ខេត្តសៀមរាប ៖ យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ចេញផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ បានបង្ហាញថា ភ្ញៀវទេសចរអន្តរជាតិ ជាង ៩៥ម៉ឺននាក់ (៩៥៥ ១៣១នាក់) បានទិញសំបុត្រចូលទស្សនារមណីយ ដ្ឋានអង្គរ ដែលនាំឱ្យកម្ពុជា រកចំណូលបានជិត ៤៥លានដុល្លារ (៤៤ ៧១១ ៦៧៥ដុល្លារ) នៅក្នុងឆ្នាំ២០២៥ ធ្លាក់ចុះ ៦,៥១ភាគរយ ធៀបនឹងឆ្នាំ ២០២៤។

របាយការណ៍គ្រឹះស្ថានអង្គរ បង្ហាញថា សម្រាប់តែមួយខែធ្នូ ឆ្នាំ២០២៥ ភ្ញៀវទេសចរអន្តរជាតិចំនួន ៨៧ ៩៣៦ នាក់ បានទិញសំបុត្រចូលទស្សនាអង្គរ គិតជាចំណូលប្រមាណ ៤,២លានដុល្លារ ធ្លាក់ចុះ ២៨,៥១ភាគរយ។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) លោក ធួន ស៊ីណាន មានប្រសាសន៍ថា កត្តាសេដ្ឋ កិច្ចសកល ក៏ជះឥទ្ធិពលដល់កំណើនភ្ញៀវទេសចរ ដូចជាចិន ក៏បានកាត់បន្ថយការធ្វើដំណើរ ខណៈប្រទេសដែលធ្លាប់តែទទួលទេសចរចិន ក៏មានការធ្លាក់ចុះដែរ ហើយទេសចរអឺរ៉ុប ក៏កាត់បន្ថយដំណើរផ្លូវឆ្ងាយ ដោយ សារតែកត្តាសេដ្ឋកិច្ច ជំងឺឆ្លង និងគ្រោះធម្មជាតិ។
លោក ធួន ស៊ីណាន យល់ឃើញថា ការធ្លាក់ចុះកម្រិតនេះ មិនអាក្រក់ទេ សម្រាប់កម្ពុជា តែអ្វីដែលយើងត្រូវធ្វើ គឺរដ្ឋនិងឯកជន ត្រូវសហការគ្នារួមគ្នាផ្សព្វផ្សាយ ដូរពីទម្លាប់ពឹងដង្ហើមអ្នកដ៏ទៃដក ប្តូរមកដកដង្ហើមខ្លួនឯងវិញ។

ប្រធានសមាគមមគ្គុទ្ទេសក៍អង្គរ ខេត្តសៀមរាប លោកខៀវ ធី បានឱ្យដឹងថា ការអូសបន្លាយនៃសង្គ្រាមកម្ពុជា-ថៃ បានធ្វើឱ្យភ្ញៀវទេសចរ ចូលមកទស្សនាខេត្តសៀមរាប ធ្លាក់ចុះ។
លោកប្រធានសមាគមមគ្គុទ្ទេសក៍អង្គរ បានបន្ថែមថា បច្ចុប្បន្ន ភ្ញៀវទេសចរដែលចូលមកលេងខេត្តសៀមរាប គឺចាប់ផ្តើមមានការធ្លាក់ចុះជាបណ្តើរៗហើយ ក្នុងនោះការកក់ថ្មីៗ ក៏លែងមាន ហើយការកក់ចាស់ៗ ក៏ចាប់ផ្តើមលុបជាបណ្តើរៗ ចាប់តាំងពីសង្គ្រាមផ្ទុះឡើងសាជាថ្មី។
គិតត្រឹម ១១ខែ ឆ្នាំ២០២៥ កម្ពុជា បានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ ជាង ៥លាននាក់ ធ្លាក់ចុះ ១៣,៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤ ដោយសារបញ្ហាប្រឈមភូមិសាស្ត្រនយោបាយ និងភាពតានតឹងព្រំដែនកម្ពុជា-ថៃ។

ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិ ជាង ៥,១លាននាក់ ទេសចរវៀតណាម ឈរនៅលំដាប់លេខរៀងទី១ ចំនួនជាង ១,១លាននាក់ ធ្លាក់ចុះ ៧,៣ភាគរយ ចិន ១,១លាននាក់ កើនឡើង ៤៣,៥ ភាគរយ ថៃ ១លាននាក់ ធ្លាក់ចុះ ៤៧ភាគរយ អាមេរិក ជាង១៨ម៉ឺននាក់ ធ្លាក់ចុះ ២,៧ភាគរយ និងកូរ៉េ ជាង ១៤ម៉ឺននាក់ ធ្លាក់ចុះ ១៦ភាគរយ៕