Tuesday, June 23, 2026
Homeព័ត៌មានជាតិការពារអធិបតេយ្យ កម្ពុជា ត្រូវពង្រឹងគ្រប់វិស័យ មិនអាចសំពះសុំសន្តិភាពពីចោរ

ការពារអធិបតេយ្យ កម្ពុជា ត្រូវពង្រឹងគ្រប់វិស័យ មិនអាចសំពះសុំសន្តិភាពពីចោរ

ភ្នំពេញ ៖ អ្នកជំនាញនៃរាជបណ្ឌិត្យសភាកម្ពុជា បានរំលឹកឡើងវិញពីយោបល់ពាក់ព័ន្ធនឹងការការពារអធិបតេយ្យរបស់កម្ពុជា ដែលកំពុងរងការរំលោភបំពាន ឈ្លានពានពីសំណាក់ភាគីថៃ ដោយលោកបានលើកឡើងថា ដើម្បីការពារអធិបតេយ្យ បូរណភាពទឹកដីរបស់ខ្លួនបាន កម្ពុជា ត្រូវពង្រឹងគ្រប់វិស័យ ក្នុងនោះវិស័យការពារជាតិ និងវិស័យសេដ្ឋកិច្ច គឺជារឿងចាំបាច់បំផុត ព្រោះយើងមិនអាចសំពះសុំសន្តិភាព ពីចោរបរទេសដេលចិញ្ចឹមចិត្តចង់បានដីខ្មែរ មិនព្រមឈប់ និងបានគូសផែនទីចោរ ជាឯកតោភាគី ប្រើប្រាស់ដើម្បីឈ្លានពានខ្មែរយើងបាននោះទេ ក្រៅតែពីពង្រឹងខ្លួនឯងឲ្យខ្លាំងក្នុងការទប់ទល់នឹងការឈ្លានពាននេះ ។ ក្នុងន័យនេះ បណ្ឌិតយល់ថា បញ្ហាព្រំដែនកម្ពុជា-ថៃ កុំសង្ឃឹមថា អាចនឹងដោះស្រាយបានចប់សព្វគ្រប់ឆាប់ឱ្យសោះ  វាអាចនឹងត្រូវចំណាយពេល រាប់ទសវត្សរ៍ទៅមុខទៀត ដោយសារថៃ ឬសៀម មិនបោះបង់ចោលមហិច្ឆតាស្រេកឃ្លានទឹកដីខ្មែរនោះទេ ។ ដូច្នេះយើងត្រូវពង្រឹងសមត្ថភាពនិងភាពធន់លើគ្រប់វិស័យ ។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហោះរូបលិខិតឆ្លងដែន នៃព្រះរាជាណាចក្រកម្ពុជា នៅលើទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ភ្ជាប់ជាមួយសំណេរថា “កាលពីសម័យសង្គមរាស្ត្រនិយម ក្រោយខ្មែរយើងប្តឹងទៅ ICJ ករណីប្រាសាទព្រះវិហារ ហើយខ្មែរយើងឈ្នះក្តី ថៃ បានរករឿងយើងរហូត។ ពេលនោះ ទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ បានធ្លាក់ចុះដល់កម្រិតទាបបំផុត រហូតមិនឱ្យប្រជាជន នៃប្រទេសទាំងពីរចេញចូលរកគ្នា ។ បញ្ហាគឺថៃ មិនគោរពខ្សែបន្ទាត់ព្រំដែនអន្តរជាតិ រវាងប្រទេសទាំងពីរហ្នឹងឯង។ ថៃ ចេះតែចិញ្ចឹមចិត្តចង់បានដីខ្មែរ មិនព្រមឈប់ និងបានគូសផែនទីជាឯកតោភាគី ហើយប្រើប្រាស់វា ដើម្បីឈ្លានពានខ្មែរយើង។ បញ្ហាព្រំដែនជាមួយថៃ កុំសង្ឃឹមថា អាចនឹងដោះស្រាយបានចប់សព្វគ្រប់ឆាប់ឱ្យសោះ វាអាចនឹងត្រូវចំណាយពេលរាប់ទសវត្សរ៍ ទៅមុខទៀត ព្រោះមហិច្ឆតារបស់គេ ស្រេកឃ្លានទឹកដីយើង គេមិនបានបោះបង់ទេ។ ដូច្នេះយើងត្រូវពង្រឹងសមត្ថភាពនិងភាពធន់លើគ្រប់វិស័យ។ យើងមិនអាចទៅសំពះសុំសន្តិភាពពីចោរ បានទេ មានតែយើងមានសមត្ថភាពពិតប្រាកដទេ ទើបសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដីយើង អាចរក្សាការពារបាន។ លិខិតឆ្លងដែនខាងក្រោមនេះ បង្ហាញពីស្ថានភាពដែលទំនាក់ទំនងការទូតរវាងខ្មែរ-ថៃ តានតឹងបំផុត ដែលរាជរដ្ឋាភិបាលសង្គមរាស្ត្រនិយម សម្រេចមិនឱ្យប្រជាជនខ្មែរ ទៅជាន់ទឹកដីថៃ តែម្តង“ ។

