Wednesday, February 25, 2026
Homeព័ត៌មានជាតិសំណល់សង្គ្រាមថៃឈ្លានពាន ស៊ីម៉ាក់ថា បន្ទុកថ្មីបន្ថែមសម្រាប់កម្ពុជា

សំណល់សង្គ្រាមថៃឈ្លានពាន ស៊ីម៉ាក់ថា បន្ទុកថ្មីបន្ថែមសម្រាប់កម្ពុជា

ភ្នំពេញ ៖ ក្នុងឱកាសអបអរសាទរខួបលើកទី២៧ ទិវាជាតិយល់ដឹងពីមីន ថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមប្រ ធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីជនភៀសសឹក និងសហគមន៍មានសុវត្ថិភាព» លោក ហេង រតនា ប្រតិ ភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន ហៅកាត់ «ស៊ីម៉ាក់» (CMAC) បានលើកឡើងថា សំណល់សង្គ្រាមសៀមឈ្លានពាន ចំនួន២លើក ដែលលើកទី១ មានរយៈពេល ៥ថ្ងៃ (ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥) និងលើកទី២ រយៈពេល ២១ថ្ងៃ (ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥) កន្លងទៅនេះ គឺជាបន្ទុកថ្មីបន្ថែមទៀតសម្រាប់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ត្រូវប្រឈមមុខដោះស្រាយ ទាំងក្នុងដំណាក់កាលចំពោះមុខ និងអនាគតវែងឆ្ងាយបន្តទៀត ។

លោក ហេង រតនា បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ថា “អបអរសាទរខួបលើកទី២៧ ទិវាជាតិយល់ដឹងពីមីន ២៤ កុម្ភៈ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីជនភៀសសឹក និងសហគមន៍មានសុវត្ថិភាព»!!!

ទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ គឺជាព្រឹត្តិការណ៍សំខាន់របស់ប្រទេសកម្ពុជា ដើម្បីរំលឹកពីគ្រោះថ្នាក់បង្ក ឡើងដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជំរុញការអប់រំដល់ប្រជាពលរដ្ឋរស់នៅតំបន់ងាយរងគ្រោះ និងការបោសសម្អាតមីន និងយុទ្ធភណ្ឌ។ គោលបំណងសំខាន់ គឺលើកកម្ពស់សុវត្ថិភាពសហគមន៍ តាម រយៈការផ្សព្វផ្សាយអប់រំយល់ដឹងពីមីន/យុទ្ធភណ្ឌមិនទាន់ផ្ទុះ កាត់បន្ថយគ្រោះថ្នាក់ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម»។

លោកអគ្គនាយកស៊ីម៉ាក់ បន្តថា «រយៈពេល ៣៤ឆ្នាំកន្លងមកនេះ កម្ពុជា បានឆ្លងកាត់ដំណើរដ៏វែងឆ្ងាយក្នុងការប្រយុទ្ធប្រឆាំង និងបោសសម្អាតគ្រាប់មីន ព្រមទាំងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបានបន្សល់ទុកផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិតមនុស្ស និងការអភិវឌ្ឍសង្គមជាតិ។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងការខិតខំរួមគ្នារបស់ដៃគូអភិវឌ្ឍន៍ កម្ពុជា បានសម្រេចលទ្ធផលគួរឲ្យកត់សម្គាល់ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ»។

 លោក ហេង រតនា បន្តថា «ក្នុងនាមជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជា អង្គភាព CMAC បាននិងកំពុងបន្តដើរតួនាទីស្នូលយ៉ាងសំខាន់ ក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម សង្គ្រោះនិងការពារអាយុជីវិតប្រជាពលរដ្ឋ ព្រមទាំងផ្តល់ដីមានសុវត្ថិភាព ជូនសហគមន៍ សម្រាប់ធ្វើកសិកម្ម សាងសង់លំនៅឋាន អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងជំរុញសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ ជាពិសេស ក្នុងបេសកកម្មបោសសម្អាតគ្រាប់យុទ្ធភណ្ឌសំណល់សង្គ្រាមសៀមឈ្លានពាន ដែលជាបន្ទុកថ្មីបន្ថែមទៀត សម្រាប់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ត្រូវប្រឈមមុខដោះស្រាយ ទាំងក្នុងដំណាក់កាលចំពោះមុខ និងអនាគតវែងឆ្ងាយបន្តទៀត!“ ។

