Wednesday, April 8, 2026
Homeសង្គម និងជីវិតម៉ែរក្សា តុលាការដាក់គុក

ម៉ែរក្សា តុលាការដាក់គុក

ភ្នំពេញ ៖ ស្ត្រីឈ្មោះ នី សម្បត្តិ ហៅម៉ែរក្សា ដែលល្បីរឿងអួតមានប្តី២ ហើយអួតអាងថា អាចឲ្យប៉ូលិស ចាប់អ្នកណាក៏បាន ដែលហ៊ានរិះគន់ខ្លួន យកទៅដាក់គុកនោះ ទីបំផុតបន្ទាប់ពីត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ និងបានកសាងសំណុំរឿង បញ្ជូនទៅតុលាការរួច មកដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន​ ដាក់​ពន្ធនាគាររាជធានី (​PJ)​ ពីបទ​ ញុះញង់បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់​សន្តិសុខសង្គម​ និង​បទប្រមាថនគរបាលជាតិ​។ដីកាបង្គាប់ឱ្យឃុំខ្លួន របស់សាលាដំបូងរាជធានីភ្នំពេញ លេខ ៣១៤៦ “ដ១” ដ.ឃ.ដ ចុះថ្ងៃអាទិត្យ ៣រោច ខែ ចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ដែលចុះហត្ថលេខាដោយចៅក្រមស៊ើបសួរ យ៉ែម តុលា មានខ្លឹមសារទាំងស្រុង ដូចខាងក្រោម ៖

យើង យ៉ែម តុលា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

បានឃើញ មាត្រា ២០៦,  មាត្រា ២១៩,  មាត្រា ២២០,  មាត្រា ២២១ និងមាត្រា ២២២ នៃក្រមព្រហ្មទណ្ឌ។ 

បានឃើញ សំណុំរឿងព្រហ្មទណ្ឌលេខ ១៩៥៩ ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦។

បានឃើញ ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ លេខ ១៣៣១ អ.យ.ញ ចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ របស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលទាក់ទងនឹង ÷

ជនត្រូវចោទ ឈ្មោះ នី សម្បត្តិ ភេទស្រី កើតឆ្នាំ១៩៨៤ ជនជាតិខ្មែរ សញ្ជាតិខ្មែរ សាសនាព្រះពុទ្ធ មុខរបរអ្នកលក់ផលិតផលអនឡាញ និងជាគ្រូទាយសន្លឹកបៀ ទីកន្លែងស្ថិតនៅភូមិតាវៀន ឃុំសាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប អាសយដ្ឋានមុនពេលឃាត់ខ្លួន ស្ថិតនៅផ្ទះលេខ ២៩ ផ្លូវលេខ ៤៦០ សង្កាត់ទួលទំពូងទី២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ឪពុក ឈ្មោះ នី សំប៊ុន “រស់” ម្តាយឈ្មោះ លឿង ហៀង “ស្លាប់” ប្តីឈ្មោះ ថន បញ្ញា ជានីតិជន ទោសពីមុន គ្មាន។ (ឃាត់ខ្លួន)

ឃាត់ខ្លួនថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។

ជននេះត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យ ពីបទ ÷ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថ (នគរបាលជាតិ)” ប្រព្រឹត្តនៅព្រះរាជាណាច្រកកម្ពុជា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ តាមបញ្ញត្តិមាត្រា ៤៩៤, មាត្រា ៤៩៥ និងមាត្រា ៥០២ នៃក្រមព្រហ្មទណ្ឌ។

បានឃើញ ដីកាសម្រេចឱ្យឃុំខ្លួនបណ្តោះអាសន្ន លេខ ២៣៣១ «ដ១» ចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦។

បង្គាប់

១. ឱ្យភ្នាក់ងារមានសមត្ថកិច្ច នៃកងកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ នី សម្បត្តិ ភេទស្រី កើតឆ្នាំ១៩៨៤ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទៅពន្ធនាគាររាជធានីភ្នំពេញ (PJ) ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។

២. ឱ្យប្រធានពន្ធនាគាររាជធានីភ្នំពេញ (PJ) ទទួលនិងឃុំខ្លួនជននេះ រហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។

៣. ឱ្យគ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈ ទាំងអស់ សហការអនុវត្តឱ្យបានល្អ នៅពេលដីកានេះ ត្រូវបានបង្ហាញក្នុងករណីចាំបាច់។

