Tuesday, April 7, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប៉ូលិសចុះចាប់ចោរ ពលរដ្ឋព័ទ្ធចាប់ប៉ូលិស

ប៉ូលិសចុះចាប់ចោរ ពលរដ្ឋព័ទ្ធចាប់ប៉ូលិស

ខេត្តកំពង់ស្ពឺ ៖ កម្លាំងសមត្ថកិច្ចចម្រុះ បានសម្រេចចិត្តផ្ទុះអាវុធ ដើម្បីបំបែកហ្វូងប្រជាពលរដ្ឋ ដែលបានយករនាំងដែកមកឡោមព័ទ្ធរារាំងការបញ្ជូនខ្លួនជនសង្ស័យម្នាក់ ដែលត្រូវជាកូនម្ចាស់ហាងទិញលក់រថយន្ត ពាក់ព័ន្ធករណីលួចរថយន្តពីខេត្តព្រៃវែង។

ប្រតិបត្តិការបង្ក្រាបនិងឈានដល់ការផ្ទុះអាវុធនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ នៅត្រង់ចំណុចទីតាំងទិញ-លក់រថយន្ត មួយកន្លែង តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ករណីចោរលួចរថយន្តនេះ បានកើតឡើង កាលពីវេលាម៉ោង៤និង៣១នាទីទៀបភ្លឺ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ដោយជនសង្ស័យបានធ្វើសកម្មភាពលួចរថយន្ត ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3D-0908 ដែលម្ចាស់បានចតទុកនៅភូមិពន្លៃ ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃ វែង។

ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងនគរបាលខេត្តព្រៃវែង ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្ត បានប្រឹងប្រែងតាមដានស្រាវជ្រាវអស់ជិត ២សប្តាហ៍ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យដែលជាកូនម្ចាស់ហាងទិញលក់ រថយន្តខាងលើ។  ស្រាប់តែពេលសមត្ថកិច្ចត្រៀមដឹកជនសង្ស័យចេញ មានប្រជាពលរដ្ឋជាច្រើននាក់ ប្រដាប់ដោយ កាំបិត ពូថៅ និងដំបង បាននាំគ្នាចូលមករារាំងសមត្ថកិច្ច ដោយយករនាំងដែកមកឡោមព័ទ្ធរថយន្តរបស់សមត្ថកិច្ច មិនឱ្យចាកចេញឡើយ។

ដោយសារតែស្ថានភាពមានការរារាំងការអនុវត្តច្បាប់ យ៉ាងខ្លាំងក្លា ជាជម្រើសចុងក្រោយ កម្លាំងសមត្ថកិច្ចចម្រុះ បានបាញ់ផ្ទុះអាវុធ ដើម្បីបំបែកក្រុមប្រជាពលរដ្ឋ ទើបអាចនាំខ្លួនជនសង្ស័យចេញបានដោយជោគជ័យ។ជុំវិញបាតុភាពនេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានបញ្ជាក់ថា កម្លាំងនគរបាលព្រៃវែង បានប្រឹង ប្រែងដាច់បាយដាច់ទឹក ជិត២សប្តាហ៍ ទម្រាំបង្ក្រាបបាន តែមិនគួរណាប្រជាពលរដ្ឋ មិនយល់សាច់រឿង បែរជាធ្វើទង្វើបែបនេះដាក់សមត្ថកិច្ចសោះឡើយ ដែលនេះជាទង្វើខុសផ្លូវច្បាប់ និងខុសទាំងសីលធម៌ផងដែរ។

ដោយឡែក យោងតាមប្រភស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ថា ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងនគរបាល ដឹកនាំដោយលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានធ្វើការសហការជាមួយកម្លាំងនគរបាលស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ឃាត់ខ្លួនបក្ខពួកមុខសញ្ញា (អ្នកទទួលផលចោរកម្ម) ទិញរថយន្តដែលចោរបានលួចយកមកពីខេត្តព្រៃវែង រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ទម្ងន់ ២,៥តោន ដែលទទួលទិញពីជនល្មើស ក្នុងតម្លៃ ១៦០០ដុល្លារ ហើយបានលក់បន្ត ២៣០០ដុល្លារ រថយន្តគ្មានឯកសារច្បាប់ដើម នៅចំណុចភូមិអង្គរោង ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦។

ក្នុងប្រតិបត្តិការ កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់មុខសញ្ញាទទួលទិញផលចោរកម្ម (យោងតាមការចង្អុលបង្ហាញពីមុខសញ្ញាដែលសមត្ថកិច្ចដឹកមកជាមួយ) ដែលមានឈ្មោះកែវ ដារ៉ូ ភេទប្រុស មុខរបរទិញលក់រថយន្តដោះបំបែកគ្រឿងលក់ (កាប់សាច់) ប៉ុន្តែប្រតិបត្តិការខាងលើ ត្រូវប្រជាពលរដ្ឋចម្រុះ រួមជាមួយអ្នកធ្វើដំណើរ បានមកឈរមើល ផ្អើលឈូឆរ និងបានធ្វើសកម្មភាពឡោមព័ទ្ធរារាំងសមត្ថកិច្ច គោលបំណងរំដោះជនសង្ស័យមុខសញ្ញាចោរកម្ម មិនឱ្យសមត្ថកិច្ចអនុវត្តច្បាប់។

