ខេត្តត្បូងឃ្មុំ ៖ ទារិកាអភ័ព្វម្នាក់ ទើបតែកើតភ្លាម មិនទាន់កាត់ផ្ចិតផង ក៏ត្រូវម្តាយ យកមកប្លុងចោលនៅក្នុងអង្រឹង នារោងលក់ចាប់ហួយ មួយកន្លែង ក្នុងស្រុកត្បូងឃ្មុំ ត្រូវបានប្រជាពលរដ្ឋ រើសយកមកប្រគល់ជូនក្រុមការងារសង្គមកិច្ចស្រុក ហើយត្រូវបានអាជ្ញាធរធរមូលដ្ឋាន បញ្ជូនទៅពិនិត្យសុខភាព និងស្ថិតក្រោមការមើលថែទាំយ៉ាងយកចិត្តទុកដាក់នៅមណ្ឌលសុខភាព ហើយអាជ្ញាធរ បានចេញសេចក្ដីជូនដំណឹង ប្រកាសស្វែងរកឪពុកម្តាយ ឬសាច់ញាតិរបស់ទារិកាអភ័ព្វនេះ ដើម្បីមកទទួលយកទៅចិញ្ចឹមវិញ តែបើហួសកាល កំណត់ គ្មានសាច់ញាតិមកទទួលស្គាល់ទេនោះ អាជ្ញាធរនឹងអនុវត្តនីតិវិធីផ្ដល់ជូនអាណាព្យាបាល ឬរៀបចំបែបបទសម្រាប់ការសុំកូនចិញ្ចឹម តាមនីតិវិធីច្បាប់ជាធរមាន ទៅអ្នកដែលរើសបាន ។

យោងតាមសេចក្តីជូនដំណឹង ស្តីពីការស្វែងរកឪពុកម្តាយ ឬសាច់ញាតិរបស់ទារិកាដែលត្រូវបានបោះបង់ចោល របស់មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ បានឲ្យដឹងថា មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្តត្បូងឃ្មុំ រដ្ឋបាលស្រុកត្បូងឃ្មុំ ក៏ដូចជាអាជ្ញាធរឃុំជីរោទ៍ទី២ សូមជម្រាបជូនសា ធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ មានករណីទារិកាម្នាក់ ត្រូវបានគេយកមកទុកចោលនៅក្នុងអង្រឹង ក្នុងរោងលក់ចាប់ហួយ មុខផ្ទះរបស់លោក ចេង ចិត្តា និងអ្នកស្រី ស៊ន ណារ័ត្ន ស្ថិតនៅភូមិជ្រោយគរ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ប្រភពខាងលើ បានជម្រាបជូនថា ទារិកា ទើបនឹងសម្រាលថ្មីៗ (មិនទាន់បានចងផ្ចិតនៅឡើយទេ) ហើយបច្ចុប្បន្ន ត្រូវបានបញ្ជូនទៅពិនិត្យសុខភាព និងស្ថិតក្រោមការមើលថែទាំយ៉ាងយកចិត្តទុកដាក់នៅមណ្ឌលសុខភាព។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋណាដែលជាឪពុកម្តាយ បងប្អូន ឬសាច់ញាតិបង្កើតរបស់ទារិកាខាងលើ ឬបានស្គាល់អត្តសញ្ញាណឪពុកម្តាយរបស់ក្មេងស្រីរូបនេះ មេត្តាទំនាក់ទំនងមកអាជ្ញាធរឃុំជីរោទ៍ទី២ ឬប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ជាបន្ទាន់ ដើម្បីទទួលយកទារិកា ទៅគ្រប់គ្រង និងមើលថែទាំវិញ តាមផ្លូវច្បាប់។ ក្នុងករណីផុតកំណត់រយៈពេល គិតចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះតទៅ ប្រសិនបើគ្មានសាច់ញាតិមកទទួលស្គាល់ទេនោះ អាជ្ញាធរនឹងអនុវត្តនីតិវិធីផ្ដល់អាណាព្យាបាល ឬរៀបចំបែបបទសម្រាប់ការសុំកូនចិញ្ចឹម តាមនីតិវិធីច្បាប់ ជាធរមាន ។

