ខេត្តបន្ទាយមានជ័យៈ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យទីតាំងសង្ស័យពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន៣ទីតាំង ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត រកឃើញជនបរទេស សរុបចំនួន៣០នាក់ ក្នុងនោះមានជនជាតិថៃ ចំនួន១៥នាក់ ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជានិងដឹកនាំផ្ទាល់ ពីលោក អ៊ុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងដោយមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត។

របាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ក្រុមការងារចម្រុះ ក្រោមការសម្របសម្រួលនីតិវិធីពីលោកទេព ឃុនឆ័យ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យទីតាំងចំនួន៣ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត រកឃើញជនបរទេសសរុប ចំនួន៣០នាក់ (៣សញ្ជាតិ) ក្នុងនោះជនជាតិចិន មានចំនួន៥នាក់ ជនជាតិឥណ្ឌូនេស៊ីមានចំនួន១០នាក់ (ស្រី ៣នាក់) និងជនជាតិថៃ មានចំនួន១៥នាក់ (ស្រី ៦ នាក់)។

របាយការណ៍បានបញ្ជាក់ទៀតថា ទីតាំងដែលក្រុមការងារចុះត្រួតពិនិត្យ រួមមាន ៖
– ទីតាំងទី១ ផ្ទះ១ល្វែង កម្ពស់២ជាន់ ៥បន្ទប់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ មានជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅ ចំនួន ១០នាក់ (ស្រី ៣នាក់) ពុំមានសម្ភារសង្ស័យ។ អប់រំណែនាំម្ចាស់ទីតាំង និងផាកពិន័យ ករណីមិនរាយការណ៍ពីវត្តមានជនបរទេសស្នាក់នៅទីតាំងរបស់ខ្លួន។

– ទីតាំងទី២ ផ្ទះ ១ល្វែង កម្ពស់២ជាន់ ៦បន្ទប់ ស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល មានជនជាតិចិន ស្នាក់នៅ ចំនួន ៥នាក់ប្រុស ពុំមានលិខិតឆ្លងដែនជាប់ខ្លួន និងខ្មែរ ១នាក់ (ស្រី) ទីតាំងពុំមានសម្ភារៈសង្ស័យ។ ចំណាត់ការ ៖ បញ្ជូនជនជាតិចិន ៥នាក់ប្រុស និងខ្មែរ (ស្រី) ១នាក់ ទៅអធិការដ្ឋាននគរបាលក្រុង និងស្រាវ ជ្រាវរកម្ចាស់ទីតាំង ដើម្បីផាកពិន័យ។

– ទីតាំងទី៣ ផ្ទះ១ល្វែង កម្ពស់២ជាន់ ៥បន្ទប់ រកឃើញជនជាតិថៃ ចំនួន១៥នាក់ (ស្រី ៦នាក់) រកឃើញសម្ភារសង្ស័យ មួយចំនួន រួមមាន កុំព្យូទ័រ All-in-one ចំនួន១១គ្រឿង ទូរស័ព្ទ ១០គ្រឿង តាមការធ្វើកោសល្យវិច័យរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ពិនិត្យ ឃើញថា ជាករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពក្លែងបន្លំជាក្រុមហ៊ុនលក់ទំនិញ G-MARKET ទិសដៅឆបោកទៅប្រទេសថៃ។

ជនជាតិថៃ ទាំង១៥នាក់ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុង និងដកហូតសម្ភារ រក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ហើយបន្តស្រាវជ្រាវរកម្ចាស់ទីតាំង និងបិទទីតាំង ជាបណ្តោះអាសន្ន៕