 គួរបញ្ជាក់ថា សង្គ្រាមឈ្លានពានរបស់យោធាថៃ មកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ទាំងពីរលើក គឺយោធាថៃ ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់ រួមទាំងយន្តហោះចម្បាំង ទម្លាក់គ្រាប់បែក គ្រាប់បែកចង្កោម និងបានបាញ់កាំភ្លើងធំ ផ្លោងស្រោចនៅលើទីតាំងស៊ីវិល បំផ្លាញហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដោយបានបន្សល់នូវវិនាសកម្មឥតគណនា ដល់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់។ ជាមួយនឹងការប្រើប្រាស់សកម្មភាពយោធាឈ្លានពានទាំងកំរោលនេះ យោធាថៃ បានបន្សល់នូវសំណល់គ្រាប់បែកធុនធ្ងន់ និងគ្រាប់បែកចង្កោម ជាច្រើន នៅទីតាំងលំនៅឋានពលរដ្ឋខ្មែរស្លូតត្រង់ និងទីសាធារណៈ ដែលជាភ័ស្តុតាងមិនអាចប្រកែកឬបិទ បាំងបានចំពោះទង្វើឈ្លានពានរបស់យោធាថៃ លើទឹកដីកម្ពុជា ដោយខុសច្បាប់ ។ ឧក្រិដ្ឋកម្មសង្រ្គាមនេះ ត្រូវបានលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ ធ្វើការកត់ត្រាទុក ដោយលោកមិនមែនទើបតែលើកឡើងនៅពេលនេះទេ គឺកាលពីដើមខែកុម្ភៈ កន្លងទៅនេះ លោកក៏បានបញ្ជាក់ថា សង្គ្រាមថៃឈ្លានពានកម្ពុជា ទាំងពីរលើក កន្លងទៅថ្មីៗនេះ បានបង្កឱ្យមានផលប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជា ដោយសារគ្រាប់បែកចង្កោម គ្រាប់បែកទម្លាក់ពីយន្តហោះ ដ្រូន គ្រាប់អាវុធសារធាតុគីមី និងគ្រាប់យុទ្ធភណ្ឌដែលបានធ្វើឱ្យប៉ះពាល់ភូមិប្រមាណ ៣៤០ភូមិ ប៉ះពាល់ផ្ទៃដី ៤៤១ ០០០ហិកតារ និងបានប៉ះពាល់ចំនួន ៩១ ០០០គ្រួសារ ។

 ក្រៅពីការលើកឡើង មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានដាក់ពង្រាយកម្លាំងប្រមាណ ៨០ កងអនុសេនាតូចឬក្រុម នៅតំបន់រងគ្រោះគ្រាប់បែកដែលបន្សល់ទុកដោយសារយោធាថៃឈ្លានពាន ដើម្បីអន្តរាគមន៍ឱ្យបានទាន់ពេល។ ការដាក់ពង្រាយកម្លាំងបោសសម្អាតនិងប្រចាំការនេះ បន្ទាប់ពីអំឡុងសង្គ្រាមកម្ពុជា-ថៃ ចំនួន២លើក ក្នុងឆ្នាំ២០២៥ ទាហានថៃ បានប្រើប្រាស់គ្រាប់យុទ្ធភណ្ឌជាច្រើនប្រភេទ ។ មិនត្រឹមតែប៉ុណ្ណោះ កងកម្លាំងស៊ីម៉ាក់ (CMAC) បានបន្តជំរុញការបោសសម្អាតគ្រាប់សំណល់យុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពាន នៅតាមតំបន់លំនៅឋានរបស់ប្រជាពលរដ្ឋ ដែលរងការបំផ្លិចបំផ្លាញដោយសារឧក្រិដ្ឋកម្មសង្គ្រាមថៃឈ្លានពាន ។