សូមបញ្ជាក់ថា ទារិកាខាងលើ ត្រូវបានប្ដីប្រពន្ធមួយគូ ជាកសិករ ដែលប្ដីឈ្មោះ ចេង ចិត្តា អាយុ៣៧ឆ្នាំ និងប្រពន្ធឈ្មោះ ស៊ន ណារ័ត្ន អាយុ៣៣ឆ្នាំ ប្រទះឃើញនៅវេលាម៉ោងប្រហែល ៥ភ្លឺ នៅលើតូបលក់ចាប់ហួយ មុខផ្ទះរបស់ពួកគាត់ (កន្លែងពួកគាត់រកស៊ីលក់ដូរ) ហើយត្រូវពួកគាត់សន្និដ្ឋានថា ទារិកាអភ័ព្វនេះ អាចត្រូវម្ដាយយកមកប្លុងចោល ក្នុងអង្រឹង ទាំងមិនទាន់កាត់ទងផ្ចិត នៅជាប់ទាំងសុក មានប្រឡាក់ឈាម ទឹកភ្លោះ នៅប្រហែលម៉ោង ៣និង៣០នាទីទៀបភ្លឺ គឺកើតភ្លាម យកមកបោះចោលភ្លាម ។ ដូច្នេះពួកគាត់សន្មតថា ក្មេងនេះត្រូវបានម្ដាយយកមកបោះចោល មិនជាយូរប៉ុន្មានទេ ព្រោះបើកទុកចោលយូរ ទងផ្សិត ទុកយូរ វាចូលខ្យល់ អាចប៉ះពាល់ដល់អាយុជីវិតក្មេងដែរ តែនេះទងផ្សិតនៅល្អ ។ ក្រោយរើសបាន នៅពេលព្រឹកឡើង ប្ដីប្រពន្ធខាងលើ បានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងបានយកទៅមណ្ឌលសុខភាព ឲ្យគ្រូពេទ្យលាងសម្អាត កាត់ផ្ចិត ថ្លឹងទម្ងន់ ឃើញថា បាន២,៨គីឡូក្រាម (២គីឡូ៨ខាំ) បានចាក់វាក់សាំងការពារ និងបានដាក់ឈ្មោះនៅក្នុង ប័ណ្ណលឿងថា “ស៊ីម ស្រីលាភ” ។ មិនតែប៉ុណ្ណោះ ប្ដីប្រពន្ធម្ចាស់ផ្ទះ ក៏បានសុំខាងសាលាឃុំ ចុះសំបុត្រ កំ ណើតឲ្យកូនដែលរើសបាននេះដែរ ព្រោះពួកគាត់សម្រេចថា នឹងយកកូននេះ ចិញ្ចឹមទុកដូចកូនបង្កើត ប៉ុន្តែខាងសាលាឃុំ មិនទាន់ធ្វើឲ្យ ដោយសារត្រូវទុករយៈពេលឲ្យសាច់ញាតិ ឬម្ដាយក្មេង មកយកកូនទៅវិញ ។ ចំពោះអាហារូបត្ថម្ភ គ្រួសារនេះអះអាងថា បំបៅទឹកដោះគោ ព្រោះគ្មានទឹកដោះម្ដាយទេ ហើយលទ្ធផលពិនិត្យ (ជោះឈាម) របស់គ្រូពេទ្យ បង្ហាញថា មានសុខភាពល្អ គ្មានមេរោគអ្វីនៅក្នុងខ្លួននោះទេ ។
លោក ចេង ចិត្តា ជាប្ដី បានបញ្ជាក់ប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ថា លោកនិងប្រពន្ធ មានកូន ៣នាក់ នៅក្នុងបន្ទុករួចទៅហើយ គឺស្រី២ ប្រុស១ ដែលក្នុងនោះកូនច្បង (កូនទី១) អាយុ៩ឆ្នាំ កូនទី២ អាយុឆ្នាំ និងកូនទី៣ អាយុ៣ឆ្នាំ ។ ប៉ុន្តែការដែលលោកនិងប្រពន្ធ ចង់បានទារិកាដែលរើសបាននេះ មកចិញ្ចឹមទៀត ដោយសារតែអាណិតក្មេងដែលមិនគួរណាម្ដាយបានផ្ដល់កំណើត និងបង្កើតគ្នាមកហើយ បែរជាយកមកបោះចោល ដូចសត្វធាតុ គួរឲ្យអាណោចអាធ័មណាស់ ។ ដូច្នេះពួកគាត់តាំងចិត្តថា នឹងចិញ្ចឹមកូននេះ ឲ្យបានល្អ ដូចកូនបង្កើតរបស់ខ្លួនទាំង៣ ហើយលោកជឿជាក់ថា ម្ដាយក្មេងនេះ នឹងមិនហ៊ានមកយកកូនវិញទេ បើដាច់ចិត្តយកកូនមកប្លុងចោលទៅហើយ ។ យ៉ាងណា លោកគោរពតាមការណែនាំរបស់អាជ្ញាធរ គឺទុកពេលឲ្យសាច់ញាតិ មកទទួលយកក្មេងនេះ ត្រលប់ទៅវិញ បន្ទាប់មក បើមិនឃើញទេ ពួកគាត់នឹងបំពេញបែបបទសុំកូនចិញ្ចឹម តាមនីតិវិធី និងការតម្រូវរបស់អាជ្ញាធរ ។
លោក ចេង ចិត្តា បាននិយាយថា “បាទ! ខ្ញុំទៅឃុំ ព្រឹកមិញ គាត់បើកចំហសិន ក្រែងសាច់ញាតិ បងប្អូនខាង ម្ដាយក្មេងនេះ មកយកវិញ គេទុករយៈពេលឲ្យប៉ុន្មានៗអ៊ីចឹងទៅ ហើយខាងប៉ុស្តិ៍ថា បើអត់ឃើញមកទេ គេនឹងប្រគល់ឲ្យយើងអ្នកមើលថែ ស្របច្បាប់ ពេញច្បាប់តែម្ដង ។ ប៉ុន្តែឥឡូវ មកដល់ពេលនេះ មិនទាន់ឃើញសាច់ ញាតិចេញមុខមកទេ ប៉ុន្តែខ្ញុំគិតថា មិនហ៊ានមកយកទេ ព្រោះមនុស្សធ្វើដល់ថ្នាក់នេះដល់ក្មេងទៅហើយ មិនហ៊ានចេញមុខមកទេ ។ ដូច្នេះខ្ញុំនៅតែប្រកាន់ជំហរយកកូននេះចិញ្ចឹម ទុកដូចកូនបង្កើតរបស់ខ្ញុំអ៊ីចឹង ប៉ុន្តែបើតាមច្បាប់ ពេលសាច់ញាតិ គេមកយក យើងត្រូវតែប្រគល់ឲ្យគេវិញ គឺយើងមិនអាចប្រឆាំងបានទេ ព្រោះច្បាប់ តម្រូវអ៊ីចឹង ។ ប៉ុន្តែបើថ្ងៃមុខទៅ ច្បាប់ប្រគល់ឲ្យជាកូនរបស់យើងពេញសិទ្ធិហើយ ខាងគេនោះ ក៏គ្មានសិទ្ធិទារពីយើងវិញបានដែរ ។ ប៉ុន្តែបើក្នុងករណីក្នុងពេលមិនទាន់ហួសកាលកំណត់នោះ ខាងម្ដាយ ហ៊ានចេញមុខមក ក្រៅពីព្រមប្រគល់កូនទៅឲ្យគាត់វិញ ខ្ញុំក៏មានពាក្យណែនាំមួយចំនួន ទៅដល់គាត់ដែរ មិនចង់ឃើញគាត់ទង្វើបែបហ្នឹង (ប្លុងកូនចោល) ដែលគំរូអាក្រក់ទៅដល់ម្ដាយដទៃ វាអាក្រក់មើលណាស់ យកកូនបោះចោលអ៊ីចឹង“ ។
ដោយឡែក លោក ជា ប៊ុនពៅ មេឃុំជីរោទ៍ទី២ បានបញ្ជាក់ប្រាប់ “នគរធំ” នៅរសៀលថ្ងៃដដែលនោះដែរថា ទារិកានេះ ត្រូវបានម្ចាស់ផ្ទះ សម្រេចយកចិញ្ចឹមហើយ មិនឲ្យទៅអ្នកណាផ្សេងទេ បើទោះបីក្នុងអំឡុងពេលនៃការប្រកាសរកសាច់ញាតិនេះ មានមនុស្សជាច្រើន បានទាក់ទងមកសុំយកទៅចិញ្ចឹម និងអ្នកខ្លះហ៊ានទាំងប្រ កាសទិញក៏ដោយ ។

