Tuesday, March 10, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទិញប្រេង ៣០កានស្តុកទុក ភ្លើងឆេះផ្ទះហ្មត់

ទិញប្រេង ៣០កានស្តុកទុក ភ្លើងឆេះផ្ទះហ្មត់

ខេត្តបាត់ដំបង ៖ លំនៅឋានរបស់មន្ត្រីនគរបាលម្នាក់ ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញអស់ទាំងស្រុង បន្ទាប់ពីម្ចាស់ផ្ទះ បានទិញប្រេងម៉ាស៊ូត ប្រមាណ៣០កាន យកមកស្តុកទុក ខណ:ប្រេងឡើងថ្លៃ ជាហេតុបង្កឱ្យមានអគ្គិ ភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ខូចខាតសរុបជាទឹកប្រាក់ ប្រមាណ១៦០លានរៀល។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិអូរកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន។

ផ្ទះដែលរងការឆាបឆេះ ជាប្រភេទផ្ទះថ្ម និងឈើ ប្រក់ស័ង្កសី មានទំហំ ១២ម៉ែត្រ គុណនឹង ២០ម៉ែត្រ មានម្ចាស់ឈ្មោះផុន ស៊ីភូ ភេទប្រុស អាយុ៣២ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសន្តិភាព។

គិតត្រឹមថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ច និងម្ចាស់ផ្ទះ ហាក់មិនទាន់រកឃើញមូលហេតុ ដែលនាំឱ្យមានអគ្គីភ័យនេះកើតឡើងនៅឡើយ។ ប៉ុន្តែយោងតាមសេចក្តីរាយការណ៍ បានឱ្យដឹងថា នៅក្នុងផ្ទះជនរងគ្រោះ មានប្រេងម៉ាស៊ូត ប្រហែល៣០កាន ស្មើនឹង ៩០០លីត្រ ដែលម្ចាស់ផ្ទះ បានទិញមកស្តុកទុក ខណៈពេលតម្លៃប្រេង កំពុងហក់ឡើង នាប៉ុន្មានថ្ងៃនេះ។ 

លោកទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានបញ្ជាក់ប្រាប់ថា ម្ចាស់ផ្ទះរងគ្រោះខាងលើ គឺជាមន្ត្រីរដ្ឋបាលប៉ុស្តិ៍ បានទិញប្រេងម៉ាស៊ូត ចំនួន៣០កាន យកមកទុកក្នុងផ្ទះ នៅពេលមានអគ្គិភ័យកើតឡើង ក៏ឆេះអស់គ្មានសល់ ដែលមិនអាចជួយសង្គ្រោះ ឬបាញ់ទឹកទប់ស្កាត់បានឡើយ។ 

យោងតាមរបាយការណ៍ ក្រៅពីផ្ទះដ៏ធំ ១ខ្នងខាងលើ អគ្គិភ័យ បានឆេះបំផ្លាញទ្រព្យសម្បត្តិ និងសម្ភារៈក្នុងផ្ទះ រួមមាន គ្រែ ចំនួន៥ សាឡុងឈើបេង ចំនួន៣ឈុត តុឈើវែង ប្រវែង៤ម៉ែត្រចំនួន២ ម៉ូតូធំ (ត្រៃ) ចំនួន១គ្រឿង ឈើគ្រឿង ប្រវែង៨ម៉ែត្រ ចំនួន៣០សន្លឹក សម្ភារៈផ្ទះបាយ ទាំងអស់ ទូទឹកកក ១គ្រឿង សម្លៀកបំពាក់ និងប្រាក់ ចំនួន៥០ម៉ឺនរៀល ខ្សែកមាស ១ខ្សែ ទម្ងន់២ជី ខ្សែដៃប្លាទីន ១ខ្សែ ទម្ងន់៣ជី ប្រេងម៉ាស៊ូត ចំនួន៣០កាន គ្រឿងបន្លាស់ម៉ាស៊ីនច្រូត មួយចំនួនធំ និងឯកសារ ប្លង់ដី គិតជាទឹកប្រាក់ ប្រមាណ១៦០លានរៀល។

លោកទឹម វិឆ័យ អធិការស្រុកសំពៅលូន ដែលបាននាំកម្លាំងចុះអន្តរាគមន៏ដល់ទីតាំងកើតហេតុ បានប្រាប់ថា អគ្គិភ័យបានឆេះខ្លាំង រហូតមិនអាចបាញ់ទឹកទប់ស្កាត់ ឬជួយសង្គ្រោះបានឡើយ ដោយសារនៅក្នុងផ្ទះជនរង គ្រោះ មានប្រេងម៉ាស៊ូត ៣០កាន មានកំប៉ុងហ្គាស់ និង មានសម្ភារៈផ្សេងៗ ជាច្រើនទៀត ដែលងាយនឹងភ្លើង ឆេះ ជាពិសេសប្រេងម៉ាស៊ូត តែម្តង។

ពាក់ព័ន្ធនឹងអគ្គិភ័យនេះ លោកអធិការ បានបញ្ជាក់ថា អគ្គិភ័យនេះ ទំនងផ្តើមចេញពីកន្លែងរក្សាទុកប្រេង តែជនរងគ្រោះមិនបានដឹងពីដើមចមទេ ស្រាប់តែនៅសុខៗ មានអគ្គិភ័យឡើងតែម្តង ហើយភ្លាមៗនោះម្ចាស់ផ្ទះ បានព្យាយាមបាញ់ទឹកពន្ល់ត តែទប់ទល់មិនឈ្នះឡើយ  ហើយសូម្បីរថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ច ដែលប្រឹងប្រែងបាញ់ពន្លត់ ក៏មិនអាចទប់ស្កាត់បាន ទីបំផុតទាំងផ្ទះ និងទ្រព្យសម្បត្តិ ត្រូវអគ្គិភ័យលេបត្របាក់អស់គ្មានសល់៕

RELATED ARTICLES