រគល់ភារកិច្ចឱ្យគ្រប់គ្រង និងធានាឱ្យមានការអនុលោមតាមច្បាប់ ទាក់ទងនឹងឧបករណ៍យោធាស៊ុយអែត…” ។

  គួររំលឹកថា កាលពីដើមខែកញ្ញា ឆ្នាំ២០២៥ លោកមូន ពេជ្រ បានផ្ញើលិខិតជូនប្រធានសភាជាតិស៊ុយអែត និងប្រធានគណៈកម្មាធិការកិច្ចការអន្តរជាតិ ដោយទទួលបានអ្នកចុះឈ្មោះគាំទ្រចំនួន២៦៤៥៦នាក់ ។ បើទោះបីជាញត្តិនេះ នឹងមិនផ្លាស់ប្តូរគោលនយោបាយស៊ុយអែតភ្លាមៗ តែវានឹងជួយបង្កើនសំឡេងរបស់ពលរដ្ឋខ្មែរលើឆាកអន្តរជាតិ ព្រមទាំងអាចជំរុញឱ្យស៊ុយអែតធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវ មុនពេលចុះកិច្ចព្រមព្រៀងយោធា នាពេលអនាគត ជាមួយប្រទេសថៃ។

ញត្តិរបស់លោកមូន ពេជ្រ ចុះថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ជាក់ជូនប្រធានសភាស៊ុយអែតថា “យើងខ្ញុំជាក្រុមប្រជាពលរដ្ឋកម្ពុជាកំពុងសរសេរដើម្បីជំរុញឱ្យសភានៃប្រទេសស៊ុយអែតពិចារណាឡើងវិញជាបន្ទាន់នូវផែនការណាមួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយព្រះរាជាណាចក្រថៃ រួមទាំងការលក់យន្ត​ហោះ Gripen ផងដែរ។ ខណៈដែលជម្លោះព្រំដែនជាមួយកម្ពុជានៅតែមិនអាចដោះស្រាយបាន។ ដូចដែលឯកឧត្ដមដឹងស្រាប់ហើយ ព្រះរាជាណាចក្រថៃ នាពេលថ្មីៗនេះ បានបើកការឈ្លានពានចូលមកក្នុងទឹកដីកម្ពុជា ដោយបានវាយជនស៊ីវិល និងទាហានដែលមានហានិភ័យធ្ងន់ធ្ងរ ។

 មានការកត់សម្គាល់ថា ព្រះរាជាណាចក្រថៃ នាពេលថ្មីៗនេះ បានស្វែងរកការពង្រីកសមត្ថភាពយោធា តាម​រយៈកិច្ចសន្យាការពារជាតិថ្មី និងការទិញសព្វាវុធ រួមទាំងកិច្ចព្រមព្រៀងអនាគតជាមួយស៊ុយអែត។ ការចូលទៅក្នុងកិច្ចព្រមព្រៀងបែបនេះ នាពេលនេះ នឹងមិនមានភាពមិនសមរម្យនោះទេ ប៉ុន្តែថែមទាំងមិនស៊ី​ចង្វាក់គ្នាយ៉ាងខ្លាំងជាមួយនឹងការប្តេជ្ញាចិត្តយូរអង្វែងរបស់ប្រទេសស៊ុយអែត ចំពោះសន្តិភាព និងសិទ្ធិមនុស្ស។ បញ្ហានេះ យើងជំរុញយ៉ាងខ្លាំងដល់សភាស៊ុយអែត កុំគាំទ្រអាវុធណាមួយ ឬពង្រីកកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធាបន្ថែមទៀតជាមួយថៃ ។

  ប្រទេសស៊ុយអែតបានទទួលការគោរពជាសាកលក្នុងនាមជាម្ចាស់ជើងឯកនៃការកសាងសន្តិភាព សិទ្ធិ​មនុ​ស្ស លទ្ធិប្រជាធិបតេយ្យ និងភាពជាដៃគូអន្តរជាតិប្រកបដោយនិរន្តរភាព។ ដើម្បីផ្តល់អាវុធ ឬពង្រីកកិច្ចសហ​ប្រតិបត្តិការយោធាជាមួយរដ្ឋដែលចូលរួមក្នុងការឈ្លានពានទឹកដីនឹងធ្វើឱ្យខូចតម្លៃស្នូលទាំងនេះ ហើយផ្ញើសារខុសទៅកាន់សហគមន៍អន្តរជាតិ។ ដោយបដិសេធជំនួយយោធាដល់ថៃក្នុងស្ថានភាពជម្លោះកម្ពុជា-ថៃនេះ ស៊ុយអែតអាចបញ្ចេញសំឡេងយ៉ាងច្បាស់ថាខ្លួនមិនអត់ឱនចំពោះការឈ្លានពានប្រដាប់អាវុធ ហើយឈរយ៉ាងរឹងមាំលើផ្នែកកសាងសន្តិភាព និងគោរពច្បាប់អន្តរជាតិ។

  ជាថ្មីម្តងទៀត យើងសូមអំពាវនាវដល់សភានៃប្រទេសស៊ុយអែត ឱ្យយកចិត្តទុកដាក់ពិចារណាឡើងវិញនូវបញ្ហាសំខាន់នេះ និងផ្តល់អាទិភាពដល់សន្តិភាព និងការទូតមនុស្សធម៌លើកិច្ចព្រមព្រៀងសព្វាវុធក្នុងអំឡុងស្ថានភាពជម្លោះ។ ប្រជាពលរដ្ឋកម្ពុជាចាត់ទុកប្រទេសស៊ុយអែតមិនត្រឹមតែជាដៃគូគាំទ្រប៉ុណ្ណោះទេ ប៉ុន្តែជាតួអង្គសំខាន់ក្នុងការកសាងសន្តិភាពទូទាំងពិភពលោក។ យើងជឿជាក់យ៉ាងមុតមាំថា ការពន្យារពេលកិច្ចព្រមព្រៀងយោធាណាមួយជាមួយប្រទេសថៃ រហូតដល់ការបញ្ចប់ជម្លោះព្រំដែន គឺជាការសម្រេចចិត្តដ៏ល្អមួយដើម្បីអនុវត្តតាមតម្លៃរបស់ប្រទេសស៊ុយអែត និងពង្រឹងភាពជាអ្នកដឹកនាំប្រកបដោយក្រមសីលធម៌របស់ខ្លួននៅលើឆាកអន្តរជាតិ ដែលជាលទ្ធផលក្នុងការការពារសន្តិភាព ជួយជនស៊ីវិលរាប់ពាន់នាក់ និងពង្រឹងស្ថិរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅកម្ពុជា។

  យើងខ្ញុំសូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់ឯកឧត្ដម និងការពិចារណាយ៉ាងហ្មត់ចត់អំពីបញ្ហានេះ និងសម្រាប់ការបន្តការយកចិត្តទុកដាក់របស់ប្រទេសស៊ុយអែត ចំពោះសន្តិភាព និងសិទ្ធិមនុស្ស “ ៕

RELATED ARTICLES