Friday, September 26, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស៊ីគ្រឿងម៉ូតូក្នុងរោងចក្រ ជាប់អន្ទាក់សន្តិសុខ

ស៊ីគ្រឿងម៉ូតូក្នុងរោងចក្រ ជាប់អន្ទាក់សន្តិសុខ

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពបន្លំខ្លួនចូលទៅក្នុងបរិវេណរោងចក្រ លួចដោះគ្រឿងបន្លាស់ម៉ូតូ របស់កម្មករ នៅកន្លែងទុកម៉ូតូ បានសម្រេច លុះពេលជិះម៉ូតូចេញមកវិញ ត្រូវសន្តិសុខឆែកឃើញ ចាប់ក្របួចជាប់ ប្រគល់ឱ្យសមត្ថកិច្ច យកទៅចាត់ការតាមច្បាប់។

ការឃាត់ខ្លួនជនសង្ស័យលួចគ្រឿងបន្លាស់ម៉ូតូនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចក្នុងរោងចក្រកាត់ដេរ ដេណា ស្ថិតក្នុងភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី។ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះប៉ុស បញ្ញា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃកំបោ ស្នំក្រពើ ស្រុកគងពិសី។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កម្មករ-កម្មការិនីរោងចក្រ បាននាំគ្នាចូលទៅបំពេញការងារដូចសព្វមួយដង ហើយពេលនោះ ជនសង្ស័យបានបន្លំខ្លួនជិះម៉ូតូចូលទៅក្នុងរោងចក្រកាត់ដេរ ដេណា ប៉ុនប៉ងលួចម៉ូតូ និងលួចដោះយកគ្រឿងបន្លាស់ នៅចំណុចកន្លែងផ្ញើម៉ូតូ ដោយមុខសញ្ញាជនសង្ស័យខាងលើបានធ្វើសកម្មភាព ដោះយកស្លាក-កម៉ូតូចំនួន ២គ្រឿង (ទី១-ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខ ភ្នំពេញ 1KJ-2569 ជារបស់ជនរងគ្រោះឈ្មោះជាវ វ៉ាន់ឆៃ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅក្នុងភូមិតារាជ ឃុំកក់ ស្រុកបសេដ្ឋ និងទី២-ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤ ពាក់ស្លាក លេខ ភ្នំពេញ 1KQ-6114 ជារបស់ជនរងគ្រោះឈ្មោះអ៊ុក វី ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅក្នុងភូមិត្រពាំងក្រ ឡាញ់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ)។

ប្រភពដដែល បន្តថា លុះពេលធ្វើសកម្មភាពបានសម្រេចរួចហើយ ជនសង្ស័យបានជិះម៉ូតូខ្លួនម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ គ្មានស្លាកលេខ ចេញពីរោងចក្រ គោលបំណងគេចខ្លួន ក៏ត្រូវបានសន្តិសុខដែលយាមនៅមុខរោងចក្រខាងលើ ឃាត់ឆែកឃើញ គ្រឿងបន្លាស់ (ស្លាក-កម៉ូតូ និងសម្ភារៈដោះមួយចំនួន) ទើបឃាត់ខ្លួន ប្រគល់ឱ្យមកសមត្ថកិច្ចនគរបាលស្រុកគងពិសី តែម្តង។

ជនសង្ស័យខាងលើ រួមជាមួយវត្ថុតាង ត្រូវបានឃាត់ខ្លួនមកអធិការដ្ឋាននគរបាលស្រុក សួរនាំ និងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

RELATED ARTICLES