ភ្នំពេញៈ ជនសង្ស័យម្នាក់ ជាមនុស្សស្រីតែងខ្លួនជាប្រុស បានដើរទៅសុំខ្ចីទូរស័ព្ទពីយុវជនម្នាក់ដែលជាអ្នក ស្គាល់គ្នា ដោយប្រាប់ថា សុំខ្ចីខលមួយភ្លែត លុះជនរងគ្រោះហុចទូរស័ព្ទឱ្យ ស្រាប់តែជនសង្ស័យបានស្ទុះរត់គេច តែរត់មិនរួច ដោយត្រូវម្ចាស់ទូរស័ព្ទរត់ដេញចាប់ក្របួច ជាប់ រួចប្រគល់ឱ្យសមត្ថកិច្ច នាំយកទៅចាត់ការតាមច្បាប់។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចមុខផ្ទះលេខ៤២ ផ្លូវលេខ៣៨៥ ក្រុមទី៤ ភូមិ២ សង្កាត់បឹងសាឡង ខណ្ឌទួលគោក។
ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះកែវ ស្រីទូច ភេទស្រី អាយុ២៦ឆ្នាំ (ស្រីតែងខ្លួនជាប្រុស) មុខរបរនិងស្នាក់នៅមិនពិតប្រាកដ មានទីកន្លែងកំណើតនៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ។ ចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូត បាន រួមមាន ទូរស័ព្ទដៃ ១គ្រឿង ម៉ាក Tecno Spark ពណ៌ស ជារបស់ជនរងគ្រោះឈ្មោះសែម ផាន់ណេត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៧២ ផ្លូវលេខ៣៨៥ ក្រុមទី៤ ភូមិ២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះកែវ ស្រីទូច បានដើរទៅខ្ចីទូរស័ព្ទពីជនរងគ្រោះ ឈ្មោះសែម ផាន់ណេត លុះពេលជនរងគ្រោះហុចទូរស័ព្ទឱ្យ ស្រាប់តែជនសង្ស័យបានឆក់យក និងព្យាយាមរត់គេចខ្លួនតែម្តង។ ប៉ុន្តែភ្លាមៗនោះ ត្រូវបានជនរងគ្រោះស្ទុះរត់ដេញ រហូតចាប់ក្របួចជាប់ រួច រាយការណ៍ប្រាប់សមត្ថកិច្ច ចុះអន្តរាគមន៍ ភ្លាមៗតែម្តង។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីជនរងគ្រោះ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ទីតាំងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យឈ្មោះកែវ ស្រីទូច នាំយកមកប៉ុស្តិ៍រដ្ឋបាលបឹងសាឡាង ដើម្បីធ្វើការសាកសួរ។ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