ខេត្តបាត់ដំបងៈ បុរសម្នាក់ ជិះម៉ូតូក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកទីតាំងរៀបចំប៉ាណូកម្មវិធីសង្ក្រាន្ត នៅតាមផ្លូវ បណ្តាលឱ្យបានរងរបួសធ្ងន់ បែកមុខបែកមាត់ បាក់ធ្មេញ២ និងត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅចំណុចអតីតភ្លើងស្តុបសាលាខេត្ត ក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ ដំបង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឃ្លីក មិនចាំស្លាកលេខ ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ជ្រុលទៅបុកកន្លែងគេរៀបចំប៉ាណូកម្មវិធីសង្ក្រាន្តឆ្នាំថ្មី បណ្តាលឱ្យដួលម៉ូតូ រងរបួសបែកមុខបែកមាត់ និងបាក់ធ្មេញ អស់២ ទៀតផង។ក្រោយកើតហេតុ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានទាក់ទងរថយន្តសង្គ្រោះ មកដឹកជនរងគ្រោះ ទៅព្យាបាលនៅមន្ទីរពេទ្យ។ ដោយឡែកម៉ូតូ ត្រូវបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល ជិតទីតាំងកើតហេតុ ដើម្បីរង់ចាំម្ចាស់មកទទួលយក៕