លោកមេឃុំ បានរំលឹកហេតុការណ៍ថា នៅវេលាយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ មានស្រីម្នាក់ (មិនស្គាល់សាវតារ) បានមកសម្រាលកូន នៅក្នុងបន្ទប់ទឹក របស់ម្ចាស់ផ្ទះ ។ លុះសម្រាលហើយ ស្រ្តីជាម្ដាយនោះ ក៏បានខ្ចប់កូន ទាំងសុក ដាក់ចូលទៅក្នុងអង្រឹងរបស់ម្ចាស់ផ្ទះ ហើយក៏បានចេញទៅបាត់ទៅ ។ រហូតដល់ព្រឹកព្រលឹម ឡើង ម្ចាស់ផ្ទះ បើកទ្វារខ្វាកមក ក៏ឃើញកូននេះ នៅលើអង្រឹង ខ្វៃៗ នៅទាំងសុក ពួកគាត់ក៏នាំគ្នាយកមកកាត់ទងផ្ចិត នៅមណ្ឌលសុខភាព និងបានយកមករាយការណ៍ជូនខាងប៉ុស្តិ៍ និងឃុំ ដើម្បីសុំការអនុញ្ញាតយកកូននេះ ទៅចិញ្ចឹម ជាពិសេស បានសុំចុះសំបុត្រកំណើត ឲ្យកូននេះ ។ ប៉ុន្តែមកដល់ពេលនេះ ក្នុងនាមជាអា ជ្ញាធរឃុំ លោកមិនទាន់បានបន្តនីតិវិធីឲ្យពួកគាត់ទេ រង់ចាំសុំយោបល់ពីថ្នាក់ដឹកនាំ (ថ្នាក់ស្រុក) សិន ។ ដូច្នេះក្នុងអំឡុងពេលនេះ ខាងឃុំ បានត្រឹមតែទុកពេលឲ្យពួកគាត់មើលថែទាំកូននេះសិន ក្រែងលោម្ដាយនោះ ដែលមិនដឹងមានផលលំបាកយ៉ាងម៉េច ដាច់ចិត្តប្លុងកូនចោល ហើយនឹកឃើញ វិលត្រលប់មកយកកូនវិញ ។

លោកមេឃុំ បានមានប្រសាសន៍ថា “បាទ! ដាក់នៅក្នុងហ្នឹង យើងអត់បានទៅកំណត់ថា ប៉ុន្មានថ្ងៃៗ ឲ្យសាច់ ញាតិមកទទួលទេ អត់ទាន់មានឱសានវាទឲ្យគាត់ទេ ប៉ុន្តែគ្រាន់តែថា ព័ត៌មានហ្នឹង យើងបានដឹង គាត់យកមករាយការណ៍ ហើយយកកូនហ្នឹង មកមណ្ឌលសុខភាព ដើម្បីយកមកពិនិត្យសុខភាពរាងកាយកូនហ្នឹង ក្រែងលោវាមានបញ្ហាអីអ៊ីចឹង ។ ប៉ុន្តែការពិនិត្យសុខភាពទៅ ក៏ឃើញថា មានសុខភាពរឹងមាំធម្មតា មិនមានបញ្ហាអីទេ ។ ដូច្នេះសម្រាប់ខ្ញុំៗមានតែរង់ចាំសុំយោបល់ពីខាងលោកអភិបាលស្រុក ទៅវិញ តើគួរសម្រេចថា កូនហ្នឹងប្រគល់ជូនទៅម្ចាស់ផ្ទះដែលគាត់បានទទួលហ្នឹង ឬមួយក៏យ៉ាងម៉េច? អាហ្នឹងយើងបន្តនីតិវិធីតាមហ្នឹង ព្រោះយើងមិនទាន់់ហ៊ានថាម៉េចទេ ។ ប៉ុន្តែមកដល់ពេលនេះ កូននេះ មានសុវត្ថិភាពហើយ នៅជាមួយម្ចាស់ផ្ទះហ្នឹង ហើយរហូតមកដល់ឥឡូវហ្នឹង មានអ្នកមកសុំទិញកូនហ្នឹង ពីម្ចាស់ផ្ទះទៀត តែម្ចាស់ផ្ទះ ដាច់ខាតមិនលក់ទេ ទិញប៉ុន្មាន ក៏គាត់អត់លក់ដែរ កូនហ្នឹង គាត់មិនយកលុយទេ ដាច់ខាតគាត់ត្រូវចិញ្ចឹមកូនហ្នឹង ដោយមិនព្រមឲ្យអ្នកណា សូម្បីយកមកដល់ប៉ុស្តិ៍ ខាងប៉ុស្តិ៍ និយាយលេងថា សុំទិញ ក៏មិនព្រម ហើយពេលយកមកដល់ឃុំ ខ្ញុំជាមេឃុំ និយាយលេងថា សុំទិញយកទៅចិញ្ចឹមដែរ ក៏គាត់មិនព្រមដែរ ។ អ៊ីចឹងមានន័យថា គាត់ស្រលាញ់ ហើយគាត់សង្ឃឹមហើយ ហើយខ្ញុំនៅចាំឆ្លងជំនាញខាងហ្នឹងមើល ថាតើយើងគួរប្រគល់ជូនទៅគាត់ ឲ្យផ្ដាច់មុខតែម្ដង? ដើម្បីយើងចុះសំបុត្រកំណើតជូនក្មេងហ្នឹង ខណៈដែលឥឡូវសាលាឃុំ មិនទាន់ចុះសំបុត្រកំណើតជូនគាត់នៅឡើយ“ ៕ កុលបុត្រ