Friday, February 6, 2026
Homeតារាខ្មែរចាន់ សុបញ្ញា ចង់ធ្វើប៉ូលិស

ចាន់ សុបញ្ញា ចង់ធ្វើប៉ូលិស

ភ្នំពេញ ៖ ចាន់ សុបញ្ញា ម្ចាស់ពាន X Factor Cambodia រដូវកាលទី១ ជានិស្សិតច្បាប់ ឆ្នាំទី៤ នៅសាកលវិទ្យាល័យប៊ែលធី អន្ដរជាតិ ហើយត្រូវបានតារារួមអាជីព និង Fan សរសើរពីការតស៊ូរបស់អតីតក្មេងវត្ត ម្នាក់នេះ ដែលធ្លាប់ស្នាក់នៅវត្តមួយ នាខេត្តកំពង់ចាម ធ្វើកូនសេក្ខលោក ដើរបិណ្ឌបាត  និងទទួលបានការផ្គត់ផ្គង់ពីព្រះសង្ឃ មួយអង្គនោះ សុបញ្ញា ធ្លាប់បរាជ័យប្រលងចម្រៀង The Voice Kids Cambodia  ប៉ុន្ដែបានឈ្នះពាន X Factor Cambodia រដូវកាលទី១ កាលពីចុងឆ្នាំ២០១៩ ពេលនេះបញ្ញា នៅតែដាក់គោលដៅបន្ដការសិក្សាឲ្យបានចប់ បើទោះជាមានបញ្ហាសុខភាពដោយឈឺជំងឺទឹកនោមប្រៃ ជាច្រើនឆ្នាំ មកហើយក្ដី ។

 ក្នុងជំនួបជាមួយអ្នកយកព័ត៌មាន «នគរធំ» កាលពីរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ចាន់ សុបញ្ញា បានឲ្យដឹងថា មូលហេតុដែលខ្លួនរៀនជំនាញច្បាប់ ព្រោះតែស្រលាញ់ និងចង់ធ្វើប៉ូលិស ។ បញ្ញា ប្រាប់ថា ស្ថានភាពសុខភាពរបស់ខ្លួន សព្វថ្ងៃគ្រាន់បើជាងមុន ពោលគឺជាពីជំងឺ ៨០-៩០% ប៉ុន្ដែបន្ដតាមដាន និងពិនិត្យសុខភាព ជារៀងរាល់ខែ ។ យ៉ាងណា រូបគេនៅតែបន្ដញ៉ាំអាហារសាបៗ ព្រោះបើញ៉ាំប្រៃ នឹងប៉ះពាល់ដល់សុខភាព។

ទាក់ទងអាជីពចម្រៀង ចាន់ សុបញ្ញា អះអាងថា រូបគេនៅតែជាតារាចម្រៀងរបស់ហង្សមាស ប៉ុន្ដែមិនសូវមមាញឹកចេញច្រៀងច្រើនទេ ហើយទាល់តែនៅខែមីនា ខាងមុខនេះទើបចេញច្រៀង Concerts តាមខេត្តខ្លះៗ។ សុបញ្ញា ថាទោះជាពេលនេះ មិនសូវមានបទចេញមែន ប៉ុន្ដែមិនអាក់អន់ចិត្តជាមួយផលិតកម្មឡើយ ព្រោះតារាហង្សមាស មានច្រើន ហើយគេច្រៀងបទពីផលិតកម្មទម្លាក់ឲ្យ មិនបានផលិតបទចម្រៀងពីខាងក្រៅ ឲ្យផលិត កម្មចេញឲ្យដូចតារារៀមច្បងមួយចំនួនឡើយ ។

 មហាជនលើកឡើងថា ចាន់ សុបញ្ញា អាចនឹងលេចធ្លោជាងនេះ ប្រសិនបើផលិតកម្មហង្សមាស ផលិតបទចម្រៀងឲ្យច្រៀងបានដិតដល់លើទីផ្សារ ព្រោះបញ្ញា នៅវ័យក្មេង សមត្ថភាពអាចវិវឌ្ឍទៅមុខទៀត ។ ប៉ុន្ដែបញ្ញា នៅតែថា ខ្លួននៅបន្ដច្រៀងឲ្យហង្សមាស ដោយសារនៅជាប់កុងត្រា ពោលគឺគ្មានគម្រោងដើរចេញពីផលិតកម្មនេះ មុនកំណត់ទេ ។

គួរបញ្ជាក់ថា ចាន់ សុបញ្ញា អាយុ២១ឆ្នាំ បានច្រៀងឲ្យហង្សមាស ជិត៧ឆ្នាំ មកហើយ និងល្បីបទ «ស្រលាញ់អ្នកណាក៏គេមានសង្សារ» និង «បែកគ្នាយូរហើយ អូនមុខឡើងចាស់» ជាដើម ។ បញ្ញា អាចច្រៀងប្រភេទបទដូចលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ប៉ុន្ដែការប្រើសំឡេងច្រៀងប្រភេទខ្ពស់ៗ ដែលទាមទារឲ្យប្រើកម្លាំងនោះ សុបញ្ញា ហាក់មានឧបសគ្គខ្លះៗ  ។ ទាក់ទងរឿងនេះ បញ្ញា ថាដោយសារតែរូបគេ មានជំងឺទឹកនោមប្រៃ ៣ទៅ៤ឆ្នាំហើយ តែរូបគេនៅតែអាចធ្វើការងារសិល្បៈបានដោយរលូន ។          

ប្រភពថា ចាន់ សុបញ្ញា មានគូស្នេហ៍ហើយ ព្រោះជាញឹកញាប់ គេឃើញតារាវ័យក្មេងរូបនេះ បង្ហាញភាពផ្អែម ល្ហែមជាមួយស្រីស្នេហ៍ នៅលើបណ្ដាញសង្គម ទិកតុក ដោយបើកចំហទៀតផង។ ប៉ុន្ដែនៅពេលត្រូវសួររឿងនេះ បញ្ញា និយាយបែបអៀនថា សុំមិនធ្វើការបកស្រាយអ្វីទាំងអស់ ពាក់ព័ន្ធរឿងនេះទៅវិញ ៕

តារាចម្រៀងចាន់​ សុបញ្ញា និងកញ្ញាSK

RELATED ARTICLES