Wednesday, February 25, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទិញថ្នាំញៀន ជាប់ខ្នោះទាំងអ្នកលក់

ទិញថ្នាំញៀន ជាប់ខ្នោះទាំងអ្នកលក់

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ ទើបនឹងទិញថ្នាំញៀន ពីស្ត្រីចំណាស់ម្នាក់ ចំនួន២កញ្ចប់មធ្យម ក្នុងតម្លៃ ៥០ម៉ឺនរៀល បំណងយកមករំលែកលក់បន្ត ត្រូវបានកម្លាំងសមត្ថកិច្ចល្បាត ប្រទះឃើញ ឃាត់សាកសួរ ឆែកឆេររកឃើញសារធាតុញៀនខុសច្បាប់ ក៏នាំយកមកសាកសួរ និងឈានដល់ការឃាត់ខ្លួនស្ត្រីចំណាស់ម្នាក់ ទៀត យកមកចាត់ការតាមច្បាប់។

ការឃាត់ខ្លួនមុខសញ្ញារក្សាទុកនិងជួញដូរគ្រឿងញៀនខុសច្បាប់នេះ បានធ្វើឡើងជាបន្តបន្ទាប់ កាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុងភូមិជំនាប់ ឃុំសង្កែសាទប ស្រុកឱរ៉ាល់។

ជនសង្ស័យទាំង២នាក់ ដែលត្វ្រូបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះ ប៊យ សិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ មុខ របរមិនពិតប្រាកដ មានលំនៅ ភូមិជំនាប់ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ និងទី២-ឈ្មោះកែម អឹម ភេទស្រី អាយុ៦២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិជំនាប់ ឃុំសង្កែសាទប ស្រុកឱរ៉ាល់។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាខាងលើ គឺកម្លាំងនគរបាលជំនាញផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ បានដឹកនាំកម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាលសង្កែសាទប ធ្វើការល្បាត និងបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន បានម្នាក់ ឈ្មោះ ប៊យ សិទ្ធ ព្រមទាំងដកហូតវត្ថុតាង រួមមាន ទូរស័ព្ទ ចំនួន១គ្រឿង ម្សៅក្រាមពណ៌សថ្លា សង្ស័យគ្រឿងញៀន ចំនួន២កញ្ចប់មធ្យម និងម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ គ្មានពាក់ស្លាកលេខ។

ប្រភពដដែល បន្តថា ក្រោយឃាត់ខ្លួនសាកសួរ ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា គ្រឿងញៀន ចំនួន២កញ្ចប់មធ្យមនេះ រូបខ្លួនទិញពីឈ្មោះ កែម អឹម ភេទស្រី អាយុ៦២ឆ្នាំ ក្នុងតម្លៃ ៥០ម៉ឺនរៀល នៅចំណុចភូមិជំនាប់ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦។

បន្ទាប់ពីទទួលបានចម្លើយរបស់ជនសង្ស័យ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ បន្តសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍នគរបាលឃុំសង្កែសាទប ចុះទៅដល់ទីតាំងជួញដូរគ្រឿងញៀន នៅចំណុចភូមិជំនាប់ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ បានធ្វើការឃាត់ខ្លួនមុខសញ្ញាឈ្មោះ កែម អឹម ភេទស្រី នៅវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ រស់នៅភូមិជំនាប់ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ព្រមទាំងដកហូតវត្ថុតាងទូរស័ព្ទដៃ ចំនួន១គ្រឿង។

ជនសង្ស័យទាំង២នាក់ ខាងលើ រួមនិងវត្ថុតាង ត្រូវបានឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES