ភ្នំពេញ ៖ ក្មេងប្រុស វ័យ១០ឆ្នាំម្នាក់ បានជិះកង់ចេញបាត់ពីផ្ទះ ដោយគ្មានដំណឹង អស់រយៈពេល ១យប់១ថ្ងៃ មិនឃើញវិលត្រឡប់មកផ្ទះវិញ ធ្វើឱ្យស្ត្រីជាម្តាយមីង មានការព្រួយបារម្ភ បានកាន់រូបថតក្មួយប្រុស ធ្វើដំណើរទៅកាន់សាលាសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីឱ្យអាជ្ញាធរនិងសមត្ថកិច្ច ជួយអន្តរាគមន៍ស្វែងរកក្មួយប្រុស។

ក្មេងប្រុសដែលបាត់ខ្លួន មានឈ្មោះអៀង ចំរ៉ុង អាយុ១០ឆ្នាំ មានឪពុកឈ្មោះទ្រី ឆៃអ៊ាង អាយុជាង៤០ឆ្នាំ មុខរបររត់ម៉ូតូកង់បី មានលំនៅ ភូមិវាលស្បូវ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងម្តាយ ឈ្មោះស្រី ឡែន អាយុជាង៤០ឆ្នាំ មុខរបរលក់បន្លែ នៅផ្សារបឹងកុក ស្នាក់នៅទីរួមខេត្តកំពង់ចាម។ ក្មេងប្រុសនេះ គឺជាកូនបន្ទាប់ពៅ ក្នុងចំណោមបងប្អូន ៤នាក់ (ប្រុស៣ ស្រី១) ដោយឪពុកម្តាយបានលែងលះគ្នា រយៈពេល ៨ឆ្នាំមកហើយ ដោយកូនប្រុសដែលបាត់ខ្លួននេះ ស្នាក់នៅជាមួយឪពុកបង្កើត។

តាមសម្តីស្ត្រីជាម្តាយមីង ឈ្មោះទ្រី សៀកហុង អាយុ៤៣ឆ្នាំ មុខរបរលក់ដូរនៅផ្ទះ ស្នាក់នៅភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិវាលស្បូវ ឃុំអម្ពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានរៀបរាប់ប្រាប់ថា ក្មួយប្រុសរបស់គាត់ដែលបាត់ខ្លួននវ ពាក់អាវពណ៌ខ្មៅ ស្លៀកខោខូវប៊យ និងបានជិះកង់ ១គ្រឿង ពណ៌ផ្ទៃមេឃ ចេញពីផ្ទះ នៅឯខេត្តកំពង់ចាម តាំងពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ដោយជិះតាមផ្លូវរោងចក្រវាយនភណ្ឌ រួចស្រាប់តែបាត់ដំណឹងសូន្យ មិនឃើញត្រឡប់មកផ្ទះវិញ ឡើយ។ ខណៈនោះ ឪពុករបស់គេ បានតាមរកគ្រប់ទីកន្លែង ប៉ុន្តែរកមិនឃើញ ធ្វើឱ្យមានព្រួយបារម្ភពីសុវត្ថិ ភាពកូនប្រុស ហើយបន្ទាប់ពីទទួលបានដំណឹងនោះ រូបគាត់ដែលជាម្តាយមីង ក៏បានទូរស័ព្ទទៅបងប្រុស (ឪ ពុកក្មេងប្រុសបាត់ខ្លួន) ឱ្យផ្ញើរូបថតក្មួយប្រុសនោះ មកឱ្យគាត់។

ស្ត្រីជាម្តាយមីង បានរៀបរាប់បន្តថា ពេលទទួលបានរូបថតក្មួយប្រុសហើយ គាត់ក៏បានកាន់រូបថតនោះ តាមស្វែងរកក្មួយប្រុស នៅភ្នំពេញ ក្រែងក្មួយប្រុសធ្វើដំណើរមកភ្នំពេញ ហើយមានអ្នកបានប្រទះឃើញ។ ប៉ុន្តែរកមិនឃើញឡើយ បន្ទាប់មក នាងក៏សម្រេចចិត្តកាន់រូបថតក្មួយប្រុស ធ្វើដំណើរទៅកាន់សាលាសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីសុំឱ្យអាជ្ញាធរនិងសមត្ថកិច្ច ជួយស្វែងរកក្មួយ។

ស្ត្រីជាម្តាយីង បានឱ្យដឹងបន្ថែមទៀតថា គាត់មិនបានដឹងថា ក្មួយប្រុស មានរឿងអ្វីនោះទេ ទើបបាត់ខ្លួនបែបនេះ ធ្វើឱ្យគាត់មានការព្រួយបារម្ភខ្លាំងណាស់។ ចំណែកមុនពេលចេញបាត់ពីផ្ទះ ប៉ុន្មានថ្ងៃ បុរសជាឪពុក បានណែនាំ អប់រំឱ្យកូន ធ្វើអំពើល្អ និងសេពគប់តែមិត្តល្អៗ ទៅណាមកណា ឆាប់ត្រឡប់ចូលផ្ទះវិញ។ ប៉ុន្តែឪពុកមិនបានវាយធ្វើបាបកូននោះទេ ហើយពុំដឹងថា កូនអន់ចិត្តនឹងឪពុក រឿងអប់រំនោះ ឬក៏មានរឿងអ្វីមួយផ្សេងទេ ទើបចេញពីផ្ទះ។ ដូច្នេះប្រសិនបើបងប្អូនណាបានប្រទះឃើញក្មេងប្រុស ដូចមានភិនភាគខាងលើ សូមជួយផ្តល់ដំណឹងតាមរយៈទូរស័ព្ទលេខ ០៩៧ ៩២៥ ៧៧ ៧៩ ដោយអនុគ្រោះផង៕