Wednesday, April 22, 2026
Homeតារាខ្មែរឆន សុវណ្ណរាជ ឡើងផ្ទះវីឡា

ឆន សុវណ្ណរាជ ឡើងផ្ទះវីឡា

ភ្នំពេញ ៖ លោក ឆន សុវណ្ណរាជ បានធ្វើពិធីឡើងគេហដ្ឋានថ្មីរបស់ខ្លួន កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ដែលមានតារារួមអាជីពមួយចំនួន ទៅចូលរួមសាទរលោករាជ មានទាំងបាច់ កន្រ្ដកផ្កា និងកាដូផ្សេងៗ ក្នុងនោះមានដូចជា ឱក សុគន្ធកញ្ញា និងក្រុមការងាររបស់ផលិតកម្មហង្សមាស មួយចំនួនផងដែរ ។ ផ្ទះវីឡាដ៏ប្រណិតរបស់លោកសុវណ្ណរាជ នោះមិនមានការបញ្ជាក់ពីតម្លៃពីសាមីខ្លួនផ្ទាល់ទេ តែតាមព័ត៌មានថា រាប់សែនដុល្លារ ព្រោះជាវីឡាទោល នៅកែងផ្លូវ និងរចនាម៉ូដពិសេស ខុសពីផ្ទះផ្សេងទៀត នៅបុរីជាមួយគ្នា ។

 លោក ឆន សុវណ្ណារាជ ថាគ្រាន់តែកាត់ខ្សែបូ ចូលផ្ទះថ្មីភ្លាម លោកមានអារម្មណ៍ថា ដូចមិនមែនផ្ទះខ្លួនឯង ព្រោះជាផ្ទះក្នុងក្ដីស្រមៃ ដែលមនុស្សម្នាក់ៗប្រាថ្នាចង់បាន ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ នៅក្នុងពិធីសែនព្រេនឡើងផ្ទះថ្មី សុំសេចក្ដីសុខសប្បាយនោះ ដោយសាតែលោកសុវណ្ណរាជ គ្មានប្រពន្ធកូន ទើបភ្ញៀវឡើងកួចសែនចងដៃតែលោកម្នាក់ប៉ុណ្ណោះ ក្នុងសម្លៀកបំពាក់លោករាជ ពាក់អាវស ខោខ្មៅ រុំដោយក្រមាក្រហម នៅស្មា ព័ទ្ធក្រោមក្លៀកស្ដាំដៃទាំងពីរ ប្រណម្យសំពះភ្ញៀវ ។

 អ្នកលេងបណ្ដាញសង្គម លើកឡើងថា លោក ឆន សុវណ្ណរាជ ពិតជាមិនធម្មតាមែន ស្ងាត់ៗទិញឡានថ្មី ស្ងាត់ៗឡើងផ្ទះថ្មី ប៉ុន្ដែរឿងប្រពន្ធកូន បែរជាស្ងាត់ដូចចោរលួចសេះទៅវិញ ហើយបើនៅតែបែបនេះទៀត ទោះជាទិញផ្ទះវីឡា បាន១០ ក៏នៅតែរងា ដេកម្នាក់ឯងរហូតដដែល ។

គួរបញ្ជាក់ថា លោក ឆន សុវណ្ណរាជ អាយុ៤១ឆ្នាំ ស្មើនឹងលោក ខេមរៈ សិរីមន្ដ ដែរតែពេលនេះ លោកសិរីមន្ត មានប្រពន្ធ កូន៣នាក់ទៅហើយ តែលោករាជ បែរជាអត់គិតរឿងយកប្រពន្ធកូន។ ប្រភពថា លោកសុវណ្ណរាជ ត្រូវប៉ាន់ Concerts ធំៗ នៅរដូវក្ដៅនេះ ទើបបានជាហ៊ានទិញផ្ទះ តម្លៃសែនដុល្លារ អំឡុងពេលដែលសេដ្ឋកិច្ច កំពុងតែធ្លាក់ ហើយតារាខ្លះ ឈ្លោះគ្នាផ្អើលពេញបណ្ដាញសង្គម ដោយសារតែខ្ចីលុយគេ សងមិនទាន់ពេល ត្រូវម្ចាស់បំណុលតាមទារ ។ ប៉ុន្ដែលោកសុវណ្ណរាជ បែរជាមានរាសីឡើង លុយកាន់តែហូរចូលដូចទឹក ទិញផ្ទះក្នុងក្ដីស្រមៃបាន ដោយគ្រាន់តែរៀបចំបន្ទប់ដាក់សម្លៀកបំពាក់ មិនចាញ់បន្ទប់ខោអាវរបស់តារាហូលីវូដ ឡើយ ។