គួរបញ្ជាក់ថា ខ្លឹមសារខាងលើនេះ លោកបណ្ឌិត គិន ភា ចង់រំលឹកឡើងវិញនូវអ្វីដែលលោកធ្លាប់បានលើកឡើងតាមទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក តាំងពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ថា នៅពេលសម្លឹងទៅអតីតកាល ជាង ១០០០ឆ្នាំមុន ប្រជារាស្ត្រខ្មែរ តែងមានមោទនភាពចំពោះជាតិខ្លួន ដែលធ្លាប់ជាចក្រភពដ៏ខ្លាំងពូកែមួយ នៅអាស៊ីអាគ្នេយ៍ មានទឹកដីធំទូលាយ អារ្យធម៌ខ្ពង់ខ្ពស់ និងឫទ្ធានុភាពអស្ចារ្យ គ្មានជាតិសាសន៍ណាអាចប្រមាថបាន។ ប៉ុន្តែ ១០០០ឆ្នាំក្រោយ ក្តីមោទនភាព ត្រូវជំនួសដោយការឈឺចាប់និងការស្តាយស្រណោះ រកទីបំផុតគ្មាន ។ ចុះ ១០០០ឆ្នាំទៅមុខទៀត ? គឺយើងទាំងអស់គ្នា ត្រូវតែខិតខំប្រឹងប្រែង ឧស្សាហ៍ព្យាយាមឡើង មិនអាចដេករង់ចាំព្រេងសំណាងបានទេ ត្រូវតែមានការទទួលខុសត្រូវ ទៅតាមតួនាទីរៀងៗខ្លួន ។

លោកបណ្ឌិត គិន ភា បានបញ្ជាក់នៅពេលនោះថា បុព្វកថានៃរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ ក៏បានបង្ហាញពីមោទនភាពនេះដែរ ដោយបានចារឹកថា «ប្រជារាស្ត្រខ្មែរ ធ្លាប់មានអារ្យធម៌ឧត្ដុង្គឧត្ដម ប្រទេសជាតិស្តុកស្ដម្ភ ធំទូលាយ ថ្កុំថ្កើងរុងរឿង កិត្យានុភាពខ្ពង់ខ្ពស់ ភ្លឺចែងចាំងដូចពេជ្រពណ្ណរាយ» ។ សម័យអង្គរដ៏រុងរឿង ត្រូវបានចាត់ទុកជាយុគមាស នៃប្រវត្តិសាស្ត្រខ្មែរ។ បុព្វបុរសខ្មែរ សម័យនោះ បានកសាងមហាប្រាសាទសិលារាប់ពាន់ ដែលរាយប៉ាយពាសពេញផ្ទៃប្រទេស និងក៏មាននៅក្នុងប្រទេសជិតខាង នាពេលបច្ចុប្បន្ននេះផងដែរ។ ប្រជារាស្ត្រខ្មែរ និងអ្នកដឹកនាំរបស់ខ្លួន តែងតែមានមោទនភាពចំពោះកេរដំណែលដ៏មហស្ចារ្យទាំងនោះ ដែលបន្សល់ទុក រហូតមកដល់សព្វថ្ងៃ ហើយក៏បានទទួលផលប្រយោជន៍ដ៏មហាសាល ពីកេរដំណែលដ៏មហស្ចារ្យទាំងនោះដែរ។ ទោះបីកម្ពុជា មានការផ្លាស់ប្តូររបបនយោបាយ ជាច្រើនលើកច្រើនសាក៏ដោយ ក៏មហាប្រាសាទអង្គរវត្ត នៅតែជាប្រភពនៃក្តីមោទនភាពខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរ និងត្រូវបានប្រតិស្ឋាននៅចំកណ្តាលផ្ទៃទង់ជាតិខ្មែរ តាំងពីឆ្នាំ១៩៤៧ មក។ ប៉ុន្តែរយៈពេល ១០០០ឆ្នាំក្រោយមក ក្តីមោទនភាព ត្រូវជំនួសដោយការឈឺចាប់និងការស្តាយស្រណោះ រកទីបំផុតគ្មាន។ នោះមិនទាន់គិតទៅដល់រយៈពេល ១០០០ឆ្នាំ ទៅមុខទៀតផង។ ក្រោយការដួលរលំនៃសម័យអង្គរ ចក្រភពខ្មែរ បានចុះខ្សោយជាលំដាប់ ទឹកដីបានរួញតូចបន្តិចម្តងៗ ស្ទើរតែបាត់ពីផែនទីពិភពលោក។ ប្រទេសជាតិ បានជួបប្រទះតែចម្បាំងរាំងជល់ គ្មានស្បើយ ចម្បាំងផ្ទៃក្នុងផង និងចម្បាំងជាមួយបរទេសឈ្លានពានផង។ ការណ៍នេះ បានធ្វើឱ្យកម្ពុជា ដែលជាចក្រភពដ៏ខ្លាំងពូកែមួយ ធ្លាក់ខ្លួនជារដ្ឋស្ថិតក្រោមអាណានិគមផ្លាស់វេន នៃរដ្ឋក្បែរខាង ដែលកកើតក្រោយខ្លួន ជាង ១០០០ឆ្នាំ។ ទឹកដីជាច្រើន ត្រូវបានបាត់បង់ទៅប្រទេសក្បែរខាងទាំងនោះ។ ជាក់ស្តែង ដែនដីខ្មែរលើ រាប់សិបខេត្ត បានធ្លាក់ទៅប្រទេសថៃ ដែនដីកម្ពុជាក្រោម រាប់សិបខេត្ត រួមទាំងក្រុងព្រៃនគរផង បានធ្លាក់ទៅប្រទេសវៀតណាម និងមួយផ្នែកទៀត ក៏បានធ្លាក់ទៅប្រទេសឡាវ ផងដែរ។

