Friday, April 10, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះប្តីប្រពន្ធ ជួញថ្នាំញៀន១០គីឡូ

វ៉ៃខ្នោះប្តីប្រពន្ធ ជួញថ្នាំញៀន១០គីឡូ

ខេត្តកំពង់ស្ពឺ ៖ ប្តីប្រពន្ធ ២នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញឃាត់ខ្លួន ទាំង២នាក់ និងបន្តចុះឆែកឆេរដល់ផ្ទះជនសង្ស័យ រកឃើញថ្នាំញៀន មានទម្ងន់សរុបប្រមាណជាង ១០គីឡូក្រាម។

ប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀននេះ បានធ្វើឡើង កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅចំណុចភូមិក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ជនសង្ស័យ ទាំង២នាក់ប្តីប្រពន្ធ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន បុរសជាប្តី មានឈ្មោះ វង់ ស៊ីថា ហៅញ៉ាញ់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះ ឯម ស្រីនា ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យទាំង២នាក់ មានលំនៅក្នុងភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

តាមប្រភសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងបានការសម្របសម្រួលនីតិវិធីពីលោកស៊ិន វិរៈ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ និងការដឹកនាំកម្លាំងផ្ទាល់ពីលោកវរសេនីយ៍ទោ ហ៊ាង ឈាងលី ស្នងការរង (ស្តីទី) ផែនការងារប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការតស៊ូលើករណីមុខសញ្ញាចាស់ ជាក់ស្តែងកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅចំណុចភូមិក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ដោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំ រោងទង បង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន ឈ្មោះ វង់ ស៊ីថា ហៅញ៉ាញ់ ព្រមទាំងដកហូតបានវត្ថុតាង រួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យគ្រឿងញៀន ចំនួន ២កញ្ចប់ធំ ទូរស័ព្ទ ១គ្រឿង និងម៉ូតូ ១គ្រឿង។

ប្រភពដដែល បន្តថា ដោយបានការអនុញ្ញាតបន្តពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ និងការបន្តនីតិវិធីពីតំណាងអយ្យការ នៅវេលាម៉ោង ៣និង២០នាទីរសៀល ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានបន្តឆែកឆេរផ្ទះរបស់ឈ្មោះ វង់ ស៊ីថា ហៅញ៉ាញ់ នៅចំណុចភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ដោយដកហូតម្សៅក្រាមពណ៌សថ្លា សង្ស័យគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ចំនួន៣២កញ្ចប់ (ធំ១២កញ្ចប់ តូច២០កញ្ចប់)។ ប្រភេទម្សៅខេ (K) ចំនួន២កញ្ចប់។ ប្រភេទអ៊ឹមឌីអ៊ឹមអេ (MDMA) ចំនួន៤៩កញ្ចប់។ ម្សៅប្រភេទ JNX ចំនួន៦កំប៉ុង។ ម្សៅម៉ុនស្លឹកឈើ ចំនួន ៤កញ្ចប់ធំ (មានទម្ងន់សរុបជាង១០គីឡូក្រាម)។ និងបារីអេឡិចត្រូនិក ចំនួន ៣៩ដើម។ ទឹកអាល់កុល ចំនួន៣លីត្រ។ ឧបករណ៍កែច្នៃផលិតគ្រឿងញៀន មួយចំនួន។ កាំបិត ១ដើម។ អាវុធកែច្នៃ ១ដើម។ វ៉ាលិស ចំនួន២។ ថង់សម្រាប់វេចខ្ចប់គ្រឿងញៀន មួយចំនួន។

បន្ទាប់មក ក្រុមប្រតិបត្តិការបានបន្តទៅឃាត់ខ្លួនឈ្មោះ ឯម ស្រីនា ភេទស្រី អាយុ៣៥ឆ្នាំ ត្រូវជាប្រពន្ធឈ្មោះញ៉ាញ់ នៅចំណុចភូមិត្រស់សាលា សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន ដោយដកហូតទូរស័ព្ទ ១គ្រឿង។

ផ្អែកតាមចម្លើយសារភាពថា គ្រឿងញៀន បានមកពីជនសង្ស័យម្នាក់ នៅភូមិឈូកវ៉ា២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ត្រូវជាបងបង្កើតឈ្មោះឯម ស្រីនា) តែមុខសញ្ញានោះ បានគេចខ្លួន ក្រោយទទួលដំណឹងពីជនសង្ស័យដែលត្រូវបានបង្ក្រាប។

ចំពោះជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ រួមជាមួយវត្ថុតាងរឹបអូស ត្រូវបានកម្លាំងការិយាល័យជំនាញ កសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

RELATED ARTICLES