ខេត្តកំពង់ធំ ៖ អតីតប្រធានគណបក្សកម្លាំងជាតិ លោកស៊ុន ចន្ធី ដែលជាប់ក្នុងពន្ធនាគារ អស់ជាច្រើនខែ ក្រោមបទចោទប្រកាន់ «ញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» នោះ ត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់លើកលែងទោស ហើយត្រូវបានតុលាការដោះលែងឲ្យមានសេរីភាព ចេញពីគុក កាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ហើយពេលនេះ លោកកំពុងរស់ជួបជុំគ្រួសារ ប្រពន្ធកូន នៅឯស្រុកកំណើត ។

អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក ឃៀង សុណាឌីន បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានថា លោក ស៊ុន ចន្ធី ពិតជាត្រូវបានដោះលែងហើយ កាលពីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ។ ការបង្គាប់ឱ្យដោះលែងនេះ គឺអនុវត្តអនុលោមទៅតាមព្រះរាជក្រឹត្យ ស្ដីពីការលើកលែងទោស ដែលព្រះមហាក្សត្រ ទ្រង់ព្រះរាជទាន ការលើកលែងទោសឱ្យទណ្ឌិតរូបនេះ ។
អ្នកស្រី យាន ស្រីយ៉ាន ត្រូវជាភរិយា ក៏បានអះអាងដែរថា ស្វាមីរបស់អ្នកស្រី ត្រូវបានដោះលែងកាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ហើយការដោះលែងនេះ ធ្វើឡើងតាមព្រះរាជក្រឹត្យលើកលែងទោសពីព្រះមហា ក្សត្រ ។
សម្រាប់លោកស៊ុន ចន្ធី ក្រោយទទួលបានការដោះលែង លោកបានវិលត្រលប់ទៅជួបក្រុមគ្រួសារភ្លាម ហើយលោកបានបង្ហោះរូបដែលលោកបានថតជាមួយភរិយា និងកូន នៅកណ្ដាលវាលស្រែ នៅឯស្រុកកំណើត បង្ហោះនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក ភរិយារបស់លោក នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ភ្ជាប់ជាមួយសំណេរថា “ខ្ញុំបាទ ស៊ុន ចន្ធី បានត្រឡប់មកជួបជុំគ្រួសារវិញហើយ បន្ទាប់ពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គទ្រង់ត្រាស់បង្គាប់ព្រះរាជ ទានព្រះរាជក្រឹត្យលើកលែងទោស“ ។
គួររំលឹកថា លោក ស៊ុន ចន្ធី ត្រូវចាប់ខ្លួននៅថ្ងៃព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោយលោកត្រឡប់ពីបំពេញបេសកកម្មនៅប្រទេសជប៉ុន។ ការចាប់ខ្លួននេះ គឺពាក់ព័ន្ធនឹងការដែលលោករិះគន់កម្មវិធីផ្តល់ប័ណ្ណក្រីក្រ របស់រដ្ឋាភិបាល អំឡុងពេលដែលប្រធានគណបក្សកម្លាំងជាតិ រូបនេះ ស្ថិតនៅប្រទេសជប៉ុន ដើម្បីស្វែងរកការគាំទ្រ។
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ បានប្រកាសសាលក្រមផ្តន្ទាទោសលោក ស៊ុន ចន្ធី ដាក់ពន្ធនាគារ ២ឆ្នាំ និងពិន័យ ៤លានរៀល ព្រមទាំងដកសិទ្ធិពលរដ្ឋពីលោក មិនឱ្យបោះឆ្នោត និងឈរឈ្មោះឱ្យគេបោះឆ្នោត អស់មួយជីវិត ក្រោមបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ លោក ស៊ុន ចន្ធី ទើបតែត្រូវបានតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ចេញដីការបង្គាប់ថែមបទចោទ និងតម្រូវឱ្យចូលសវនាការ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមបទចោទ «រួមគំនិតក្បត់” ។
នៅពេលលោកស៊ុន ចន្ធី កំពុងជាប់ពន្ធនាគារ គណបក្សកម្លាំងជាតិ បានធ្វើសមាជ ជ្រើសតាំងលោក ជា មុនី ជាប្រធានគណបក្ស ជំនួសលោកស៊ុន ចន្ធី និងតែងតាំងលោកសុខ គឹមសេង ជាអនុប្រធានគណបក្ស ជំនួសលោកជា មុនី ខណៈដែលលោក រ៉ុង ឈុន នៅបន្តជាទីប្រឹក្សា ។

យ៉ាងណា ក្រោយមានសេរីភាពវិញនេះ មិនទាន់ដឹងថា លោកស៊ុន ចន្ធី នឹងសម្រេចចូលប្រឡូកក្នុងនយោ បាយវិញឬយ៉ាងណាទេ ខណៈពេលនេះ លោកត្រូវការពេលវេលាសម្រាកជួបជុំគ្រួសារ ប្រពន្ធកូនឲ្យបាត់នឹកសិន បន្ទាប់ពីរស់បែកឃ្លាតពីគ្នាអស់ជាច្រើនខែ ៕ កុលបុត្រ