លោកបណ្ឌិត គិន ភា បានរំលឹកប្រវត្តិសាស្រ្តថា បន្ទាប់ពីរំដោះខ្លួនចេញពីអាណានិគមផ្លាស់វេន នៃរដ្ឋក្បែរខាង កម្ពុជា ធ្លាក់ខ្លួនស្ថិតក្រោមអាណានិគមបារាំង ជិតមួយសតវត្សរ៍ទៀត។ ការតស៊ូរំដោះខ្លួនចេញពីនឹមអាណានិគមបារាំង ត្រូវចំណាយពេលអស់រាប់ទសវត្សរ៍ ទម្រាំទទួលបានឯករាជ្យពេញលេញ នៅឆ្នាំ១៩៥៣។ ក្រោយទទួលបានឯករាជ្យ កម្ពុជា បានក្លាយជាកោះសន្តិភាព តែមិនយូរប៉ុន្មាន កម្ពុជា បានរអិលខ្លួនធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល អស់រយៈពេលជាងពីរទសវត្សរ៍ទៀត។ រហូតដល់ចុងឆ្នាំ១៩៩៨ ទើបកម្ពុជា មានសន្តិភាពពេញលេញ។ នៅពេលនិយាយពីអតីតកាលនៃចក្រភពខ្មែរ និងអារ្យធម៌អង្គរ ដ៏បវរ ប្រជារាស្ត្រខ្មែរគ្រប់រូប ពិតជាមានមោទនភាពចំពោះប្រវត្តិសាស្ត្រនិងបុព្វបុរសខ្លួនណាស់។ ប៉ុន្តែនៅពេលនិយាយពីសោកនាដកម្មពីអតីតកាល និងទឹកដីដែលបាត់បង់ទៅ ប្រជារាស្ត្រខ្មែរ គ្រប់រូប មានការស្តាយស្រណោះរកទីបំផុតគ្មាន និងមានការឈឺចាប់យ៉ាងខ្លាំង ប្រៀបដូចជាគេយកកាំបិតមកចាក់ទម្លុះបេះដូង ដូច្នោះដែរ។ ប៉ុន្តែបើត្រឹមតែមោទនភាព ឈឺចាប់ និងស្តាយស្រណោះនោះ គឺមិនគ្រប់គ្រាន់ទេ។ ជំនួសឱ្យការឈឺចាប់និងការស្តាយស្រណោះ ប្រជារាស្ត្រខ្មែរ គ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការនយោបាយ ត្រូវតែអនុវត្តនូវការប្តេជ្ញាចិត្តរបស់យើង ដែលបានចារឹកទុកក្នុងរដ្ឋធម្មនុញ្ញ របស់យើង គឺ «ភ្ញាក់រលឹក ក្រោកឈរឡើង ចងបាច់ឆន្ទៈមោះមុត ប្ដូរផ្ដាច់ រួបរួមគ្នាពង្រឹងឯកភាពជាតិ រក្សា ការពារ ទឹកដីកម្ពុជា អធិបតេយ្យថ្លៃថ្លា និងអារ្យធម៌អង្គរ ដ៏បវរ»។

លោកបណ្ឌិត គិន ភា បន្តថា ពេលសម្លឹងទៅអតីតកាល ជាង ១០០០ឆ្នាំមុន យើងមានមោទនភាពលាយឡំជាមួយការឈឺចាប់និងការស្តាយស្រណោះ។ ប៉ុន្តែតើយើងបានគិតបែបណា និងធ្វើបែបណា ដើម្បីអត្ថិភាព វឌ្ឍនភាព និងវិបុលភាពជាតិយើង សម្រាប់រយៈពេល ១០០០ឆ្នាំ ទៅមុខទៀត? ក្នុងន័យនេះ យើងទាំងអស់គ្នា ត្រូវតែខិតខំប្រឹងប្រែង ឧស្សាហ៍ព្យាយាមឡើង យើងមិនអាចដេករង់ចាំព្រេងសំណាងបានទេ។ យើងទាំងអស់គ្នា ត្រូវតែមានការទទួលខុសត្រូវ ទៅតាមតួនាទីរៀងៗខ្លួន មិនថា កសិករ កម្មករ សិស្ស និស្សិត បញ្ញវន្ត មន្ត្រីរាជការ សាស្ត្រាចារ្យ គ្រូបង្រៀន កងទ័ព នគរបាល អ្នកនយោបាយ តុលាការ ព្រះសង្ឃ ឬអ្នកជំនួញ ។ល។ ក្នុងនោះ កសិករ ត្រូវតែខិតខំបង្កបង្កើនផល ដាំដុះ ចិញ្ចឹមសត្វ, កម្មករ ត្រូវតែស្វាហាប់នឹងការងារ, សិស្ស-និស្សិត ត្រូវតែខិតខំរៀនសូត្រឱ្យខ្លាំងឡើង ស័ក្តិសមជាសសរទ្រូងជាតិ, បញ្ញវន្ត ត្រូវតែខិតខំសិក្សាស្រាវជ្រាវ បោះពុម្ព ផ្សព្វផ្សាយ, មន្ត្រីរាជការ ត្រូវតែខិតខំបម្រើរាស្ត្រ ប្រកបដោយមនសិការជាតិ និងក្រមសីលធម៌វិជ្ជាជីវៈ។ ដោយឡែក សាស្ត្រាចារ្យ គ្រូបង្រៀន ត្រូវតែខិតខំបង្រៀនសិស្ស និស្សិត ឱ្យមានសមត្ថភាព ផលិតភាព នវានុវត្តភាព គុណធម៌ និងមនសិការជាតិ, កងទ័ព ត្រូវតែស្មោះត្រង់នឹងជាតិ ក្លាហាន តស៊ូប្តូរផ្តាច់ក្នុងបុព្វហេតុការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី, នគរបាល ត្រូវតែប្តេជ្ញារក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គម ឱ្យបានល្អប្រសើរ។ រីឯអ្នកនយោបាយ ត្រូវតែគិតឧត្តមប្រយោជន៍ជាតិ និងប្រជាជន ជាធំ ត្រូវគិតដល់អ្នកជំនាន់ក្រោយ សូមកុំគិតតែពីការបោះឆ្នោតអាណត្តិក្រោយ, តុលាការ ត្រូវតែរក្សាយុត្តិធម៌ជូនប្រជារាស្ត្រ, ព្រះសង្ឃ ត្រូវតែខិតខំអប់រំសីលធម៌សង្គម រីឯអ្នកជំនួញ ត្រូវតែមានក្រមសីលធម៌ និងគិតគូរដល់បរិស្ថាននិងភពផែនដី ហើយសមាសភាពសង្គមដទៃទៀត ត្រូវតែខិតខំបំពេញការងាររបស់ខ្លួន ប្រកបដោយមនសិការជាតិនិងការទទួលខុសត្រូវខ្ពស់បំផុត។