 លោក ហេង រតនា បញ្ជាក់ថា កងកម្លាំង CMAC បន្តជំរុញការបោសសម្អាតគ្រាប់ សំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាន តាមតំបន់លំនៅឋានរបស់ប្រជាពលរដ្ឋដែលរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាម ស្រប តាមគោលដៅរបស់សម្តេច ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវបទបញ្ជាឱ្យធ្វើ សកម្មភាពចាំបាច់ជាអាទិភាព សម្រាប់ធានាជូនប្រជាពលរដ្ឋ ក្នុងការវិលត្រឡប់ទៅលំនៅឋានវិញ ប្រកបដោយសុវត្ថិភាព ។

 ដោយឡែក ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះរាជសារអបអរសាទរខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសមជ្ឈមណ្ឌលសកម្ម ភាពកម្ចាត់មីន (ស៊ីម៉ាក់) ដែលបានរួបរួមគ្នាបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ជួយអប់រំនិងផ្សព្វផ្សាយដល់ប្រជា រាស្ត្រ ឱ្យយល់ដឹងអំពីគ្រោះថ្នាក់ដែលបង្កឡើងដោយគ្រាប់មីន និងទីតាំងដែលមនុស្សនិងសត្វអាចប្រឈមគ្រោះថ្នាក់ដោយសារមីន ហើយបានយកចិត្តទុកដាក់ជួយជនរងគ្រោះដោយសារគ្រាប់មីន ឱ្យមានលទ្ធភាពរស់នៅសមរម្យក្នុងសង្គមជាតិ និងបានអំពាវនាវដល់រដ្ឋាភិបាល នៃបណ្ដាប្រទេសជាមិត្ត អង្គការជាតិ-អន្តរជាតិ និងសប្បុរសជនជាតិ-អន្តរជាតិនានា សូមមេត្តាបន្តកិច្ចសហប្រតិបត្តិការនិងចូលរួមគាំទ្រលើសកម្មភាពបោស សម្អាតមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងជួយសង្គ្រោះជនរងគ្រោះដោយសារមីន នៅព្រះរាជាណាចក្រកម្ពុជា ។

 ព្រះរាជសារ របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ មានខ្លឹមសារទាំងស្រុងថា “ – សូមក្រាបថ្វាយបង្គំ សម្តេចព្រះមហាសង្ឃរាជ ទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់! – បងប្អូនជនរួមជាតិទាំងអស់ ជាទីនឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត!

ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណា ខ្ញុំ មានហឫទ័យសោមនស្សរីករាយ សូមអបអរសាទរ រួមជាមួយព្រះសង្ឃ និងបងប្អូនជនរួមជាតិទាំងអស់ ជាទីគោរពនឹករលឹកនិងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត នៅក្នុងឱកាសខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ក្រោមប្រធានបទ «ចូលរួមទាំងអស់គា្ន ដើម្បីជនភៀសសឹកនិងសហគមន៍មានសុវត្ថិភាព»។

 រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី២៤ ខែកុម្ភៈ ជាទិវាជាតិយល់ដឹងអំពីមីន នេះ ជាទិវាដ៏មានសារៈសំខាន់មួយ ដើម្បីរំលឹកដល់ប្រជារាស្ត្រគ្រប់រូប ឱ្យយល់ដឹងកាន់តែច្បាស់ និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ដែលបង្កឡើងដោយសារគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ។

