ខេត្តកំពង់ស្ពឺ ៖ ព្រាប សុវត្ថិ និងពេជ្រ សោភា បានលេចមុខលើឆាកតន្រ្ដី «ទិវាលោកឪពុក» (Father’s Day) កាលពីរាត្រីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ដែលការច្រៀងសម្ដែងរបស់តារាទាំងពីរដួង ទាក់ទងនឹងគុណលោកឪពុក ការចាកចេញរបស់ឪពុក គ្មានថ្ងៃត្រឡប់ ទើបធ្វើឲ្យតារាទាំងពីរ ហូរទឹកភ្នែកលើឆាកតន្ត្រី ចំណែកអ្នកគាំទ្រ (Fan) ក៏ក្តុកក្តួល ស្រក់ទឹកភ្នែក រលីងរលោងតាមដែរ ព្រោះតែក្នុងចំណោមអ្នកទស្សនាទាំងនោះ ពួកគេមួយចំនួនក៏ត្រូវបាត់បង់លោកឪពុកដែរ ។

លោក ព្រាប សុវត្ថិ ច្រៀងបទ «លោកឪពុក» របស់លោក នៅហង្សមាស ហើយលោកនិយាយទាំង ទឹកមុខស្រងូតស្រងាត់ និងសំឡេងក្ដុកក្ដួលថា «បទនេះ ជាបទអនុស្សាវរីយ៍នៃការចងចាំ ដល់មនុស្សទូទៅ ។ យើងមានឪពុកម្ដាយ ស្រលាញ់ យកអីមកដូរក៏មិនបានដែរ អត់បានទេ ចង់ហៅមកវិញ តែទៅហើយ បាត់ហើយ មិនដឹងហៅដោយរបៀបណា វិធីណា?»។ ជាមួយគ្នានេះ ដែរលោក ព្រាប សុវត្ថិ ក៏ទើបតែបានច្រៀងបទ «លោកឪពុក» នៅឆាក The Water នារាជធានីភ្នំពេញ ដែរ ដោយលោកនិយាយនៅចំពោះមុខអ្នកទស្សនាជាច្រើនដែរថា «តាំងពីក្មេងម៉ោ ខ្ញុំកើតមក គឺអត់ដែលស្គាល់មុខឪពុកខ្ញុំទេ ។ សូម្បីតែរូបថតឪពុកខ្ញុំ ក៏ខ្ញុំមិនដែលមានដែរ ខ្ញុំក៏អត់មានបងប្អូនដែរ ខ្ញុំមានតែម្នាក់ឯង ពីរនាក់ម្ដាយខ្ញុំ អ៊ីចឹងខ្ញុំជាកូនកំព្រា ។ ពេលខ្ញុំមានគ្រួសារទៅ មានប្អូនៗ ខ្ញុំមានការស្រលាញ់ពីពួកគាត់ដែរ»។

ចំណែកពេជ្រ សោភា បានច្រៀងលើឆាក «ទិវារំលឹកគុណឪពុក» ទាំងទឹកភ្នែកហូរជោកថ្ពាល់ បទ «លោកពុកកម្សត់» ជាបទផលិតដោយហង្សមាស ដែរ ហើយច្រៀងចប់ នាងនិយាយទៅកាន់អ្នកទស្សនាថា «អ្នកទាំង អស់គ្នា នៅមានឪពុក មានសង្ឃឹមទៅដល់ផ្ទះវិញយើងនិយាយភាសាថា ពុក ខ្ញុំស្រលាញ់ពុក ឬមួយយើងធ្វើខុសជាមួយគាត់ យើងនិយាយសុំខមាទោសគាត់ ។ ទាំងអស់គ្នា ខ្លះពិតជាសំណាងខ្លាំងណាស់ នៅមានឱកាស បើខ្ញុំ អត់មានឱកាសទេ អ៊ីចឹងអ្នកមានឱកាស មានភាគរយជាច្រើន តែខ្ញុំមានឱកាស តែមិនអាចតប ស្នង ព្រោះពេលវេលាដែលគាត់រស់នៅ គឺខ្លីមែនទែន សម្រាប់មើលយើង ប៉ុន្ដែពេលដែលកូនមើលទៅឪពុក គឺពិតជាតិចមែនទែន អ៊ីចឹងអ្នកទាំងអស់គ្នា គួរតែថែរក្សារអនុស្សាវរីយ៍ បើសិនជាអ្នកទាំងអស់គ្នា នៅមានឪពុក មានម្ដាយ បើមានម្ដាយ អត់មានឪពុក ត្រូវចាំថា គ្មានអ្នកណាម្នាក់ស្រលាញ់យើងជាងឪពុកម្ដាយយើងទេ»។


គួររំលឹកថា លោកព្រាប សុវត្ថិ អាយុ៥១ឆ្នាំ កើតនៅឆ្នាំ១៩៧៥ ហើយលោកកើតក្រោមដើមស្នាយ ទើបគេហៅឈ្មោះខាងក្រៅថា «ស្នាយ» ។ ព្រាប សុវត្ថិ បានរៀបការជាមួយលោក ស្រីឡុង ស្រីមុំ ឆ្នាំ១៩៩៧ មានកូនប្រុស ៣នាក់ គឺសុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ ។ លោកឧកញ៉ា ព្រាប សុវត្ថិ ច្រៀងនៅហង្សមាស រយៈពេល ២៣ឆ្នាំ (១៩៩៧-២០២០) និងបច្ចុប្បន្ន កំពុងច្រៀងនៅ Galaxy ឆ្នាំទី៦ ។

ចំណែកតារាចម្រៀង ស៊ូ សោភា ហៅពេជ្រ សោភា ឪពុកនាង លោកស៊ូ សារិន បានទទួលមរណភាព កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ដែលពេលនោះ នាងមិនទាន់មានជីវភាពធូរធារទេ ។ សោភា ថាអ្វីដែលនាងឈឺចាប់បំផុត ពេលមានជីវភាពល្អប្រសើរ មានលុយ បែរជាមិនអាចជួបឪពុកបានឡើយ ។ នាងថា កាលនោះ បើមានលុយព្យាបាលជំងឺឪពុក ក៏នាងមិនត្រូវបែកពីឪពុក ជារៀងរហូតបែបនេះដែរ។

ក្រៅពីព្រាប សុវត្ថិ និងពេជ្រ សោភា តារាកំព្រាឪពុក មានដូចជា អ្នកនាង មាស សុខសោភា, សុគន្ធ និសា, ឌួង ហ្សូរីដា និងលោកករុណា ពេជ្រ ជាដើម ៕