លោកបណ្ឌិត គិន ភា រំលឹកបន្ថែមនៅពេលនោះថា យើងអ្នកជំនាន់នេះ ជាបុព្វបុរសនៃកូនចៅយើងជំនាន់ក្រោយ។ តើយើងចង់ឱ្យកូនចៅយើង ចារឈ្មោះយើងបែបណា? កូនចៅយើង ជំនាន់ក្រោយរបស់យើង នឹងចារឈ្មោះយើងបែបណា នាពេលអនាគតនោះ គឺអាស្រ័យលើសកម្មភាពនិងស្នាដៃបច្ចុប្បន្នរបស់យើង។ យើងជាអ្នកជំនាន់ក្រោយ នៃបុព្វបុរសរបស់យើង យើងបានទទួលកេរដំណែលដ៏មហាសាល ពីបុព្វរសយើង គឺមហាប្រាសាទសិលា រាប់ពាន់ ជាឧទាហរណ៍ស្រាប់, តើយើងអ្នកជំនាន់នេះ នឹងបន្សល់ទុកនូវកេរដំណែលអ្វីសម្រាប់អ្នកជំនាន់ក្រោយ? នោះគឺអាស្រ័យលើការខិតខំរបស់យើងទាំងអស់គ្នាហើយនាពេលនេះ។ យើងត្រូវតែបង្កើតមោទនភាព និងបន្សល់ទុកនូវកេដំណែលសម្រាប់កូនចៅយើងជំនាន់ក្រោយ ដូចដែលបុព្វបុរសយើងបន្សល់ទុកឱ្យយើងដូច្នោះដែរ។ ទន្ទឹមនឹងនេះ យើងទាំងអស់គ្នា ក៏ត្រូវតែយល់ឱ្យច្បាស់ពីសភាពការណ៍ពិភពលោក ពីភូមិសាស្ត្រនយោបាយ និងយុទ្ធសាស្ត្ររបស់ពួកមហាអំណាច ថាពួកគេកំពុងគិតអ្វី? គេទៅណា? គេកំពុងធ្វើអ្វី? គេចង់បានអ្វី? គេប្រើយុទ្ធសាស្ត្រនិងយុទ្ធវិធីអ្វី? ហើយប្រទេសយើងជាប្រទេសតូច គួររៀបចំខ្លួនបែបណា? យើងទាំងអស់គ្នាជាជនជាតិខ្មែរ ត្រូវតែមានស្មារតីភ្ញាក់រលឹក កុំឱ្យរាំខុសចង្វាក់ កុំលោតខុសក្រឡា តាមខ្សែញាក់របស់មហាអំណាច។ ប្រទេសយើង ធ្លាប់ជាជនរងគ្រោះ និងធ្លាប់ទទួលរងសោកនាដកម្ម រាប់មិនអស់ ដោយសារការរត់ប្រណាំងមនោគមន៍វិជ្ជារបស់មហាអំណាច និងដោយសារតែការរាំខុសចង្វាក់ និងការលោតខុសក្រឡារបស់អ្នកនយោបាយ ពីអតីតកាល។ យើងមិនគួរដើរជាន់ដានប្រវត្តិសាស្ត្រទៀតទេ។ គ្មានប្រទេសណាគេស្រឡាញ់ជាតិយើង ជាងយើងស្រឡាញ់ជាតិយើងនោះទេ។ បើជាតិយើងខ្សោយ យើងមិនអាចទៅសំពះសុំសន្តិភាពពីនរណាបានទេ។ បើជាតិយើងខ្សោយ កុំនិយាយពីឯករាជ្យនិងអព្យាក្រឹត សូម្បីតែយើងសុំរស់នៅដោយស្ងប់សុខ ដោយមិនទៅរំខានជាតិសាសន៍ណា ក៏មិនប្រាកដថា គេឱ្យជាតិយើងបានសុខនោះដែរ។ ដូច្នេះមានតែយើងខិតខំប្រឹងប្រែងធ្វើឱ្យជាតិខ្លាំងនោះទេ ទើបជាតិយើងអាចគេចផុតពីការប្រមាថពីជាតិសាសន៍ដទៃបាន។ យើងត្រូវតែខិតខំប្រឹងប្រែងឱ្យខ្លាំង ដើម្បីអត្ថិភាព វឌ្ឍនភាព និងវិបុលភាពជាតិយើង ទាំងបច្ចុប្បន្ននិងអនាគត ។

