Wednesday, February 25, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃុំខ្លួនចិន ៤នាក់ ពីបទឆបោក

ឃុំខ្លួនចិន ៤នាក់ ពីបទឆបោក

ភ្នំពេញៈ លោកអាំង ចិន្តា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញដីកា ចំនួន៤ ផ្សេងគ្នា បង្គាប់ឱ្យឃុំខ្លួនបុរសនិងស្ត្រីជនជាតិចិនចំនួន៤នាក់ ពាក់ព័ន្ធនឹងបទល្មើសឆ បោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង (Online Scams) និងអំពើគេចវេះពន្ធ ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ។

ជនបរទេសដែលតុលាការរាជធានីភ្នំពេញ បានបង្គាប់ឱ្យឃុំខ្លួន រួមមាន ទី១-ឈ្មោះ LIN DONGPING ភេទប្រុស ទី២-ឈ្មោះ LIN WUTONG ភេទប្រុស ទៅឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ (ម១)។ ទី៣-ឈ្មោះ SUN JIAXIU ភេទស្រី និងទី៤-ឈ្មោះ LAI ZUOXIANG ភេទស្រី ត្រូវឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី២ (ម២) ដោយអនុវត្តតាមច្បាប់។

ជនត្រូវចោទទាំង៤នាក់នេះ ត្រូវបានដាក់ឱ្យស្ថិតក្រោមការពិនិត្យ ពីបទឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង និងគេចវេះពន្ធ ប្រព្រឹត្តនៅចំណុចផ្ទះលេខ៣៥ និងផ្ទះលេខ២៤ បុរីរីវើរ៉ា វិថីកោះពេជ្រ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ចាប់ពីអំឡុងឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងបញ្ញត្តឱ្យផ្តន្ទាទោសតាមមាត្រា ៣៧៧ មាត្រា ៣៨០ និងមាត្រា ៣៨១ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៧៤ នៃច្បាប់ស្តីពីគយ។

តាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ ក្នុងរយៈពេល៨ខែចុងក្រោយនេះ តុលាការកម្ពុជា បានអនុវត្តនីតិវិធីផ្លូវច្បាប់ លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញ ដើម្បីផ្តន្ទាទោសមេខ្លោងនិងបក្ខពួក ចំនួនជាង៥០០ នាក់ ក្នុងនោះរាប់បញ្ចូលទាំងសំណុំរឿង ចេន ហ្ស៉ី សំណុំរឿងឧកញ៉ា លី គួង និងសំណុំរឿងធំៗពាក់ព័ន្ធនឹងមេខ្លោងជាជនបរទេសផ្សេងទៀត។

សមត្ថកិច្ចបានបន្តសហការជាមួយបណ្តាប្រទេសដៃគូ ដើម្បីស្រាវជ្រាវ ធ្វើកោសល្យវិច័យលើវត្ថុតាង និងស៊ើបអង្កេតប្រព័ន្ធហិរញ្ញវត្ថុរបស់ក្រុមឧក្រិដ្ឋជន ដើម្បីឈានទៅវែកមុខក្រុមអង្គការចាត់តាំងដែលបានយកកម្ពុជា ធ្វើជាទីតាំងឆបោកទៅក្រៅប្រទេស។

ដោយឡែកនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យអគារ Diamond star ស្ថិតនៅលើផ្លូវសុភមង្គល ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន ដោយឃាត់ខ្លួនជន សង្ស័យដែលជាបុរសជនជាតិចិន ៣នាក់ និងស្ត្រីខ្មែរ ៤នាក់ រួមទាំងវត្ថុតាង រួមមាន កុំព្យូទ័រ ALL IN ONE ចំនួន២២គ្រឿង ទូរស័ព្ទដៃ ចំនួន៣៨គ្រឿង Laptop ចំនួន ១គ្រឿង ម៉ូនីទ័រ ចំនួន ១២គ្រឿង ក្បាល DVR ចំនួន១គ្រឿង លិខិតឆ្លងដែនជនជាតិចិន ចំនួន០៣ច្បាប់។

សមត្ថកិច្ចបានសន្និដ្ឋានថា ជាករណីលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ Online Scams ក្រោមរូបភាពឆបោកបែបស្នេហា (Romance Scam) ឱ្យបង្កើតគណនី ដើម្បីជួញដូររូបិយប័ណ្ណអេឡិចត្រូនិក (Wallet) ដែលមានគោលដៅទៅកាន់ប្រទេសផ្សេងៗ និងលួងលោមអូសទាញលក់សេវាកម្មផ្លូវភេទ។ បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ក្រុមការងារចម្រុះបានសម្រេចប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តស្រាវជ្រាវអនុវត្តតាមនីតិវិធី។

សូមបញ្ជាក់ថា សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់នាពេលកន្លងមក យ៉ាងច្បាស់ថា កម្ពុជា មិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោកឬ បទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គលឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុត ដោយគ្មានការយោគយល់ឬការអន្តរាគមន៍ណាមួយឡើយ។ វិធានការដែលបាននិងកំពុងអនុវត្តទាំងនេះ នឹងអាចធ្វើអាចឱ្យកម្ពុជា ឈានទៅលុបបំបាត់ការឆបោកតាមប្រ ព័ន្ធបច្ចេកវិទ្យា នៅពេលខាងមុខ៕

RELATED ARTICLES