ជាលទ្ធផល សមត្ថកិច្ចបានធ្វើការឃាត់មុខសញ្ញា បានចំនួន៣នាក់ រួមមាន ទី១-ឈ្មោះកែវ ដារ៉ូ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរទិញ-លក់រថយន្ត (អ្នកទទួលផលចោរកម្ម)។ ទី២-ឈ្មោះថាត តេងណេង ភេទប្រុស អាយុ២៦ឆ្នាំ (អ្នករារាំង) និងទី៣-ឈ្មោះហួន ង៉ែត ភេទប្រុស អាយុ៥៦ឆ្នាំ (អ្នករារាំង)។

ករណីខាងលើ សមត្ថកិច្ចបានបំបែកហ្វូងមនុស្សដែលបានមកឡោមព័ទ្ធក្នុងគោលបំណង ដើម្បីការពាររារាំងសមត្ថកិច្ចមិនឱ្យអនុវត្តនីតិវិធីនៃការឃាត់ខ្លួនមុខសញ្ញាទទួលផលចោរកម្មទិញរថយន្តពីចោរ និងបក្ខពួក។មុខសញ្ញាទាំង៣នាក់ ត្រូវបានបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីមានចំណាត់ការតាមនីតិវិធី។

ដោយឡែក នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដោយបានការណែនាំពីលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញសួរសុខទុក្ខលោកឧត្តមសេនីយ៍ត្រី រស់ រដ្ឋា ស្នងការរង ទទួលជំនួយការដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដែលកំពុងតែសម្រាកព្យាបាលរបួស ដោយសារចូលរួមក្នុងកិច្ចប្រតិបត្តិការរំដោះសមត្ថកិច្ច ដែលចុះអនុវត្តចាប់មុខសញ្ញាចោរកម្មលួចរថយន្តដឹក ទំនិញ ពីស្រុកពាមរ៍ ខេត្តព្រៃវែង យកមកលក់ឱ្យមុខសញ្ញាទទួលផលចោរកម្មទិញ-លក់រថយន្ត នៅចំណុចផ្លូវជាតិលេខ៣ ភូមិអង្គរោង ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលប្រតិបត្តិការនេះ បង្កឡើងដោយក្រុមបក្ខពួកមុខសញ្ញារកស៊ីផលចោរកម្មដ៏សកម្ម ប្រចាំភូមិសាស្ត្រខាងលើ បានបំផុសស្រែកឡូឡា ចោទប្រ កាន់ថា “មិនដឹងសមត្ថកិច្ចមកពីណាទេ គ្មានឯកសណ្ឋាន គ្មានដីកា និងមិនមែនជាសមត្ថកិច្ចពិតប្រាកដ ចេះតែចុះមកចាប់ពលរដ្ឋស្លូតត្រង់ និងអ្នករកស៊ីលក់ទិញឡាន តាមអំពើចិត្ត…” ទើបប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិខាងលើ មានការអាណិតដល់ក្រមចោរ នាំគ្នាចេញមុខនាំគ្នាឡើងផ្លូវជាតិលេខ៣ ចាញ់កលល្បិចក្រុមបក្ខពួកចោរ បែរជាប្រឆាំងតដៃ មានកាំបិត ពូថៅ ដំបង របងរនាំងដែក គ្រែតុកៅ និងសម្ភារៈអាវុធជាច្រើនទៀត មករារាំងមិនឱ្យសមត្ថកិច្ចចាប់មុខសញ្ញាចោរលួចរថយន្ត និងមុខសញ្ញាទទួលផលចោរកម្ម ចេញបាន និងបានវាយតបតមកលើសមត្ថកិច្ច បណ្តាលឱ្យរបងរបួសកងកម្លាំងនគរបាល ជាច្រើននាក់ និងខូចខាតទ្រព្យសម្បត្តិរដ្ឋ មធ្យោបាយរថយន្ត និងរថយន្តផ្ទាល់ខ្លួនរបស់មន្ត្រីនគរបាល និងប៉ះពាល់ដល់អ្នកដំណើរឆ្លងកាត់ ដែលជាហេតុការណ៍មួយអាក្រក់បំផុតមិន ធ្លាប់កើតមានទាល់តែសោះ “ពលរដ្ឋការពារចោរ” ដែលនេះជាពាក្យមួយថ្មីកើតលើទឹកដីភូមិអង្គរោង ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ៕

RELATED ARTICLES