សរុបមក ដើម្បីឱ្យជាតិយើងខ្លាំង លោកបណ្ឌិត គិន ភា បញ្ជាក់ថា យើងត្រូវតែធ្វើឱ្យធនធានមនុស្សយើងខ្លាំង, ច្បាប់យើងខ្លាំង, ប្រព័ន្ធនយោបាយយើងខ្លាំង, សេដ្ឋកិច្ចយើងខ្លាំង, ខឿនការពារជាតិយើងខ្លាំង, សាមគ្គីភាព ឯកភាព និងមោទនភាពជាតិយើងខ្លាំង, ការទូតយើងខ្លាំង, ប្រព័ន្ធយុត្តិធម៌សង្គមយើងខ្លាំង និងសន្តិភាពយើងរឹងមាំ នោះជាតិយើងនឹងខ្លាំង គឺខ្លាំងយូរអង្វែង មិនមែនខ្លាំងតែមួយពេលៗ ។

ស្របគ្នានេះដែរ លោកបណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ថា កម្ពុជា ត្រូវតែខ្លាំងទាំងនយោបាយ សេដ្ឋកិច្ច ការទូត ព័ត៌មាន យោធា សព្វាវុធ និងយុទ្ធសាស្ត្រ តែទន្ទឹមនឹងភាពខ្លាំង ជាជម្រើសចុងក្រោយ ត្រូវដោះស្រាយដោយសន្តិវិធី ផ្អែកទៅលើស្ថាប័នអន្តរជាតិ ច្បាប់អន្តរជាតិ ហើយត្រូវអភិវឌ្ឍទាំងសេដ្ឋកិច្ច នយោបាយ ទាំងយោធា សព្វាវុធ យុទ្ធសាស្ត្រ បច្ចេកវិទ្យា ធ្វើកំណែទម្រង់ ទោះមិនមែនជាជម្រើសដែលយើងយកមកប្រើ ជាជម្រើសទីមួយក៏ដោយ ។

លោកបណ្ឌិត ឈត ប៊ុនថង បានមានប្រសាសន៍ថា “បាទ! ខ្ញុំពិនិត្យមើលជំហររបស់រាជរដ្ឋាភិបាល គឺយើងមិនចង់ប្រើកម្លាំងទេ យើងប្រើមធ្យោបាយដោះស្រាយដោយសន្តិវិធី ទោះទ្វេភាគី ទោះប្រើស្ថាប័នអន្តរជាតិ ឬតុលាការក៏ដោយ ក៏ជាជម្រើសដែលល្អជាងការប្រើប្រាស់កម្លាំង ហើយនេះជាជំហរដាច់ណាត់ ម៉ឺងម៉ាត់របស់ថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា របស់យើង ហើយជាជំហរមួយដែលច្បាស់ ជាការអនុវត្តក៏ចេញជំហានដែរ ។ ប៉ុន្តែយើងដឹងហើយថា នៅក្នុងប្រវត្តិសាស្ត្រ ប្រទេសថៃ ហ្នឹង គេតែងតែចិញ្ចឹមចិត្ត ហើយក៏គេបានធ្វើជាបន្តបន្ទាប់ រហូតមកដល់ពេលនេះ គេបានធ្វើសង្គ្រាមឈ្លានពានលើយើង ហើយគេឈរជើងនៅលើដែនដីរបស់យើង គេព័ទ្ធរបង ដាក់កុងតឺន័រ គេអភិវឌ្ឍ គេយកទង់ជាតិ មកដោត គេសាងសង់អីបន្ថែមទៀត ។ អានេះគឺជារឿងពិត ដែលយើងឃើញ ប៉ុន្ដែសំណួរសួរថា តើយើងប្រើប្រាស់យន្តការដោះស្រាយដោយសន្តិវិធីហ្នឹង វាអាចថាឈានទៅរកការដោះស្រាយបញ្ហាព្រំដែន ទឹកដី ដែនអធិបតេយ្យកម្ពុជា និងថៃ ហ្នឹងបានពេលណា? វាមិនងាយមានទេ ត្រូវការពេល ត្រូវការនីតិវិធី វាអាចរាប់ឆ្នាំ អាចពីរឆ្នាំ បីឆ្នាំ បួនឆ្នាំ ប្រាំឆ្នាំ ឬក៏ច្រើន ។ តែទន្ទឹមគ្នាហ្នឹង កម្ពុជា ត្រូវតែខ្លាំង ខ្លាំងទាំងនយោបាយ ទាំងសេដ្ឋកិច្ច ទាំងការទូត ទាំងព័ត៌មាន ទាំងយោធា និងសព្វាវុធ ទាំងយុទ្ធសាស្ត្រ ទាំងអស់ត្រូវតែខ្លាំង ។ ប៉ុន្ដែសំណួរសួរថា ចុះបើខ្លាំង យើងបោះបង់ជំហរដោះស្រាយដោយសន្តិវិធីរបស់យើងចោល ហើយយើងអាចប្រយុទ្ធតតាំងជាមួយនឹងថៃ ដែរក៏អត់? អានេះខ្ញុំគិតថា វាជាជម្រើសចុងក្រោយ ឥឡូវនេះគឺយើងត្រូវដោះស្រាយដោយសន្តិវិធី ផ្អែកទៅលើស្ថាប័នអន្តរជាតិ ច្បាប់អន្តរជាតិ ប៉ុន្តែជាមួយគ្នា ត្រូវអភិវឌ្ឍទាំងសេដ្ឋកិច្ច ទាំងនយោបាយ ទាំងយោធា ទាំងសព្វាវុធ ទាំងយុទ្ធសាស្ត្រ ទាំងបច្ចេកវិទ្យាគ្រប់ទាំងអស់ យើងត្រូវអភិវឌ្ឍ ត្រូវតែធ្វើកំណែទម្រង់ជាមួយគ្នាហ្នឹង ទោះមិនមែនជាជម្រើសដែលយើងយកមកប្រើជាជម្រើសទីមួយក៏ដោយ ប៉ុន្តែត្រូវតែអភិវឌ្ឍទៅថ្ងៃខាងមុខ ហើយជំហានដែលយើងបានប្រើប្រាស់ ឥឡូវយើងកំពុងប្រើ UNCLOS ទៅមុខទៀត មិនដឹងថាយើងប្រើអីទៀតជាមួយថៃ ចំពោះព្រំដែនគោក? តែបើសិនជាយើងបានដោះស្រាយបន្តបន្ទាប់ហើយ ថៃ នៅតែមិនអនុវត្ត មិនព្រម អាហ្នឹងវាជារឿងមួយដែលស្ថាប័នអន្តរជាតិហ្នឹង ត្រូវតែចាប់បង្ខំ“ ។

