Tuesday, March 10, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមមិនស្រួលខ្លួន ទៅគ្លីនិក ពេទ្យមិនបើកទ្វារ ក្អួតស្លាប់

មិនស្រួលខ្លួន ទៅគ្លីនិក ពេទ្យមិនបើកទ្វារ ក្អួតស្លាប់

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ បានកើតមានអាការមិនស្រួលខ្លួន ក៏បានហៅម៉ូតូកង់បី ១គ្រឿង ជិះទៅរកគ្លី និកចិន ១កន្លែង ដើម្បីឱ្យគ្រូពេទ្យព្យាបាល ពេលទៅដល់គ្លីនិក មិនទាន់បើកទ្វារនៅឡើយ ទើបបុរសចិន គោះ ទ្វារនិងស្រែកហៅ តែម្ចាស់គ្លីនិក មិនបើកទ្វារឱ្យចូលទេ ទើបបុរសនោះបានអង្គុយលើបង់ថ្ម មុខគ្លីនិក រង់ចាំពេទ្យ រួចក៏ក្អួតចង្អោរ រហូតដល់ស្លាប់តែម្តង។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ នៅចំណុចបង់ថ្ម ខាងមុខគ្លីនិកចិន យីហោ ឈួន អ៊ី មានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសជនជាតិចិន ដែលស្លាប់ មានឈ្មោះ LIU JIANGCHAO អាយុ៦០ឆ្នាំ ស្នាក់នៅតាមបណ្តោយមហាវិថីចោមចៅ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោងជាង៣ទៀបភ្លឺ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ បុរសជនជាតិចិន បានកើតមានអាការមិនស្រួលខ្លួន ទើបហៅម៉ូតូកង់បី ១គ្រឿង ជិះទៅរកគ្លីនិកចិន ឈួន អ៊ី ដើម្បីឱ្យគ្រូពេទ្យជួយព្យាបាល។ ពេលទៅដល់ គ្លីនិកនោះបិទទ្វារ គាត់ក៏គោះទ្វារ និងស្រែកហៅខ្លាំងៗ ប៉ុន្តែម្ចាស់គ្លីនិក មិនបើកទ្វារឱ្យចូលទេ។

ប្រភពដដែល បន្តថា បន្ទាប់មក បុរសនោះ មិនបានចាកចេញទៅរកគ្លីនិក ឬមន្ទីរពេទ្យផ្សេងទៀតនោះទេ គាត់បានអង្គុយលើបង់ថ្ម នៅមុខគ្លីនិកនោះ រង់ចាំឱ្យម្ចាស់គ្លីនិកបើកទ្វារ ទាំងមានអាការក្អួតចង្អោរ ។ ប៉ុន្តែខណៈនោះ ពុំមាននរណាចូលទៅជិតគាត់នោះទេ ហើយក្រោយមក ពុំដឹងថាគាត់មានរឿងអ្វីទៀតនោះឡើយ ព្រោះពេលនោះ ទើបតែម៉ោងជាង ៣ទៀបភ្លឺ ហើយអ្នកដែលបានឃើញសកម្មភាពបុរសជនជាតិចិននោះ បាននាំគ្នាចូលក្នុងផ្ទះ ដេកលក់អស់ទៅ។ លុះដល់ព្រឹកឡើង ភ្លឺច្បាស់ ស្រាប់តែប្រទះឃើញបុរសនោះដេកស្លាប់នៅក្បែរបង់ថ្ម មុខគ្លីនិកនោះ ទើបមានការភ្ញាក់ផ្អើលឆោឡោ ហើយរាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ចុះទៅពិនិត្យជាក់ស្តែងតែម្តង។

ក្រោយពេលទទួលបានដំណឹងនោះភ្លាម កម្លាំងនគរបាលប៉ស្តិ៍ចោមចៅទី១ និងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅកាន់ទីតាំងនោះ រួចយកខ្សែចងព័ទ្ធ ការពារកន្លែងកើតហេតុ។ បន្ទាប់មក បានរាយការណ៍ទៅកាន់នគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះពិនិត្យនិងធ្វើ កោសល្យវិច័យ ។

ជាលទ្ធផល បញ្ជាក់ថា បុរសនោះស្លាប់ដោយខ្យល់គរ។ បន្ទាប់មក សមត្ថកិច្ចបានដឹកសព ទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រង់ចាំស្រាវជ្រាវរកក្រុមគ្រួសារមកទទួលយក៕

RELATED ARTICLES