Friday, March 6, 2026
Homeសង្គម និងជីវិតធ្វើបុណ្យរំលឹកវិញ្ញាណក្ខន្ធដំរី ងាប់ដោយសារគ្រាប់ផ្លោងថៃ

ធ្វើបុណ្យរំលឹកវិញ្ញាណក្ខន្ធដំរី ងាប់ដោយសារគ្រាប់ផ្លោងថៃ

ខេត្តព្រះវិហារ ៖ នៅថ្ងៃទី២-៣ ខែមីនា ឆ្នាំ២០២៦ លោកឈុន ឆេង អនុប្រធានមន្ទីរបរិស្ថាន បានដឹកនាំមន្ត្រីរាជការ មន្ត្រីឧទ្យានុរក្ស ចូលរួមជាមួយសមាជិកក្រុមស្នូលបណ្តាញព្រៃព្រះរកា ផ្តួចផ្តើមរៀបចំពិធីរំលឹកឧ ទ្ទិសដល់វិញ្ញាណក្ខន្ធសត្វដំរី (មេនិងកូន) ចំនួន២ក្បាល ដែលបានងាប់ កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៥ និងពិធីបុណ្យខួបបំបួសព្រៃព្រះរកា ដោយមាននិមន្តព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន ក្រុមអង្គការ សង្គមស៊ីវិលសរុបប្រមាណ ២០០អង្គ/នាក់។ 

ពិធីបុណ្យរំលឹកនិងបំបួសដើមឈើ ជាប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិច រស់នៅក្នុងព្រៃ តំបន់ការពារធម្មជាតិ តាំងពីយូរលង់ណាស់មកហើយ។ ដោយឡែកក្នុងឆ្នាំ២០២៦ គឺជាខួបលើកទី៩ នៃការរៀបចំពិធីបុណ្យ ក្នុងគោលបំណងរំលឹកដល់គុណព្រៃឈើ និងជីវចម្រុះ លើកកម្ពស់ការយល់ដឹងការចូលរួមថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិដែលជាសម្បត្តិដ៏មានតម្លៃរបស់ជាតិ និងប្រជាជនកម្ពុជា ទុកសម្រាប់កូនចៅជំនាន់ក្រោយ។

ការរៀបចំពិធីបុណ្យខួបឆ្នាំ២០២៦ នេះ ត្រូវបានរួមបញ្ចូលជាមួយការប្រារព្ធពិធីបុណ្យឧទ្ទិសដល់វិញ្ញាណក្ខន្ធសត្វដំរី (មេនិងកូន) ចំនួន២ក្បាល ដែលបានងាប់ បន្ទាប់ពីរងរបួសធ្ងន់នៃការបាញ់ផ្លោងរបស់ទាហានសៀម ឈ្លានពាន  ចូលមកក្នុងទឹកដីប្រទេសកម្ពុជា កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៥ នៅក្នុងដែនជម្រកសត្វព្រៃ ព្រះរកា ចំណុចអូរស្កាច ខេត្តព្រះវិហារ។

យោងតាមការសិក្សាស្រាវជ្រាវ ដំរីព្រៃ ក្នុងដែនជម្រកសត្វព្រៃ ព្រះរកា-ឆែប ខេត្តព្រះវិហារ មានចំនួនចន្លោះពី ១៥-២០ក្បាល។ ពួកវាធ្វើដំណើររកស៊ីជាក្រុម ឆ្លងកាត់ពីប្រទេសកម្ពុជា ទៅឡាវ និងថៃ (ទៅមក)។ មន្ត្រីជំនាញក្រសួងបរិស្ថាន មានគម្រោងរក្សាទុកគ្រោងឆ្អឹងដំរី ធ្វើជាសំណាក និងរៀបចំទុកដាក់សម្រាប់ការសិក្សាស្រាវ ជ្រាវបន្ត ៕

RELATED ARTICLES