 ឆន សុវណ្ណរាជ ច្រៀងឲ្យហង្សមាស ពរយៈពេល ១៩ឆ្នាំ (២០០៧-២០២៦) ដែលពេលនេះ គ្មានដំណឹងថា លោកគ្រោងដើរចេញពីទ្រនំនេះឡើយ បើទោះជាតារាធ្លាប់រួមអាជីព បានហើរចេញទៅរកទ្រនំថ្មីរៀងៗខ្លួន សឹងតែអស់ទៅហើយក្ដី ។ អ្វីដែលគួរឲ្យកត់សម្គាល់ អតីតតារា U2 រូបនេះ នៅតែត្រូវបានថៅកែហង្សមាស ទុកចិត្ត តាមរយៈការផ្ដល់តំណែងសំខាន់ៗជាគណៈកម្មការនិងគ្រូបង្វឹក នៅកម្មវិធីប្រលងចម្រៀងធំៗរបស់ផលិតកម្មនេះដដែល បើទោះជាលោកមិនសូវមានបទល្បីដូចមុន និងច្រើនតែច្រៀង Cover បទតារាស្រីនៅហង្សមាសក្ដី ។ ប្រភពខ្លះថា លោកសុវណ្ណរាជ នឹងច្រៀងទាល់តែដាំខ្ទឹម នៅហង្សមាស ពោលគឺថៅកែផ្ដល់សិទ្ធិពិសេស ឲ្យច្រៀងទាល់តែលោកលែងចង់ ទើបចាកចេញបាន ។ ប៉ុន្ដែ Fan បុរសរោមទ្រូងច្រើនរូបនេះ លើកឡើងថា លោករាជ  បើនៅតែគ្មានបទល្បីៗដូចមុនទៀតនោះ ធ្វើឲ្យទីផ្សារចម្រៀងលោក ពិបាកប្រកួតប្រជែងដូចមុន ព្រោះលោកព្រាប សុវត្ថិ, ខេមរៈ សិរីមន្ដ និងថែល ថៃ ជាដើម សុទ្ធតែចេញពីហង្សមាស ភ្លាម ត្រូវថៅកែថ្មី រៀបចំឲ្យចេញបទថ្មីៗភ្លែតតែម្ដង ។          

សូមបញ្ជាក់ថា ក្រៅពីលោក ឆន សុវណ្ណរាជ តារាដែលមិនព្រមយកប្រពន្ធ នៅឆ្នាំ២០២៦ មានដូចជា លោកទេព រិនដារ៉ូ, ណុប បាយ៉ារិទ្ធ, អែន ឌី និងនីកូ ជាដើម ។ សម្រាប់លោករាជ កាលពីឆ្នាំ២០១០ លោកធ្លាប់អះអាងថា មានមិត្តស្រី ជានិស្សិតនៅអាមេរិក ឈ្មោះអរិយ៉ា ប៉ុន្ដែជិត ១៦ឆ្នាំមកនេះ ស្ងាត់រឿងចំណងស្នេហា ឆ្លងទ្វីបរបស់តារាហង្សមាស រូបនេះសូន្យឈឹងតែម្ដង ។ មហាជនលើកឡើងថា ប្រសិនបើលោករាជ នៅតែពន្យារពេលរៀបការប្រពន្ធបែបនេះទៀត នោះដំណឹងថា លោកមានប្រុសតាមស្នេហាច្រើនជាងស្រី មិនអាចបន្សាបបានឡើយ ៕

RELATED ARTICLES