ប្រទេសកម្ពុជា បានឆ្លងកាត់សង្គ្រាម អស់ជាច្រើនទសវត្សរ៍មកហើយ នៅលើផ្ទៃប្រទេស មានបន្សល់ទុកនូវគ្រាប់មីន សំណល់ជាតិផ្ទុះ យ៉ាងសន្ធឹកសន្ធាប់។ គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ បានបំផ្លាញហេដ្ឋា រចនាសម្ព័ន្ធរូបវន្តខ្ទេចខ្ទី បណ្ដាលឱ្យរាំងស្ទះដល់ការអភិវឌ្ឍប្រទេសជាតិ និងធ្វើឱ្យប្រជារាស្ត្រកម្ពុជា រាប់ម៉ឺននាក់ ត្រូវរងរបួស ធ្លាក់ខ្លួនពិការពេញមួយជីវិត និងបានបាត់បង់ជីវិត ព្រមទាំងបានបង្កជាសោកនាដកម្មដ៏ឈឺចាប់ ដែលមិនអាចបំភ្លេចបាន រហូតមកដល់បច្ចុប្បន្ននេះ។

ក្នុងពេលបច្ចុប្បន្ននេះទៀត ប្រទេសកម្ពុជាយើង ទើបបានរងការវាយប្រហារដោយកាំភ្លើងធំ រថក្រោះ និងយន្ត ហោះ ពីទាហានថៃ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ នៅលើសមរភូមិ មានគ្រាប់បែក គ្រាប់រំសេវ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងៗ នៅរាយប៉ាយតាមភូមិកររបស់ប្រជាជនកម្ពុជា ការណ៍នេះ បង្កើតជាបន្ទុកដ៏ធ្ងន់ធ្ងរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបោសសម្អាតបន្ថែមទៀត។

 កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានកម្ទេចគ្រាប់មីន គ្រប់ប្រភេទ ដែលមានស្តុកនៅក្នុងឃ្លាំង និងបានខិតខំបង្កើនសកម្មភាពយុទ្ធនាការបោសសម្អាតគ្រាប់មីន ក្រោមជំនួយឧបត្ថម្ភគាំទ្រពីអង្គការជាតិ-អន្តរជាតិ ដើម្បីរំដោះដីស្រែ-ចម្ការ ជូនប្រជាកសិករនៅទូទាំងប្រទេស។

 ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការដឹកនាំរៀបចំប្រតិបត្តិការបោសសម្អាតគ្រាប់មីន បោសសម្អាតចម្ការមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងជួយសង្គ្រោះដល់ជនរងគ្រោះដោយសារមីន នៅកម្ពុជា ព្រមទាំងទទួលបានលទ្ធផលល្អប្រសើរ។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសមជ្ឈមណ្ឌលសក ម្មភាពកម្ចាត់មីន ដែលបានរួបរួមគ្នាបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ជួយអប់រំនិងផ្សព្វផ្សាយដល់ប្រជារាស្ត្រឱ្យយល់ដឹងអំពីគ្រោះថ្នាក់ដែលបង្កឡើងដោយគ្រាប់មីន និងទីតាំងដែលមនុស្សនិងសត្វអាចប្រឈមគ្រោះថ្នាក់ដោយសារមីន និងបានយកចិត្តទុកដាក់ជួយជនរងគ្រោះដោយសារគ្រាប់មីន ឱ្យមានលទ្ធភាពរស់នៅសមរម្យក្នុងសង្គមជាតិ។

 ខ្ញុំសូមអំពាវនាវដល់រដ្ឋាភិបាលនៃបណ្ដាប្រទេសជាមិត្ត អង្គការជាតិ-អន្តរជាតិ និងសប្បុរសជនជាតិ-អន្តរជាតិនានា សូមមេត្តាបន្តកិច្ចសហប្រតិបត្តិការនិងចូលរួមគាំទ្រលើសកម្មភាពបោសសម្អាតមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងជួយសង្គ្រោះជនរងគ្រោះដោយសារមីន នៅព្រះរាជាណាចក្រកម្ពុជា។

 ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណា ខ្ញុំសូមថ្វាយព្រះពរ និងប្រសិទ្ធពរ បវរមហាប្រសើរ ថ្វាយសម្តេចព្រះមហាសង្ឃរាជ ទាំងពីរគណៈ ប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ និងជូនបងប្អូនជនរួមជាតិទាំងអស់ សូមប្រកបតែនឹងព្រះពុទ្ធពរ គ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ“ ៕

RELATED ARTICLES