លោកបណ្ឌិត ឈត ប៊ុនថង បានមានប្រសាសន៍បន្តថា “បើសិនជាក្នុងករណីចាប់បង្ខំមិនបាន អាហ្នឹងវាអាចនឹងមានការសម្រេចចិត្តបែបណាមួយទៀត អាហ្នឹងគឺជារឿងទៅខាងមុខ ប៉ុន្តែយើងត្រូវតែខ្លាំង ហើយពាក្យថាខ្លាំងនេះ យើងស្រួលនិយាយទេ ប៉ុន្តែធ្វើឲ្យខ្លាំង វាមិនមែនស្រួលទេ យើងត្រូវការអីខ្លះ? ពេលខ្លះក៏ខ្លាំង យើងក៏ខ្លាំង គេក៏ខ្លាំងស្រាប់ផង គេក៏អាចធ្វើឲ្យខ្លួនគេខ្លាំងបន្ថែមទៀត ។ អ៊ីចឹងមិនប្រាកដថា យើងអាចនឹងទៅខ្លាំងដូចដែលយើងចង់បានទេ ។ នេះគឺជារឿងដែលយើងត្រូវពិនិត្យទាំងអស់គ្នា ហើយពាក្យថាខ្លាំង គេក៏ខ្លាំង យើងក៏ខ្លាំង ពេលដែលប្រយុទ្ធគ្នា អន្តរាយ ការស្លាប់ រងរបួស ការខូចខាតកាន់តែច្រើន ។ យល់ឃើញហើយ ខ្លាំងទល់ខ្លាំង ដូចជាសង្គ្រាមរុស្ស៊ី អ៊ុយក្រែន ដែលអ៊ុយក្រែន មានពីណាតូ មកដល់ពេលនេះប៉ុន្មានឆ្នាំហើយ គឺស្លាប់សងខាង ហិនហោចសងខាង មិនទាន់ចប់ទេ ។ ខ្លាំងទល់ខ្លាំង រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលមានសម្ព័ន្ធមិត្តនៅពីក្រោយសងខាងហ្នឹង ឃើញថា ចុងក្រោយក៏វិលមករកការចរចា ។ អ៊ីចឹងបទពិសោធន៍នៅលើពិភពលោក គង់តែវិលមករកការចរចាដដែល អ៊ីចឹងជម្រើសដោះស្រាយដោយសន្តិវិធី ដោយការចរចា ដោយច្បាប់អន្តរជាតិហ្នឹង វាគឺជារឿងដែលសមរម្យបំផុត ទោះបីជាអនាគតយើងខ្លាំងប្រហែលថៃ ឬខ្លាំងជាងថៃ ក៏យើងមិនគួរជ្រើសរើសយកការប្រើប្រាស់កម្លាំង ដើម្បីដោះស្រាយបញ្ហាទេ ប៉ុន្តែយើងក៏មិនបោះបង់ដែរ ប្រសិនជាក្នុងដំណាក់កាលមួយ ដែលការដោះស្រាយតាមច្បាប់ តាមអីត្រឹមត្រូវហើយ ថៃ នៅតែមិនព្រមប្រគល់ មិនព្រមដកទេ អាហ្នឹងវាជាជម្រើសចុងក្រោយ ដែលជាលទ្ធភាពចុងក្រោយបំផុតដែលយើងត្រូវប្រើ“ ។

ដោយឡែក លោកមាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ថា ការលើកឡើងរបស់ក្រុមបណ្ឌិត នៃរាជបណ្ឌិត្យសភាកម្ពុជា វាជារឿងត្រឹមត្រូវ ព្រោះពហុគំនិតនៃការគិតគូរវាសផែនការ ចក្ខុវិស័យមួយសម្រាប់ឲ្យប្រទេសជាតិ មាននិរន្តរភាព លំនឹងនៃស្ថិរភាព គឺបញ្ហាអធិបតេយ្យ បូរណភាពទឹកដី ។ ដូច្នេះជាចំណុចដែលកម្ពុជា ត្រូវធ្វើឲ្យខ្លួនខ្លាំង ព្រោះយើងដឹងហើយថា ការប្រកួតប្រជែងទាំងផ្នែកសេដ្ឋកិច្ច ទាំងផ្នែកយោធា ទាំងនយោបាយការទូត ពាណិជ្ជកម្ម សកលភាវូបនីយកម្ម គឺចេញអំពីការពារខ្លួន និងការប្រកួតប្រជែងភាពខ្លាំងជាមួយនឹងសហគមន៍អន្តរជាតិ ។ ម្យ៉ាងទៀត ការដោះស្រាយរឿងបញ្ហាដែនកម្ពុជា-ថៃ នេះ វាមិនងាយចប់ឆាប់ៗទេ បើយើងបាត់បង់នូវការឯកភាពជាតិ នៅតែបង្កការឆក់ឱកាសនិយម ប្រព្រឹត្តអំពើពុករលួយ បក្ខពួក គ្រួសារនិយម ចង់បានតែក្រុមអញ្ ក្រុមឯងមិនកើត ។

លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “បាទ! ការលើកឡើងរបស់ក្រុមបណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជា វាជារឿងត្រឹមត្រូវ ព្រោះពហុគំនិតនៃការគិតគូរវាសផែនការ ចក្ខុវិស័យមួយ សម្រាប់ឲ្យប្រទេសជាតិ មាននិរន្តរភាព លំនឹងនៃស្ថិរភាពហ្នឹង គឺបញ្ហាអធិបតេយ្យភាព បូរណភាពទឹកដី ។ អ៊ីចឹងហើយ ដើម្បីឲ្យអធិបតេយ្យ បូរណភាពទឹកដី ឯករាជ្យ អព្យាក្រឹត មិនអាចអ្នកណារំលោភឈ្លានពានបាន គឺការពង្រឹងគ្រប់វិស័យ ទៅលើវិស័យអប់រំ វិស័យសុខាភិបាល វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ជួញដូរ គឺថាយើងមានសង្វាក់ផលិតកម្ម ហើយជាមួយនឹងចំណេះចេះដឹង និងទំនាក់ទំនងការទូត ការអីមក គឺសេដ្ឋកិច្ចយើងរឹងមាំខ្លាំង ដោយសារយើងមានភាពឆ្លាតវៃក្នុងការកែច្នៃ ភាពរស់នៅក្នុងនាមជាអ្នកដឹកនាំ រវាងពលរដ្ឋមានស្ថិរភាពក្នុងជីវភាពគ្រួសារ ទៅនឹងមុខរបរ មិនថាអ្នកស្រែ អ្នកចម្ការ មិនថាពាណិជ្ជកម្ម ពាណិជ្ជករ ជំនួញជួញដូរខ្នាតតូចខ្នាតធំអី គឺយើងត្រូវការមានសង្វាក់ផលិតកម្ម លក់ក្នុងស្រុក នាំចេញទៅក្រៅស្រុក ប្រកួតទីផ្សារតាមស្ដង់ដារអន្តរជាតិហ្នឹងទៅ ហើយកាលណាយើងមានសេដ្ឋកិច្ចដែរ គឺយើងពង្រឹងវិស័យយោធា ទំនើបកម្មយោធាហ្នឹង សន្តិសុខការពារជាតិ ដែលជាភាពខ្លាំង ។ យើងមើលជាគំរូដូចជាប្រទេសសិង្ហបុរី កាលណាបើយើងឲ្យខួរក្បាលស្លាប់ ហើយ យើងអត់ប្រើខួរក្បាលនៃចំណេះចេះដឹង ទៅបង្ហាញនូវអ្វីជាចំណុចដែលកម្ពុជា ត្រូវធ្វើ ព្រោះយើងដឹងហើយថា ការប្រកួតប្រជែងទាំងផ្នែកសេដ្ឋកិច្ច ទាំងផ្នែកយោធា ទាំងនយោបាយការទូត ទំនាក់ទំនងជំនួញជួញដូរ សកលភាវូបនីយកម្មអី គឺយើងចេញអំពីការពារខ្លួនយ៉ាងខ្លាំង ទៅនឹងការប្រកួតប្រជែងភាពខ្លាំងជាមួយនឹងសហគមន៍អន្តរជាតិ ។ អ៊ីចឹងហើយបានយើងមើលឃើញដូចសាំងហ្គាពួរ តើខួរក្បាលគេយ៉ាងម៉េច? ប្រទេសគោរពនីតិរដ្ឋយ៉ាងម៉េច? អំពើពុករលួយត្រូវបានបង្ក្រាប ត្រូវបានដាក់ទោសទណ្ឌដល់អ្នកដែលប្រព្រឹត្តអំពើពុករលួយ អ្នកដែលល្មើសនឹងច្បាប់ ។ ហើយយើងមើលប្រទេសអ៊ីស្រាអែល ដែលបាត់ទឹក បាត់ដីជាងពីរពាន់ឆ្នាំ បែរជាបានដឹងទេមកវិញ ប្រទេសដែលគ្រាន់តែជាខ្សាច់សាហារ៉ា បែរទៅជាប្រែពណ៌បៃតង ហើយប្រទេសតូចមួយទប់ទល់បានជាមួយនឹងមហាអំណាចមជ្ឈិមបូព៌ាដូចជាអ៊ីរ៉ង់ ដូចជាប្រទេសផ្សេងៗទៀត“ ។

លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្ត ថា “អាហ្នឹង យើងត្រូវគិតថា គឺមកពីខួរក្បាល គំនិតចំណេះ ហើយការសាមគ្គី ឯកភាពជាតិ ថ្នមអ្នកចេះ អ្នកដឹង អ្នកមានគំនិតបែបប្រាជ្ញ បែបវិទ្យាសាស្ត្រ បែបកែច្នៃសេដ្ឋកិច្ច លំនឹងក្នុងជីវភាពពលរដ្ឋ ពលរដ្ឋមានការងារធ្វើ មានរោងចក្រ ទៅជាកសិឧស្សាហកម្ម ឬក៏បច្ចេកវិទ្យាទំនើប ក្នុងការរកចំណូលថវិកាទប់និរន្តរភាព បញ្ចប់ភាពក្រីក្រ ក៏ដូចជាកាត់បន្ថយឬក៏បញ្ចប់អំពើពុករលួយទៅ គឺថាយើងអាចមកធ្វើឲ្យវិស័យយោធាហ្នឹង គឺមានទំនើបកម្មទៅ គឺយើងមានភាពខ្លាំង ហើយមហិច្ឆតាសៀម មិនថាសៀម មិនថាប្រទេសណាជាប់ព្រំប្រទល់ប្រទេសកម្ពុជា គឺថា គេតែងតែមានបំណងចង់បានទឹក បានដីយើង បានការគ្របដណ្តប់នៃសម្ពាធនយោបាយ ក៏ដូចជាសម្ពាធឥទ្ធិពលនៃសេដ្ឋកិច្ច ជំនួញជួញដូរ ទៅជាកម្ពុជា ជាទីផ្សាររបស់ទំនិញរបស់គេ  មិនថាទំនិញសៀម ឬក៏ទំនិញយួន ជាដើម ហើយបើយើង យើងមិនមានចំណុចទាំងអស់ដែលខ្ញុំបានពន្យល់ហ្នឹងហើយ ដែលយើងពិបាក ដូចជាជម្លោះព្រំដែនជាមួយប្រទេសសៀម មិនអាចក្នុងរយៈពេលដែលយើងសង្គ្រាមមកនេះ សឹងថាជិតមួយឆ្នាំហើយ នៃសង្គ្រាមលើកទីមួយ ហើយសង្គ្រាមលើកទីពីរ មកដល់ពេលនេះ រយៈពេលប្រាំមួយខែជាងហើយ ។ អ៊ីចឹងយើងឃើញថា អធិបតេយ្យទឹកដីជាច្រើនចំណុច ចាប់ពីខេត្តកោះកុង រហូតទៅដល់ខេត្តព្រះវិហារ គឺមានចម្ងាយដី ៨០៥គីឡូម៉ែត្រ យើងឃើញថា បាត់ចំណុចណាខ្លះ? ហើយសង្ឃឹមថា បានមកវិញ ថ្ងៃស្អែក? ខានស្អែក ខែនេះ ឬក៏ខែក្រោយទេ? អានេះជាចំណុចដែលយើងកំពុងតែធ្វើនយោបាយការទូត កំពុងតែប្ដឹងផ្ដល់បែបណា ទៅតាមច្បាប់អន្តរជាតិ យើងអត់អាចទៅធ្វើអី ឲ្យច្រងេងច្រងាងខុសពីច្បាប់ គឺយើងនឹងទទួលវិនាសកម្ម ភាពឈឺចាប់ខ្លោចផ្សា ដែលគេមើលងាយ មើលថោក ជាន់ឈ្លីយើង តាមអំណាចយោធារបស់គេខ្លាំង សេដ្ឋកិច្ចគេខ្លាំង។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ គឺរាជរដ្ឋាភិបាល មានតែការអត់ធ្មត់ ធ្វើឲ្យបែបណាដើម្បីឲ្យកងទ័ព គាត់មានទឹកចិត្តប្រយុទ្ធ គាត់អាណិតប្រទេសជាតិគាត់ ទឹកដីដែលត្រូវបានសៀម យកនោះ គាត់ចង់បានមកវិញ។ ប៉ុន្តែទាល់តែយើងមានរបៀបភាពខ្លាំងនៃនយោធា យោធាពោរពេញទៅដោយវិជ្ជាជីវៈ យោធាមានបច្ចេកទេស ទៅនឹងយុគសម័យបច្ចេកវិទ្យាទំនើប ជាមួយនឹងសម្ភារៈយោធា ច្បាំងប្រយុទ្ធ ។ អាហ្នឹងវាត្រូវចាំបាច់ ដែលប្រៀបធៀបទៅនឹងយុទ្ធោបកណ៍ សម្ភារៈរបស់យោធារបស់ប្រទេសសៀម ។ អ៊ីចឹងហើយខ្ញុំថា ការដោះស្រាយនេះ វាមិនងាយចប់ឆាប់ៗទេ បើយើងបាត់បង់នូវការឯកភាពជាតិគ្នា បើយើងនៅតែបង្កការឆក់ឱកាសនិយម ឆ្លៀតប្រព្រឹត្តអំពើពុករលួយ បក្ខពួក គ្រួសារនិយម ចង់បានតែក្រុមអញ្ ក្រុមឯងមិនកើតទេ អាហ្នឹងហើយជាជាបញ្ហា ទីមួយ គឺឯកភាពជាតិ ពង្រឹងសេដ្ឋកិច្ច ទៅនឹងជីវភាពការងារប្រជាពលរដ្ឋ រវាងរដ្ឋហើយនិងរាស្ត្រ ត្រូវធ្វើការ មានទំនុកចិត្តជឿជាក់ឲ្យគ្នា ហ្នឹងហើយដែលធ្វើឲ្យសង្គមប្រជាធិបតេយ្យ សេរីពហុបក្ស សេដ្ឋកិច្ចខ្លាំង រឹងមាំ សេចក្ដីថ្លៃថ្នូរមាន ហើយភាពឆ្លាតវៃនៃនយោបាយការបរទេស ការទូត និងការចេះជួយគ្នារវាងស្មារតីជាតិនិយមរបស់ខ្មែរ ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរការពារខ្មែរ កម្ពុជា នឹងអាចខ្លាំងឡើងវិញ ក្នុងអ្វីដែលយើងធ្លាប់មានឈ្មោះល្បីនៅលើសកលលោក កាលពីសម័យមហានគរ ភាពរុងរឿងអស្ចារ្យរបស់ខ្មែរ ការគោរពគុណធម៌ សីលធម៌ឲ្យគ្នា វប្បធម៌ចែកគ្នារស់ ជាជាងដណ្ដើមគ្នារស់នៅ អានេះដែលខ្ញុំមើលឃើញ“ ៕ កុលបុត្រ

RELATED ARTICLES