គួររំលឹកថា ស្ត្រីជាគ្រូទាយ ឈ្មោះ នី សម្បត្តិ ហៅម៉ែរក្សា ដែលមុននេះល្បីរឿងអួតមានប្តីក្មេង ២នាក់ ធ្លាប់ត្រូវបានសម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ប្រតិកម្មដោយឃ្នើសចិត្ត និងឲ្យចេញបកស្រាយ ហើយស្ត្រីរូបនេះ បានចេញបកស្រាយ សុំទោសថា ជាការធ្វើមាតិកាសម្តែង មិនមែនជាជីវិតពិតនោះ ត្រូវបានសមត្ថកិច្ចស្នងការនគរ បាលរាជធានីភ្នំពេញ ឃាត់ខ្លួនសាកសួរ កាលពីរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីបានបង្ហោះវីដេអូ អួតរឿងបុកលុយប៉ូលិស ឲ្យចាប់អ្នកដែលចូលមកខម្មិនប៉ះពាល់ខ្លួន ដោយសំដៅថា ខ្លួនមានលុយ មានខ្សែប៉ូលិស អាចឱ្យចាប់នរណាក៏បាន ដែលមានជម្លោះជាមួយខ្លួន ដែលចំណុចនេះធ្វើឱ្យប៉ះពាល់ដល់កិត្តិយសមន្ត្រីនគរបាល រហូតមានប្រតិកម្មពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរ បាលរាជធានីភ្នំពេញ ដោយលោកបានបញ្ជាក់ថា គ្រួសារមានវិន័យ ប្រទេសមានច្បាប់ លោកនឹងអនុវត្តច្បាប់ លើស្ត្រីរូបនេះ ដែលមិនរាងចាល បន្ទាប់ពីធ្លាប់ត្រូវបានហៅមកធ្វើកិច្ចសន្យាបញ្ឈប់ម្តងរួចមកហើយ កាលពីខែមុន។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ថា “នៅថ្ងៃទី 24.03.26 ម៉ែរក្សា បានមកធ្វើកិច្ចសន្យាបញ្ឈប់ឡាយរឿងប្តី ២នាក់ នៅជាមួយគាត់ ដែលធ្វើឱ្យប៉ះពាល់សេចក្តីថ្លៃថ្នូរដល់ស្ត្រីខ្មែរទូទៅ នៅស្នងការរាជធានី ម្តងហើយ។ តែពេលនេះ ម៉ែរក្សា ប្រហែលអត់បានទាយមើលខ្លួនឯងទេថា ថ្ងៃនេះ រាសីឡើងឬចុះនោះទេមើលទៅ? គ្រួសារមានវិន័យ ប្រទេសមានច្បាប់ (គឺដើម្បីរក្សាសណ្តាប់ធ្នាប់ សន្តិសុខ សេចក្តីថ្លៃថ្នូរ សង្គមជាតិ)…”។

គួររំលឹកថា កាលពីរាត្រីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ កន្លងទៅ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះ រាជាណាចក្រកម្ពុជា បានបញ្ចេញប្រតិកម្មចំពោះស្ត្រីឈ្មោះ នី សម្បត្តិ ហៅម៉ែរក្សា ដែលបង្ហោះវីដេអូ អួតរឿងយកប្តីក្មេង ២នាក់ រស់នៅជុំគ្នា និងថែមទាំងបង្ហោះចែកចាយរូបភាពផ្អែមល្ហែមតាមបណ្តាញសង្គម  រហូតសម្តេច ចោទសួរថា តើស្ត្រីរូបនេះ យកប្តី២នាក់ពិតមែន ឬជាការសម្តែងដើម្បីទាក់ទាញអ្នកមើល? ភ្លាមនោះ ស្ត្រីឈ្មោះម៉ែរក្សានេះ បានចេញមុខបកស្រាយ សុំទោសសម្តេច ដោយថា ទាំងនោះគ្រាន់តែជាការសម្តែង ដើម្បីបង្កើតមាតិកាកម្សាន្ត ទាក់ទាញតាមបណ្តាញសង្គមប៉ុណ្ណោះ មិនមែនជាជីវិតពិតផ្ទាល់ខ្លួននាងទេ៕ ខៀវទុំ

RELATED ARTICLES