ខេត្តបាត់ដំបង ៖ ក្មេងទំនើងឈាមរាវ ចំនួន៣នាក់ បានធ្វើសកម្មភាពបង្ហោះម៉ូតូ តាមផ្លូវ យ៉ាងអនាធិបតេយ្យ ត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាប ឃាត់ខ្លួនភ្លាមៗ នាំយកមកកោរសក់ អប់រំ រួចកោះហៅឪពុកម្តាយ មកធានា។

ករណីក្មេងទំនើងបង្ហោះម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង៤០នាទីល្ងាច ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅលើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។ លុះមកដល់វេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចក៏បានចុះស្រាវជ្រាវ ឃាត់ខ្លួនក្រុមក្មេងទំ នើង បានចំនួន៣នាក់។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុន ចាន់ ស្នងការនគរ បាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់ កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុក សហ ការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាគ្រាម ធ្វើការនាំខ្លួនក្មេងទំនើង ចំនួន៣នាក់ ដែលជិះម៉ូតូបង្ហោះតាមដងផ្លូវ កាលពីវេលាម៉ោង ៥និង៤០នាទីល្ងាច ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវកៅស៊ូ ភូមិប៉ោយ ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

ពេលនាំមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក ដោយមានម៉ូតូ ចំនួន២គ្រឿង សមត្ថកិច្ចបានធ្វើការអប់រំណែនាំ កោរសក់ និងធ្វើកិច្ចសន្យា ឱ្យបញ្ឈប់សកម្មភាពល្មើស ហើយបានកោះហៅអាណាព្យាបាលមកធានាយកទៅអប់រំបន្ត។ ចំណែកម៉ូតូ ត្រូវបានដកហូតរក្សាទុក រយៈពេល ៣ខែ៕