Friday, March 13, 2026
Homeព័ត៌មានជាតិព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំនេះធ្វើនៅខេត្តព្រៃវែង

ព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំនេះធ្វើនៅខេត្តព្រៃវែង

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ឈិន កេតនា អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការទទួលបន្ទុករៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល បានថ្លែងថា រាជពិធីច្រត់ព្រះនង្គ័ល សម្រាប់ឆ្នាំ២០២៦ នឹងប្រារព្ធធ្វើនៅទីព្រះស្រែ ក្រុងព្រៃវែង ខេត្តព្រៃវែង នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ខាងមុខ។

ក្នុងកិច្ចប្រជុំពិភាក្សាអំពីភារកិច្ចត្រូវអនុវត្ត ក្នុងការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី ឈិន កេតនា ថ្លែងថា ព្រះរាជពិធីច្រត់ព្រះនង្គ័ល នឹងប្រារព្ធឡើងនៅទីព្រះស្រែ ទី លានកីឡាបាល់ទាត់ សាលាតម្រង់ទិស វិទ្យាល័យព្រះអង្គឌួង ស្ថិតនៅភូមិលេខ៣ សង្កាត់កំពង់លាវ ក្រុងព្រៃ វែង ខេត្តព្រៃវែង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

លោកក៏បានផ្តល់អនុសាសន៍មួយចំនួន ពីគម្រោងផែនការណែនាំលើកិច្ចការសំខាន់ៗជាច្រើនដូចជា ៖ ការរៀបចំចាត់តាំងក្រុមពិធីការ នៅតាមផ្លូវចូលទៅកាន់ទីតាំង សម្រាប់ប្រារព្ធព្រះរាជពិធី រៀបចំទង់ជ្វាលា នៅទីតាំងព្រះពន្លាជ័យ និងការងារសន្តិសុខសណ្តាប់ធ្នាប់ ពិសេសការ រៀបចំសាកល្បងព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅមុនថ្ងៃប្រារព្ធ ដើម្បីធ្វើឱ្យព្រះរាជពិធី មានកិច្ចដំណើរការយ៉ាងល្អប្រសើរ និងខ្ពង់ខ្ពស់បំផុត ។

សូមបញ្ជាក់ថា ព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅឆ្នាំ២០២៦ នេះ លោកសួន សុម៉ាលីន អភិបាល ខេត្តព្រៃវែង ជាស្តេចមាឃ និងលោកស្រី ជុន បូរ៉ានី ជាមេហួ ជាព្រះរាជតំណាង ដង្ហែឆ្ពោះទៅកាន់ទីព្រះស្រែ៕

RELATED ARTICLES